(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យបញ្ឈរជើងអធិការរងនគរបាលខណ្ឌដង្កោម្នាក់ និងមន្ដ្រីនគរបាលចំនួន ២រូបផ្សេងទៀត នៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ពាក់ព័ន្ធបណ្ដឹងរបស់មន្ដ្រី ACU។
មន្ដ្រីនគរបាលជានខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់អង្គភាព Fresh News ឲ្យដឹងនៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះថា បន្ទាប់ពីសិក្សា និងស្រាវជ្រាវចប់សព្វគ្រប់ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានសម្រេចដាក់ពិន័យ អធិការរងខណ្ឌដង្កោម្នាក់, នាយប៉ុស្ដិ៍ម្នាក់ និងមន្ដ្រីនគរបាលចរាចរណ៍ម្នាក់ ដែលល្មើសវិន័យរបស់កងកម្លាំងដោយដាក់បញ្ឈរជើងនៅការិយាល័យបុគ្គលិក។
គួរជម្រាបថា មន្ត្រីកិច្ចសន្យានៃអង្គភាពប្រឆាំងអំពើពុករលួយម្នាក់ បានដាក់ពាក្យប្តឹងទៅកាន់ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ផ្កាយ៣ ស ថេត ដោយចោទប្រកាន់ទៅលើ មន្រ្តីនគរបាលខណ្ឌដង្កោមួយក្រុម ដឹកនាំដោយអធិការរងម្នាក់ ថា បានតាមប្រើហិង្សាព្រួតវាយយ៉ាងខ្លាំងលើរូបគាត់ ដោយសារតែការច្រឡំករណីគ្រោះថ្នាក់ចរាចរណ៍។
ប៉ុន្ដែយ៉ាងណាក៏ដោយ មន្ដ្រីនគរបាលជាន់ខ្ពស់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានអះអាងថា ករណីនេះត្រូវបានបែងចែកជា២ផ្សេងគ្នា ដោយមួយពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌ ដែលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានហៅនគរបាល៣រូប មកសួរនាំ និងកំពុងតែបើកការស៊ើបអង្កេត។
ដោយឡែក មួយករណីទៀត ពាក់ព័ន្ធនឹងបទល្មើសចរាចរណ៍ ដោយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក កំពុងតែស្រាវជ្រាវ ដោយសំអាងថា ក្នុងហេតុការណ៍នេះមន្ដ្រីជាប់កិច្ចសន្យារបស់ ACU បានបង្កគ្រោះថ្នាក់ចរាចរណ៍ និងមានជាតិអាកុល ហួសកម្រិតកំណត់ ដែលនាំឲ្យមានការទទួលខុសត្រូវតាមផ្លូវច្បាប់ផងដែរ ។
យោងតាមពាក្យបណ្តឹងរបស់លោក ឃឹម ខុម អាយុ៦៤ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រែករទាំង សង្កាត់ព្រែក កំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ជាមន្ត្រីកិច្ចសន្យានៃ អង្គភាពប្រឆាំងអំពើពុករលួយ បានឲ្យឹដឹងថា ករណីនេះបានកើតឡើងនៅវេលាម៉ោង៨ យប់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅវត្តព្រែកថ្លឹង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ។
នៅក្នុងពាក្យបណ្តឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៩ ជនរងគ្រោះបានចោទទៅលើមន្រ្តីនគរបាលចំនួន ៥នាក់ ក្នុងនោះអធិការរងម្នាក់មានឈ្មោះ នាក់ ណារ៉ូ និងមន្រ្តីនគរបាលប៉ុស្តិ៍ដង្កោ ៤រូបផ្សេងទៀត៕