(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងប្រតិកម្មដោយ​ចាត់ទុក​ ចំពោះសារស្ថាន​ទូតអាមេរិក​ប្រចំាកម្ពុជា ដែលកាល​ពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៩ថ្មីៗនេះ ដោយចោទ​ប្រកាន់​មកលើទំនាក់ទំនង​ការទូតរវាង​កម្ពុជា និងចិន​គឺបាន​ផ្ដល់​តែ​លើ​ប្រយោជន៍​​ចិននោះ គឺជាសារដែលមាន​ចរិត​នយោបាយ​បំបែកបំបាក់​អាស៊ាន ដើម្បីកុំឲ្យ​ចិនប្រើ​តែប៉ុណ្ណោះ។ ពី​ព្រោះ​អាមេរិកខ្លាចចិន បូកអាស៊ាន ដោយមិនខុស​ពីអាមេរិក បូក​អ៊ឺរ៉ុប ដើម្បី​ត្រួតពិភពលោក​នោះទេ។

បានន័យថា បើនិយាយ​ពីបណ្ដា​ប្រទេស​អាស៊ាន​ទំាងអស់ គឺបានងាក​ទៅរកចិន ហើយបានប្រយោជន៍ទៅវិញទៅមក​ពីបណ្ដាប្រទេស​ទំាងនោះ។ ត្រង់ចំណុចនេះ​យើងសួរថា​ ចុះហេតុអ្វី ក៏អាមេរិក​មិនទៅប្រដៅ​បណ្ដាប្រទេស​អស់ទំាង​នោះផង?

លោក រត្ន័ សណ្ដាប់ បន្ដថាម្យ៉ាងទៀត បើនិយាយ​ពីសាវតារ​សារន​យោបាយ​ ស្ថានទូត​អាមេរិក​ដែល​ ចោទប្រកាន់​មកលើខ្មែរថា បម្រើតែ​ផលប្រយោជន៍​ចិននោះ គឺពុំមែន​ជារឿង​ថ្មីនោះទេ គឺអាមេរិក​ធ្លាប់ចោទ​ខ្មែរតំាង​ពីសម័យ​សង្គមរាស្រ្ដ​និយម​ដែលដឹកនំា​ដោយ សម្ដេចឪ​ព្រះបរមរតន​កោដ្ឋមកម៉េ្លះ។

ដោយ​កាលសម័យ​នោះ អាមេរិក​ បានចោទ​សម្ដេចឪព្រះ​បរមរតនកោដ្ឋ​នៃយើងថា ព្រះអង្គ គឺជាជនផ្ដាច់ការបាន ដឹកនំា​ប្រទេស​លម្អៀងទៅ​របបកុម្មុយនីស្ដ​ចិន បង្កឲ្យមាន​បញ្ហាពុក​រលួយ រំលោភ​សិទ្ធិមនុស្ស សព្វបែប​យ៉ាងគឺមិន​ខុសពីសារ​នយោបាយ​ស្ថានទូត​អាមេរិក ដែលចោទ​មកលើ​សម្ដេចតេជោ ហ៊ុន សែន សព្វថ្ងៃ​នេះទេ។

ដោយផ្ដើមចេញពី ការចោទប្រកាន់របស់​អាមេរិក​យ៉ាងដូច្នោះ​ហើយ ទើបមាន​ខ្មែរមួយក្រុម​ដែលដឹកនំា ដោយលន់ នល់ នឹងទ្រង់ស៊ីសុវត្ថិ សិរីមតៈធ្វើរដ្ឋប្រហារ​ទម្លាក់អង្គ​សម្ដេច​ឪនៃយើង នាឆ្នាំ​១៩៧០​នោះគឺ ដើរតាមមាគ៌ា​នយោបាយ​អាមេរិក​នេះឯង។ ហើយដែលលទ្ធផលចុងក្រោយ បានត្រឹមតែ​ប្រែក្លាយ​មាតុភូមិ​ដ៏ស្រស់​បវរនៃយើង ឲ្យធ្លាក់​ទៅក្នុង​ភ្លក់ភ្លើង​សង្រ្គាម​តែប៉ុណ្ណោះ ។

បានសេចក្ដីថា បើនិយាយពីខ្មែរ​យើងនាឆ្នាំ១៩៧០ គឺធា្លប់បានអនុវត្ដគំាពារ នយោបាយអាមេរិកនិយម​ ១០០ភាគរយ ហើយ​ដែល​អាមេរិក​គ្មានជួយ​អ្វី​ដល់ខ្មែរ ក្រៅពីការ​ទម្លាក់​គ្រាប់បែក​ ធ្វើឲ្យខ្មែរ​ត្រូវទទួលរងទុក្ខវេទនា សព្វបែបយ៉ាងនោះទេ។ បើហេតុនេះសូមបងប្អូនខ្មែរ ត្រូវចងចំាអំពីរឿងរ៉ាវ​ប្រវត្ដិសាស្រ្ដ​ទំាងនេះ ហើយ​អាមេរិក​ខ្លួនឯង​ក៏ត្រូវចងចំាអំពី កំហុស​របស់​ខ្លួន​មកលើ ប្រជាជន​កម្ពុជាផង​ដែរ។

បើដូច្នេះនេះចំពោះ សារនយោបាយស្ថាន​ទូតអាមេរិក ដែលចោទ​ខ្មែរថា​ងាកទៅរកចិន ហើយ​បម្រើផលប្រយោជន៍​ចិនយ៉ាងច្រើននោះ ស្ថិតត្រង់​ចំណុចនេះ លោក រត្ន័ សណ្ដាប់ បញ្ជាក់ជា​ថ្មីជាមួយ​នឹងសំណើច​ថា ចំពោះសារនយោបាយ​ស្ថានទូត​អាមេរិក​ទំាងនេះ គឺមិនខុស​ពីខ្មែរយើង​ដែលតែង​និយាយ​ រិះគន់​មនុស្ស​ខិលខូច​ខ្លះ ​ចូលចិត្ដ​យកត្រូវ​ខ្លួនឯង​ថា យកម្រាម​ដៃចង្អុល​ទម្លាក់​កំហុស​ទៅគេមួយ តែភ្លេច​ត្រូវទ្បង​មកខ្លួន​ឯងវិញ ​នូវកំហុស​រាប់មិ​នអស់​នោះទេ​។

បើហេតុនេះបើនិយាយពីអ្នក​ការ​ទូតគឺ ពុំអាចមក​បញ្ចេញ​យោបល់ ឬមក​ណែនំា ឬបង្គាប់​បញ្ជាមក​លើកម្ពុជា​ជាម្ចាស់​ផ្ទះ ដែលរដ្ឋអ​ធិបតេយ្យ​បានទេ។ ពីព្រោះ​កម្ពុជា​បច្ចុប្បន្ន គឺពុំមែន​ជារដ្ឋរណបរ​បស់អាមេរិក​ឬក៏ជា​រដ្ឋរណប​របស់បរទេស​ណាមួយ​ទ្បើយ៕