(ភ្នំពេញ)៖ នៅរសៀល ថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ សាលាដំបូងរាជធានីភ្នំពេញ បាន និងកំពុង បើកសវនាការជំនុំជម្រះ លើសំណុំរឿងទណ្ឌិត សម រង្ស៉ី មេចលនាឧទ្ទាម ពាក់ព័ន្ធនឹងករណីញុះញង់ឱ្យកងទ័ព កុំស្តាប់បញ្ជារាជរដ្ឋាភិបាលស្របច្បាប់។

លោក អ៉ី រិន ប្រធានអគារលេខាធិការដ្ឋាន នៃសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា ក្នុងសវនាការនេះមាន លោក រស់ ពិសិដ្ឋ ចៅក្រមជំនុំជម្រះ។ ចំណែក លោក សំ សុគង់ មេធាវីរបស់ លោក សម រង្ស៉ី ក៏បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងដែរថា លោកចូលរួមក្នុងសវនាការនេះ ក្នុងនាមជាមេធាវីជនជាប់ចោទ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ កងយោធពលខេមរភូមិន្ទ បានដាក់ពាក្យប្តឹងទណ្ឌិត សម រង្ស៊ី ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីញុះញង់កុំឲ្យយោធិនស្តាប់បង្គាប់រាជរដ្ឋាភិបាល ស្របច្បាប់ ធ្វើឲ្យខូចទឹកចិត្តកងទ័ព និងប្រមាថថ្នាក់ដឹកនាំកងយោធពលខេមរភូមិន្ទ។ ក្នុងពាក្យបណ្តឹងបានបញ្ជាក់ថា ការអំពាវនាវរបស់លោក សម រង្ស៉ី ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខនៃរដ្ឋ ដែលជាបទល្មើសចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជាកំពុងអនុវត្ត។

ការដាក់ពាក្យប្តឹងនេះ ធ្វើឡើងបន្ទាប់ពីលោក សម រង្ស៉ី អតីតប្រធានគណបក្សសង្រ្គោះជាតិ អំពាវនាវឲ្យកងទ័ពបង្វែកាណុងមកលើរាជរដ្ឋាភិបាល ហើយបង្គាប់ឲ្យកងទ័ពឈប់គាំទ្រសម្តេចតេជោ ហ៊ុន សែន នៅលើទំព័រ Facebook របស់លោកកាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៧ កន្លងទៅនេះ៕