(កំពង់ស្ពឺ)៖ លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ចុះជួយស្រុកបរសេដ្ឋ បានថ្លែងបញ្ជាក់ថា ដរាបណាគណបក្សប្រជាជនកម្ពុជានៅតែបន្តឈ្នះ និងបន្តដឹកនាំ គឺជាតម្រូវការក្នុងការធានាសន្តិភាព និងការអភិវឌ្ឍនៅក្នុងប្រទេសកម្ពុជា ខណៈដែលប្រទេសមួយនេះ តែងជួបប្រទះនូវភ្លើងសង្គ្រាមញាំញី ឥតឈប់ឈរពីមួយជំនាន់ទៅមួយជំនាន់។

ការថ្លែងបែបនេះ របស់លោកទេសរដ្ឋមន្រ្តី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ និងប្រធានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ជាតិ ចុះជួយស្រុកបរសេដ្ឋ ក្នុងឱកាសដែលលោក អញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល ជាមួយក្រុមប្រឹក្សាឃុំទាំង១៥នៃស្រុកបរសេដ្ឋ នៅស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកបរសេដ្ឋ ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាខេត្ត ស្រុក អាណត្តិទី៣ នៅព្រឹកថ្ងៃសៅរ៍ ១រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៩ នេះ។ ក្នុងពិធីនេះក៏មានការចូលរួមពី លោក ប៊ិន សារ៉េត ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា និងជាអនុប្រធានទី១ក្រុមការងារចុះជួយស្រុកបរសេដ្ឋ, លោក គង់ រដ្ឋា អនុប្រធានប្រចាំការអាជ្ញាធរជាតិ ប្រយុទ្ធនឹងជំងឺអេដស៍ អស់លោកជាប្រធាន អនុប្រធាន សមាជិកក្រុមការងារចុះជួយឃុំ និងអស់លោក លោកស្រីជា សមាសភាពក្រុមប្រឹក្សាឃុំទាំង១៥ នៃស្រុកបរសេដ្ឋចំនួន៩៦នាក់ផងដែរ។

ថ្លែងទៅកាន់ក្រុមប្រឹក្សាឃុំទាំង១៥ ចំនួន ៩៦នាក់ ដែលជាអង្គបោះឆ្នោតជ្រើសរើសសមាជិក ក្រុមប្រឹក្សាខេត្តស្រុក លោកទេសរដ្ឋមន្ត្រីបានថ្លែងថា យើងត្រូវការឲ្យគណបក្សប្រជាជនកម្ពុជាបន្តឈ្នះ និងបន្តដឹកនាំ ព្រោះជាតម្រូវការក្នុងការធានាសន្តិភាព និងការអភិវឌ្ឍ។ តាមប្រវត្តិសាស្ត្រជាង៥០០ឆ្នាំកន្លងមក យើងមានសង្រ្គាមអត់ឈប់ទេ។ សម័យសង្គមរាស្ត្រ និយមមានសន្តិភាពបាន១៥ឆ្នាំ។ បន្ទាប់មក លន់ នល់ ផ្តួលរំលំសង្គមរាស្រ្តនិយមឡើងកាន់អំណាចបាន៥ឆ្នាំ ហើយប៉ុល ពតផ្តួលរំលំបន្តទៀត និងកាន់អំណាចបានតែ៣ឆ្នាំ៨ខែ២០ថ្ងៃ។

យើងសព្វថ្ងៃមានសន្តិភាពជាង២០ឆ្នាំហើយ បើគិតតែត្រឹមឆ្នាំ ១៩៩៨មក។ ប្រជាជនអាចធ្វើដំណើរបានគ្រប់ទីកន្លែងដោយសេរី ដោយសារមានសុខសន្តិភាពបរិបូរណ៌។ សន្តិភាព គឺជាមូលដ្ឋាននៃការអភិវឌ្ឍ។ បើគ្មានគណបក្សប្រជាជន គឺគ្មានសន្តិភាពនិងការអភិវឌ្ឍ ដូចសព្វ្ឍថ្ងៃនេះឡើយ។ ខេត្តកំពង់ស្ពឺយើងក៏មានវិនិយោគិនចិន ចង់មកបោះទុនរាប់ពាន់លានដុល្លារដែរ។ នោះក៏ដោយសារយើងមានសន្តិភាព ទើបគេចង់បោះទុនវិនិយោគបន្តទៀត។ ខេត្តកំពង់ស្ពឺនៅមានសក្តានុពល។ យើងត្រូវពង្រឹងតួនាទីសន្តិភាព។ ដោយសារសន្តិភាពទើបយើងអាចឈានទៅជាប្រទេស ដែលមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ ២០៣០។

