(កម្ពុជា-ថៃ)៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូឆា បានអញ្ជើញជាអធិបតីក្នុងកម្មវិធី៣ផ្សេងគ្នានៅលើទឹកដីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងនៅក្នុងទឹកដីប្រទេសថៃ។

កម្មវិធីទាំង៣នោះរួមមាន៖ ១. ការចាក់បេតុងតភ្ជាប់មុខតំណស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន), ២. បើកការដ្ឋានសាងសង់អគារច្រកទ្វារព្រំដែន អន្តរជាតិស្ទឹងបត់ និងផ្លូវតភ្ជាប់ទៅផ្លូវជាតិលេខ៥ និងទី៣. ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការ ដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)។

ខាងក្រោមជាប្រសាសន៍សំខាន់ៗក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នា លើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)

* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមសុន្ទរកថានៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង (DMU)

* សម្ដេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណរដ្ឋមន្ដ្រីដឹកជញ្ជូនថៃ និងសហការី ដែលបានជួយជំរុញកិច្ចព្រមព្រៀង រហូតមានការចុះហត្ថលេខានៅថ្ងៃនេះ

* សម្ដេចតេជោ ហ៊ុន សែន សង្ឃឹមថាកិច្ចសហប្រតិបត្តិការនេះ នឹងបន្ដជោគជ័យនៅពេលក្រោយៗទៀត

* ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ការតភ្ជាប់ផ្លូវដេកឡើងវិញនេះ ជាកាលានុវត្តភាពក្នុងឱកាសអភិវឌ្ឍន៍ប្រទេសទាំងពីរ កម្ពុជា-ថៃ

* សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់ថា កម្ពុជាមានចក្ខុវិស័យ និងផែនការច្បាស់លាស់ ក្នុងការអភិវឌ្ឍ និងស្ដារឡើងវិញនូវផ្លូវដេក

* សម្ដេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទករថា នៅវេលាម៉ោង១០៖៥៦នាទី។

ក្រោយពីនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា និងថៃ បានថ្លែងសុន្ទរកថាចប់ ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងប្រតិបត្តិការរួមគ្នាលើការដឹកជញ្ជូនផ្លូវដែកឆ្លងកាត់ព្រំដែន និងពិធីប្រគល់-ទទួលក្បាលរថភ្លើង បានចាប់ផ្តើម បន្ទាប់មកនាយករដ្ឋមន្រ្តីទាំងពីរ និងគណៈប្រតិភូ រួមគ្នាធ្វើដំណើររួមគ្នាតាមរថភ្លើងចេញពីស្ថានីយបានក្លងលឹករបស់ថៃ ឆ្ពោះមកកាន់ស្ថានីយរថភ្លើង របស់កម្ពុជានៅក្នុងក្រុងប៉ោយប៉ែត។ ក្រោយបញ្ចប់កម្មវិធីនេះទៅសម្តេចតេជោ និងលោក ប្រាយុទ្ធ អញ្ជើញពិសារអាហារពេលថ្ងៃរួមគ្នាផងដែរ៕