(ភ្នំពេញ)៖ ​លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩នេះ បាននាំយកអំណោយកាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចែកជូនប្រជាពលរដ្ឋក្រីក្រ ចំនួន​៥០គ្រួសារ នៅសង្កាត់ដង្កោ។​

លោកអភិបាលខណ្ឌ បានបញ្ជាក់ថា អំណោយដែលត្រូវបានចែកជូនរួមមាន៖ ក្នុងមួយគ្រួសារទទួលបាន៖ អង្ករ​៣០គីឡូក្រាម, មី១កេស, ខ្ទះឆា១, វែកឆា១, គ្រឿងឧបភោគបរិភោគ​មួយកញ្ចប់ និងថវិកា៣ម៉ឺនរៀល។ ក្នុងនោះ ព្រះមុនីរង្សី សឿ ហេង ចៅអធិការវត្តធុតង្គចំការដូង ឧបត្ថម្ភបន្ថែមគ្រឿងឧបភោគបរិភោគ០១កញ្ចប់ ក្នុង០១គ្រួសារ។

ថ្លែងក្នុងឱកាសនោះ លោក នុត ពុធដារ៉ា ក៏បានផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងធ្វើការលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្តេចទាំងទ្វេរចំពោះ ប្រជាពលរដ្ឋទាំងអស់នៅមូលដ្ឋាន ជាពិសេសប្រជាពលរដ្ឋក្រីក្រ ចាស់ជរាជនងាយរងគ្រោះនានា។

លោកក៏​បានថ្លែងអំពីការផ្សាភ្ជាប់គ្នា មិនអាចកាត់ផ្តាច់បានរវាងវិស័យពុទ្ធចក្រ និងអាណាចក្រ ដែលជានិច្ចកាលតែងជួយបំពេញគ្នាទៅវិញទៅមក ហើយក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនក្រោមដំបូលសន្តិភាព ដែលទាំងវិស័យអាណាចក្រ និងពុទ្ធចក្របានរីកចម្រើនទន្ទឹមគ្នា និងមិនអាចខ្វះគ្នាបាន៕