បើនិយាយពីការអភិវឌ្ឍ យើងត្រូវគិតថា យើងចេញពីចំណុចសូន្យនៅឆ្នាំ១៩៧៩ គឺយើងក្រទាំងអស់គ្នា គ្មានអ្នកមានទេ។ អ្នកខ្លះថាយើងជំពាក់ បំណុលគេតតាមពិត ប្រទេសកាន់តែរីកចម្រើន ក៏អាចមានបំណុល ឬជំពាក់គេដែរ បើតាមបទពិសោធន៍ពីប្រទេសជឿនលឿនក្នុងពិភពលោក។ យើងត្រូវរក្សាឲ្យបានសន្តិភាព ដើម្បីឈានទៅបន្តការអភិវឌ្ឍ។ គណបក្សប្រជាជនកម្ពុជា នៅជាមួយប្រជាជនទាំងពេលមានទុក្ខលំបាក និងក្នុងពេលសុខសប្បាយ។ យើងបានរៀបចំចូលឆ្នាំថ្មីដោយរីករាយកន្លងទៅថ្មីៗនេះ។ គណបក្សប្រជាជនបន្តកាន់អំណាច ជាការបន្តរក្សាសន្តិសុខសណ្តាប់ធ្នាប់ និងការអភិវឌ្ឍ។

ឥឡូវ សម រង្ស៊ី មកដល់កូរ៉េ កំពុងរៃអង្គាសលុយហើយប្រកាសថា នឹងបន្តមកស្រុកខ្មែរ។ បើមកមែន គឺមានតែយើងទទួលយកទៅដាក់ព្រៃស។ ពួកប្រឆាំងធ្វើនយោបាយបំបែកបំបាក់ លាបពណ៌ និងវាយតម្លៃខុសថាគ្មានប្រជាជនគាំទ្រ។ កម្ពុជាយើងសព្វថ្ងៃបើមានទំនាស់គ្នាគឺត្រូវមើលថា តើបានគោរពរដ្ឋធម្មនុញ្ញហើយឬនៅ? សិទ្ធិមនុស្សបានគោរពហើយឬនៅ? សព្វថ្ងៃមិនមានការបិទសិទ្ធិមនុស្សទេ គឺមានតែការអនុវត្តច្បាប់លើអ្នករំលោភច្បាប់។ សម្តេចតេជោបានសាកល្បងធ្វើអំពើល្អ ជាមួយយបក្សប្រឆាំងគ្រប់បែបអស់ហើយ តែពួកគេគ្មានគំនិតកសាងសាមគ្គីជាតិ និង ពង្រឹងឯកភាពទេពួកគេ មានតែគំនឹតផ្តួលរំលំរបបយើងតែប៉ុណ្ណោះ។

លោកទេសរដ្ឋមន្ត្រីបានបន្តថា ពួកប្រឆាំងគេសង្ឃឹមលើ EBA ។ ប៉ុន្តែសង្ឃឹមខុស ព្រោះពេលដក EBA មិនមែនគេបិទផ្សារឯណា។ ហើយក៏មិនទាន់មានការផ្អាក លែងយកទំនិញពីខ្មែរនោះទេ។ រាជរដ្ឋាភិបាលបានរកវិធីដោះស្រាយ ប៉ះប៉ូវសម្រួលដល់ការវិនិយោគ នៅស្រុកខ្មែរយើងហើយ។ ជាចំណុចល្អ គឺថាយើងនឹងលែងពឹងផ្អែកលើការអនុគ្រោះ។ សព្វថ្ងៃគ្មានកម្លាំងសម្ពាធណាមកបង្ខំឲ្យរាជរដ្ឋាភិបាល ធ្វើតាមការគាបសង្កត់ទេ។

នៅទីបញ្ចប់ លោកទេសរដ្ឋមន្ត្រីបានប្រសិទ្ធពរ ជូនសមាជិកពិធីនូវពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ និងផ្តាំដល់ក្រុមប្រឹក្សាឃុំទាំងអស់ថា យើងបន្តបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តឈ្នះ ហើយយើងរក្សាបានសន្តិភាព មានការអភិវឌ្ឍ និងកាន់តែរីកចម្រើន។ គណបក្សប្រជាជនកម្ពុជាយើង មានភារកិច្ចយូរអង្វែងក្នុងការស្តារប្រទេសជាតិ៕