(តាកែវ)៖ មូលនិធិចំណតកង់ប្រទេសជប៉ុន បានផ្តល់ជំនួយ កង់៤០០គ្រឿង ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការកុកឺសៃ សំរាប់ចែកជូនដល់សិស្សានុសិស្សក្រីក្រ និងកុមារកំព្រា នៅស្រុកកោះអណ្តែត ខេត្តតាកែវ ឲ្យបានធ្វើដំណើរទៅសាលារៀន ងាយស្រួលជាងមុន។

នេះជាការលើកឡើងរបស់ លោក ហឿង សុផុន អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តំណាងលោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ធ្វើឡើងនៅក្នុងពិធីចែកកង់ជំនួយ របស់មូលនិធិចំណតកង់ប្រទេសជប៉ុន ដល់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងអង្គការកុកឺសៃ ជូនដល់សិស្សានុសិស្សចំនួន៤០០នាក់ នៅស្រុកកោះអណ្តែត ខេត្តតាកែវ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ។

ជាមួយគ្នានោះ លោក ហឿង សុផុន តំណាងឲ្យលោក វង សូត បានថ្លែងអំណរគុណ ដល់ថ្នាក់ដឹកនាំក្រសួង ប្រធានមន្ទីរ ព្រមទាំងមន្រ្តីរាជការនៃមន្ទីរ ស.អ.យ ខេត្តតាកែវ អង្គការកុមារអាស៊ី អាជ្ញាធរខេត្តតាកែវ អាជ្ញាធរស្រុកកោះអណ្តែត ដែលបានសហការ រៀបចំកម្មវិធី ចែកកង់ ដែលជាអំណោយរបស់ មូលនិធិចំណតកង់ប្រទេសជប៉ុន នាពេលនេះ ដែលបានបង្ហាញឲ្យឃើញពីទឹកចិត្តសប្បុរសធម៌ របស់ប្រជាជនជប៉ុន ចំពោះប្រជាជនជារួម។

លោក ហឿង សុផុន បានបន្ថែមថា មូលនិធិចំណតកង់ប្រទេសជប៉ុន ជានិច្ចកាលបានខិតខំអំពាវនាវ និងកៀរគរ ជំនួយពីសប្បុរសជន នៃប្រទេសជប៉ុន ដើម្បីសម្រួលដល់ការលំបាក ខ្វះខាតរបស់កុមារកំព្រា និងសិស្សានុសិស្សក្រីក្រ សម្រាប់ជាមធ្យោបាយ ធ្វើដំណើរទៅសិស្សារៀនសូត្រ ដលើម្បីក្លាយជាសិស្សល្អ កូនល្អ មិត្តល្អ ពលរដ្ឋល្អ និងជាធនធានមនុស្សប្រកបដោយគុណភាព សមត្ថភាព ដល់សង្គមជាតិសម្រាប់ពេលអនាគត។ កន្លងមក ក្រសួងសង្គមកិច្ច បានយកចិត្តទុកដាក់ និងសហការជាមួយដៃគូពាក់ព័ន្ធនានា ធ្វើការងារយ៉ាងសកម្ម ពាក់ព័ន្ធនិងកិច្ចការពារកុមារ ផ្តល់ការចិញ្ចឹមបីបាច់ថែរក្សា ផ្តល់សេវាសុខភាព ការអប់រំរៀនសូត្រ ជាពិសេសការគិតគូរ ដោយផ្តោតទៅលើសិទ្ធិ ទទួលបាននូវការអភិវឌ្ឍ របស់កុមារ។

ជាមួយគ្នានោះ លោក សាណុ ប្រធានអង្គការកុកឺសៃ បានបង្ហាញពីឆន្ទៈថា ក្រោយទទួលបានកង់នាពេលនេះ អង្គការនឹងបន្តជួយដល់កុមារកំព្រា និងសិស្សានុសិស្សក្រីក្រ កំព្រា ដែលខ្វះមធ្យោបាយ ធ្វើដំណើរ ទៅរៀនសូត្រ។ជាក់ស្តែងដូចថ្ងៃនេះ កង់ចំនួន៤០០គ្រឿង ត្រូវបានផ្តល់ជូនទៅដល់ កុមារកំព្រា និងសិស្សានុសិស្សផងដែរ។ ជាមួយនឹងការខិតខំប្រឹងប្រែង លោក សាណុ ប្រធានអង្គការកុកឺសៃ បានជួយចិញ្ចឹម ដល់កុមារដែលកំពុងតែរស់នៅក្នុងមណ្ឌលកុមារអាស៊ី និងសិស្សានុសិស្សក្រីក្រ នៅសាលាកំព្រហ្មសាណុ ខេត្តសៀមរាប តាំងពីខែកក្កដា ឆ្នាំ១៩៩៩ រហូតមកដល់ពេលបច្ចុប្បន្ននេះ រួមនឹងជំនួយផ្សេងៗទៀតនៅពេលដែលលោកធ្វើដំណើរមកកម្ពុជាម្តងៗ។

គួរបញ្ជាក់ថា តាមរយៈកិច្ចសហការនេះ បានធ្វើឲ្យកុមារកម្ពុជា ដែលរងគ្រោះ និងងាយរងគ្រោះ ជាច្រើនមានសិទ្ធិសេរីភាព ទទួលបានការពារ និងទទួលបានឱកាសស្មើគ្នា ក្នុងការរស់នៅ រៀនសូត្រ និងការអភិវឌ្ឍខ្លួនឲ្យក្លាយជាកុមារ ដែលមានអនាគតល្អ ដូចកុមារដទៃទៀត៕