(កំពង់ចាម)៖ អភិបាលខេត្តកំពង់ចាម លោក គួច ចំរើន បានថ្លែងជំរុញឱ្យមន្ត្រីទាំងអស់ត្រូវខិតខំធ្វើការដោយយកចិត្តទុកដាក់ ត្រូវធ្វើដោយយកចិត្តទុកដាក់អំពីប្រសិទ្ធផល ទាំងការធ្វើ និងការអនុវត្ត ដោយផ្អែកទៅលើផែនការដែលបានគ្រោងទុកជាមុន។

លោក គួច ចំរើន បានថ្លែងដូចនេះ នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំស្ដីពីការរៀបចំផែនការអភិវឌ្ឍខេត្ត និងប្រមូលតម្រូវការអាទិភាពរបស់មូលដ្ឋាន សម្រាប់កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២០-២០២២ នៅមន្ទីរផែនការខេត្តកំពង់ចាម។ កិច្ចប្រជុំនេះក៏មានការចូលរួម ពីសំណាក់ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងតំណាងអង្គការ សមាគមន៍ អភិបាល អភិបាលរងស្រុក នាយក នាយករងរដ្ឋបាល ស្រុក/ក្រុង ទាំង១០ និងមន្ត្រីពាក់ព័ន្ធសរុបប្រមាណ១៥០នាក់។

លោកអភិបាលខេត្តបានថ្លែងទៀតថា ដើម្បីជំរុញឲ្យខ្លឹមសារនៃការអនុវត្តបានស្របគ្នាលុះត្រាតែការចាប់ផ្ដើម នៃការប្រមូលទិន្នន័យត្រឹមត្រូវ ជាពិសេសមន្ទីរអង្គភាពនីមួយៗ ត្រូវប្រាកដថា ឆ្នាំនេះយើងគ្រោងនៅក្នុងផែនការបានប៉ុន្មាន និងប៉ុន្មានទៀតនៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ពោលគឺរាល់ការគ្រោងនោះ ត្រូវតែមានការកើនឡើងជានិច្ច បើធៀបទៅនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនោះ។

លោកបានបន្តទៀតថា ក្រៅពីនោះបណ្ដាមន្ទីរ អង្គភាព ក្រុង/ស្រុក នីមួយៗ ក៏ត្រូវយកចិត្តទុកដាក់ និងការគិតគូជាមុនផងដែរ អំពីផែនការអភិវឌ្ឍ ដែលត្រូវធ្វើដោយធ្វើការស្រង់ទិន្នន័យនានាឲ្យអស់ជាមុន ដើម្បីយើងត្រៀមទទួលកិច្ចអន្តរាគមន៍ ពីប្រភពផ្សេងៗខណៈដែលយើងមានទិន្នន័យជាក់លាក់ និងច្បាស់លាស់ហើយនោះ មានន័យថា យើងមានមហិច្ឆតាចង់ធ្វើប៉ុណ្ណេះ តែទំហំថវិការបស់យើង មានត្រឹមប៉ុណ្ណោះ អញ្ចឹងទេ បើយើងរកអង្គការដៃគូផ្សេងៗ បានមកជួយដំណើរការកសាងអភិវឌ្ឍទៀតនោះ គឺវាកាន់តែល្អប្រសើរទ្វេរឡើង ។

លោកបានបញ្ជាក់ទៀតថា ក្នុងនាមថ្នាក់ដឹកនាំខេត្ត និងជាប្រធានគណៈកម្មាធិការសម្របសម្រួលបច្ចេកទេស នៃរដ្ឋបាលខេត្តសង្ឃឹមថា ក្រុមការងារកសាងផែនការខេត្ត ត្រូវរៀបចំស្ថានភាពសេដ្ឋកិច្ច សង្គមកិច្ច តាមលក្ខណៈបច្ចេកទេស ភូមិសាស្ត្រក្នុងខេត្ត ឲ្យបានល្អប្រសើរ ព្រមទាំងអនុវត្តកិច្ចការនេះ ទៅតាមពេលវេលា នៃប្រតិទិនការងារ សម្រាប់កសាងកម្មវិធីវិនិយោគ បីឆ្នាំរំកិលរបស់រដ្ឋបាលខេត្ត ដែលបានកំណត់ប្រកបដោយប្រសិទ្ធភាពខ្ពស់។

លោក គួច ចំរើន បានថ្លែងកោតសរសើរចំពោះមន្ទីរអង្គភាព អង្គការសង្គមស៊ីវិល ក៏ដូចជាមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមដំណើរការ កសាងកម្មវិធីវិនិយោគបីឆ្នាំរំកិល(២០១៩-២០២១) របស់រដ្ឋបាលខេត្ត និងបានថ្លែងរំលឹក និងលើកទឹកចិត្ត ដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រមូលផ្ដុំសារជាថ្មីម្ដងទៀត ដើម្បីរួមគ្នាឲ្យទៅជាកម្លាំងសរុប សម្រាប់ការជំរុញរៀបចំផែនការអភិវឌ្ឍឲ្យសមស្រប និងឲ្យបានទាន់ពេលវេលា។

សូមបញ្ជាក់ថា កិច្ចប្រជុំខាងលើនេះ មានគោលបំណងដើម្បីរៀបចំឯកសារ និងព័ត៌មាននានា ពាក់ព័ន្ធទៅនឹងការកសាងផែនការអភិវឌ្ឍន៍ខេត្ត និងការផ្សព្វផ្សាយ អំពីការចាប់ផ្ដើមដំណើរការរៀបចំផែនការអភិវឌ្ឍខេត្ត ដល់អ្នកពាក់ព័ន្ធឲ្យបានយល់ដឹង និងបានចូលរួមក្នុងដំណើរការនៃការរៀបចំ និងការកសាងផែនការអភិវឌ្ឍ និងកម្មវិធីវិនិយោគរបស់ខេត្ត ដើម្បីធ្វើជាធាតុចូលនៃការរៀបចំផែនការយុទ្ធសាស្ត្រថវិកាខេត្ត គម្រោងថវិកាប្រចាំឆ្នាំ និងកម្មវិធីវិនិយោគរបស់ខេត្តផងដែរ៕