(សៀមរាប)៖ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នេះ បានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្ទីរពាណិជ្ជកម្មខេត្ត នឹងតំណាងម្ចាស់ផ្សារ បានបន្តចុះត្រួតពិនិត្យផលិតផលម្ហូបអាហារ ដែលដាក់តាំងលក់នៅក្នុងផ្សារចាស់ ដែលមានទីតាំងនៅភូម៌មណ្ឌល១ ឃុំស្វាយដង្គុំ ស្រុកសៀមរាប ខេត្តសៀមរាប លទ្ធផលរកពុំឃើញទំនិញខូចគុណភាព និងដាក់សារធាតុគីមីនោះទេ។

លោក ព្រៅ ខេមរិទ្ធ បានឱ្យដឹងថា ក្នុងប្រតិបត្តិការចុះផ្សារខាងលើ មន្រ្ដីយើងបានធ្វើតេស្ដបឋមដោយប្រើតេស្ដឃីត ដើម្បីរកសាធាតុគីមីហាមឃាត់ក្នុងម្ហូបអាហារចំនួន១៦មុខ រួមមាន៖ ប្រហិតគ្រឿង, មឹកពីងពាង(កោះកុង), បង្គារ (កោះកុង), មឹកបំពង់២គំរូ (កំពង់សោម), ត្រីប្រាសំយ៉ុង, ជ្រក់មម៉ាញ (២គំរូ), ស្ពៃជ្រក់, ជ្រក់ស្ពៃខៀវ, សណ្ដែកបណ្ដុះ, សរសៃគុយទាវកាត់, មីលឿង (២គំរូ), ងៀតក្របី, ត្រីងៀត ជាដើម។ ជាលទ្ធផល យើងទទួលបានល្អ ដោយគ្រប់ម្ហូបអាហារទាំងនោះពុំមានរកឃើញសារធាតុគីមីហាមឃាត់ណាមួយឡើយ។

នៅក្នុងឱកាសនោះដែរ ក្រុមការងារជំនាញ ក៏បានចែកជូនផ្ទាំងរូបភាព នឹងបានពន្យល់ពីផលប៉ះពាល់ដល់សុខភាពនៃការប្រើប្រាស់ ម្ហូបអាហារដែលមានសាធាតុគីមី។

មន្រ្ដីជំនាញកាំកុងត្រូលបានបន្តចុះឆែកមើលកាលបរិច្ឆេទទៅលើផលិតផលវេចខ្ចប់ កំប៉ុងកំពិត ច្រេសស៊ី និងណែនាំឱ្យអាជីវករគោរពតាមលក្ខណៈ ដែលច្បាប់តម្រូវនៅលើផលិតផលដែលវេចខ្ចប់ក្នុងស្រុក ផងដែរ៕