(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង១៦៖០០នាទីរសៀល មានករណីលោតឌីស្យុងទ័រ ទ្វារចរន្តតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល ពីអនុស្ថានីយបន្ទាយមានជ័យ ទៅអនុស្ថានីយបាត់ដំបង។

អគ្គិសនីកម្ពុជា បានបន្ដទៀតថា មូលហេតុដោយសារ មានស័ង្កសីប៉ើងទាក់ជាប់ ជាមួយខ្សែបណ្ដាញតង់ស្យុងខ្ពស់ (HV) ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួនស្ថិតនៅ ទី១៖ ផ្នែកខ្លះក្នុងខេត្តបន្ទាយមានជ័យ, ទី២៖ ផ្នែកខ្លះក្នុងខេត្តបាត់ដំបង និងទី៣៖ ផ្នែកខ្លះក្នុងខេត្តសៀមរាប។

អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស បានធ្វើការយកស័ង្កសីចេញរួចរាល់ និងភ្ជាប់ចរន្តអគ្គិសនី ជូនអតិថិជនឲ្យមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅវេលាម៉ោង១៧៖៤៩នាទីល្ងាច។

ករណីដាច់ចរន្តអគ្គិសនីនេះ បណ្តាលឲ្យបាត់បង់អនុភាពសរុបចំនួន១០២.៦មេហ្កាវ៉ាត់៕