(ភ្នំពេញ)៖ ក្រសួងអប់រំយុវជន និងកីឡា បានសហការជាមួយរដ្ឋសភា ដើម្បីរៀបចំសិក្ខាសាលាស្តីពី «ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខណ្ឌសកល និងកម្ពុជា» ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ នៅវិមានរដ្ឋសភា។ នេះបើយោងតាមសេចក្តីជូនដំណឹងដែល Fresh News ទទួលបាន។

យោងតាមសេចក្តីជូនដំណឹងនេះ បានគូសបញ្ជាក់ថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្រសួងអប់រំ យុវជន និងកីឡាសហការជាមួយគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា (គណៈកម្មការទី៧) នឹងរៀបចំសិក្ខាសាលាស្តីពី «ការវិវត្តវិស័យអប់រំក្នុងបរិបទឌីជីថលក្នុងក្របខណ្ឌសកល និងកម្ពុជា។

សិក្ខាសាលានេះជាវេទិកាពិគ្រោះយោបល់មួយដ៏សំខាន់ ក្នុងការទទួលបានធាតុចូលបន្ថែមចែករំលែកបទពិសោធន៍ ចំណេះដឹង ទស្សនាទានចំពោះការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា នឹងចក្ខុវិស័យទៅអនាគត ក្នុងការត្រៀមខ្លួនរបស់កម្ពុជាឆ្លើយតបទៅនឹងរបត់ថ្មីនៃយុគសម័យឌីជីថល និងបដិវត្តឧស្សាហកម្មជំនាន់ទី៤ ក្នុងក្របខណ្ឌនៃសង្គមពុទ្ធិ។

សិក្ខាសាលានេះនឹងផ្តោតលើប្រធានបទសំខាន់ៗដូចជា ៖ ទី១៖ គោលនយោបាយធនធានមនុស្សក្នុងវិស័យអប់រំ, ទី២៖ កាលានុវត្តភាព និងបញ្ហាប្រឈមនៃការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ក្នុងដំណើរឆ្ពោះទៅកាន់យុគសម័យឌីជីថល, ទី៣៖ ការអនុវត្តការគ្រប់គ្រងតាមសាលារៀន និងកំណែទម្រង់វិទ្យាស្ថានគរុកោសល្យ និងគ្រឹះស្ថានបណ្តុះបណ្តាលគ្រូ និងទី៤៖ ទិសដៅឆ្ពោះទៅការអប់រំបែបឌីជីថល៕