(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឹ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បានឱ្យមន្ទីរសុខាភិបាលខេត្តចុះពិនិត្យបន្ទាន់ ដើម្បីជួយពិនិត្យ និងព្យាបាលបន្តទៀតរួមទាំងឧបត្ថម្ភ ការខ្វះខាត មួយចំណែកបន្ទាន់ដល់ក្រុមគ្រួសារ ក្រុមគ្រូពេទ្យបន្តតាមដាន បញ្ហាជំងឺរបស់ក្មេងស្រី។

នៅក្នងឱកាសនោះដែរ លោកអភិបាលខេត្តកំពង់ស្ពឺ ក៏បានថ្លែងក្តីអាណិតអាសូរយ៉ាងខ្លាំងចំពោះក្មេងស្រីដែលមានជំងឺខាងនេះ ដោយលោកបានឱ្យក្រុមគ្រូពេទ្យបន្តតាមដានជំងឺក្មួយស្រី ដែលកើតជម្ងឺមហារីកធ្ងន់ធ្ងរសព្វថ្ងៃរស់នៅភូមិ ទ្រពាំងក្រឡឹង ឃុំគីរីវ័ន្ដ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ឱ្យអស់លទ្ធភាពបើទោះបី ក្រុមវេជ្ជបណ្ឌិតជាច្រើន មិនអាចព្យាបាលជាសះស្បើយក៏ដោយ។

លោក វ៉ី សំណាង បានបញ្ជាក់ថា កន្លងមកក្រុមគ្រូពេទ្យបានយកចិត្តទុកដាក់បញ្ជូនក្មួយស្រីទៅមន្ទីរពេទ្យធំៗមកហើយ តែក្រុមគ្រូពេទ្យពុំមានលទ្ធភាព ក្នុងការព្យាបាលទេ ដោយសារតែជំងឺមានសភាពធ្ងន់ធ្ងរពេក ទោះជាបែបនេះក្តីក្រុមគ្រូពេទ្យ និងក្រុមសាខាកាកបាទក្រហមខេត្តនៅបន្តយកចិត្តទុកដាក់តាមដានពិនិត្យជូនក្មួយស្រីជាប្រចាំផងដែរ៕