(ព្រះសីហនុ)៖ ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានបញ្ជាក់ប្រាប់ Fresh News ឲ្យដឹងថា កម្លាំងនគរបាលក្រោមឱវាទរបស់លោកបានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលបានប្រមាថធ្ងន់ៗតាមរយៈ Comment នៅលើ Facebook ទៅលើមន្ត្រីនគរបាល ដែលរងគ្រោះដោយការគប់ដុំថ្មពីសំណាក់ប្រជាពលរដ្ឋតវ៉ារឿងដីធ្លីនៅខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។

លោកស្នងការ ជួន ណារិន្ទ បានបន្តថា ជនសង្ស័យនោះមានឈ្មោះ ព្រំ បូរ៉ាន់ ដែលជននេះភេទប្រុសទេ តែបានប្រើគណនី Facebook ឈ្មោះ Prom Boran ដោយមានរូបភាពជាមនុស្សស្រី មក Comment ប្រមាថដោយពាក្យពេជន៍មិនសមរម្យសំដៅលើមន្ត្រីនគរបាលរងគ្រោះបែកក្បាល ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ។

ក្រោយការស្រាវជ្រាវយ៉ាងឆាប់រហ័សរួចមក ជនសង្ស័យក៏បានសារភាពពីទង្វើមិនគប្បីរបស់ទៅលើមន្ត្រីនគរបាល ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងសូមឲ្យមានការជួយសម្រាលទោសពីសំណាក់លោកស្នងការនគរបាលខេត្តព្រះសីហនុ។

ក្រោយធ្វើកិច្ចសន្យាបញ្ឈប់ការប្រមាថជាមួយមន្ត្រីនគរបាលខេត្តព្រះសីហនុរួចហើយ ជនសង្ស័យ ព្រំ បូរ៉ាន់ បានស្ម័គ្រចិត្តចេញមុខសុំទោសមន្ត្រីនគរបាលជាសាធារណៈ ដើម្បីកុំឲ្យក្លាយជាគំរូអាក្រក់ដល់អ្នកដទៃ៕