(ភ្នំពេញ)៖ កិច្ចប្រជុំនៃវេទិការខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី២ គឺពិតជាមាន សារៈសំខាប់សម្រាប់ប្រទេសកម្ពុជា ក្នុងការពង្រីកទំនាក់ទំនង ជាមួយមហាយក្សចិន និងប្រទេសជាដៃគូដទៃទៀតដែល ចូលរួមក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចនេះ។ នេះបើតាមអ្នកជំនាញខ្មែរម្នាក់ ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃអាទិត្យ ទី២១ ខែមេសា ឆ្នាំ២០១៩។

កិច្ចប្រជុំនៃវេទិការខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី២ នឹងត្រូវប្រព្រឹត្តទៅពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសាខាងមុខនេះ ក្នុងទីក្រុងប៉េកាំង ប្រទេសចិន។ ចំណែកឯនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ក៏នឹងចូលរួមជាមួយមេដឹកនាំបរទេសនានាក្នុងកិច្ចប្រជុំនេះដែរ។ ដោយឡែកថ្លែងនៅក្នុងបទសម្ភាសន៍ ជាមួយស៊ីនហួរ នៅក្នុងសប្ដាហ៍នេះ លោក នាក់ ចិន្តារិទ្ធិ ប្រធានមជ្ឈមណ្ឌលកម្ពុជា សំរាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ (Cambodia 21st Century Maritime Silk Road Research Center) បានបង្ហាញពីគំនិតសុទិដ្ឋិនិយមលើកិច្ចប្រជុំដែល នឹងត្រួតពិនិត្យឡើងវិញពីភាពរីកចំរើនដែលកើតឡើងតាំងតែពីកិច្ចប្រជុំលើកទី១ កាលពីខែឧសភា ឆ្នាំ២០១៧ ព្រមទាំងនឹងដាក់គោលដៅអនុវត្តន៍នៅជំហានបន្ទាប់។

លោកបានគូសបញ្ជាក់ដូច្នេះថា៖ «កិច្ចប្រជុំលើកទី២នេះនឹងផ្ដល់ឱកាសដ៏ល្អសម្រាប់កម្ពុជា និងបណ្ដា ប្រទេសជាដៃគូទាំងអស់ចូលរួមក្នុងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវ ក្នុងការពង្រីកទំនាក់ទំនងរបស់ពួកគេ។ សម្រាប់កម្ពុជាវិញ វាក៏នឹងផ្ដល់ផងដែរនូវឱកាសពិភាក្សា និងផ្លាស់ប្ដូរយោបល់ជាមួយចិនថាតើត្រូវធ្វើយ៉ាងដូចម្ដេច ទើងបអាចពង្រីកកិច្ចសហប្រតិបត្តិការ ក៏ដូចជាទាញភ្ជាប់រវាងគំនិតផ្ដួចផ្ដើមសេដ្ឋកិច្ចខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រ ចតុកោណរបស់រដ្ឋាភិបាលកម្ពុជា»

គួរបញ្ជាក់ថា កិច្ចប្រជុំនៃវេទិការខ្សែក្រវាត់ និងផ្លូវសម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិលើកទី១ បានផ្ដល់ឱ្យកម្ពុជានូវគម្រោងអភិវឌ្ឍសំខាន់ជាច្រើន ក្នុងនោះរួមមានផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្តព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិថ្មីមួយនៅខេត្តសៀមរាបជាដើម៕