(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា (EDC) តាមរយៈ Facebook ផ្លូវការរបស់ខ្លួន នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩នេះ បានបញ្ជាក់ពីការខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ខ្លួន ក្នុងការរក្សានូវនិរន្តរភាព ផ្គត់ផ្គង់ចរន្តអគ្គិសនីចូលមន្ទីរពេទ្យទាំងអស់ ជាការងារអាទិភាពខ្ពស់ ទោះបីជាពុំមានប្រភពថាមពលអគ្គិសនីគ្រប់គ្រាន់យ៉ាងណាក៏ដោយ។
ដោយឡែកសម្រាប់ករណីដាច់ចរន្តអគ្គិសនីនៅមន្ទីរពេទ្យព្រះកុសមៈ កាលពីម៉ោង៩ព្រឹក ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩កន្លងទៅនេះ អគ្គិសនីកម្ពុជា បានចាត់ទុកករណីនេះ ជាឧបទ្ទវហេតុចៃដន្យមួយ បណ្តាលមកពីការផ្ទុះដាច់ខ្សែកាបបណ្តាញតង់ស្យុងធម្យមក្រោមដី ដែលបានធ្វើឲ្យមហាជនមួយចំនួន ដែលពុំបានដឹងពីបញ្ហានេះយល់ថា អគ្គិសនីកម្ពុជា កាត់ភ្លើងនៅក្នុងមន្ទីរពេទ្យទៅវិញ។
ជាមួយគ្នានេះ ដើម្បីបង្កើនប្រសិទ្ធភាព និងនិរន្តភាពក្នុងការផ្គត់ផ្គង់ថាមពល ជូនដល់មន្ទីរពេទ្យគន្ធបុប្ផារាជធានីភ្នំពេញនោះ អគ្គិសនីកម្ពុជាបានសម្រេចវិនិយោគ ជួយដល់មន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ អស់ទឹកប្រាក់ប្រមាណ ២២៩,៩១៦ដុល្លារអាមេរិក ដើម្បីសាងសង់បន្ទប់ភ្លើង និងបំពាក់បរិក្ខារអគ្គិសនីចាំបាច់ទាំងអស់ ដោយរួមទាំងម៉ាស៊ីនភ្លើងបម្រុងចំនួន០១គ្រឿង ហើយគម្រោងនេះអាចនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០១៩។
អគ្គិសនីកម្ពុជាបានសរសេរក្នុងយ៉ាងដូច្នេះថា «នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១៩ នៅវេលាម៉ោង០៩៖០០នាទីព្រឹក មានឧបទ្ទវហេតុផ្ទុះដាច់ខ្សែកាបបណ្តាញតង់ស្យុងមធ្យម (MV) ក្រោមដីចេញពីអនុស្ថានីយទី៣ (GS3- F14A) បណ្តាលឲ្យដាច់ចរន្តអគ្គិសនីចូលមន្ទីរពេទ្យព្រះកុសុមៈ បង្កជាការយល់ច្រឡំដល់មហាជនមួយចំនួន ដែលពុំបានដឹងច្បាស់អំពីការខូចខាតនេះ គិតថាអគ្គិសនីកម្ពុជាបានកាត់ភ្លើងមន្ទីរពេទ្យទៅវិញ។
ការរក្សានិរន្តរភាពនៃការផ្គត់ផ្គង់ចរន្តអគ្គិសនី ចូលមន្ទីពេទ្យទាំងអស់ គឺជាកិច្ចការអាទិភាព ដែលអគ្គិសនីកម្ពុជាបានដាក់ចេញនូវការណែនាំច្បាស់លាស់បំផុត ក្នុងប្រតិបត្តិការងារចែកចាយថាមពល ទោះបីជាក្នុងពេលវេលា ដែលពុំមានប្រភពថាមពលផ្គត់ផ្គង់គ្រប់គ្រាន់ក៏ដោយ។
ក្នុងស្មារតីចូលរួមចំណែកបង្កើនប្រសិទ្ធភាព និងនិរន្តភាពក្នុងការផ្គត់ផ្គង់ថាមពល អគ្គិសនីកម្ពុជាបានសម្រេចជួយវិនិយោគជួយដល់មន្ទីពេទ្យគន្ធបុប្ផារាជធានីភ្នំពេញ អស់ទឹកប្រាក់ប្រមាណ ២២៩,៩១៦ដុល្លារអាមេរិក ដើម្បីសាងសង់បន្ទប់ភ្លើង និងបំពាក់បរិក្ខារអគ្គិសនីចាំបាច់ទាំងអស់ ដោយរួមទាំងម៉ាស៊ីនភ្លើងបម្រុងចំនួន ០១គ្រឿង គម្រោងនេះអាចនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០១៩។
ក្នុងមនោសញ្ចេតនាចែករំលែក ថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងនិយោជិតរបស់អគ្គិសនីកម្ពុជា តែងតែចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនប្រចាំខែ ដើម្បីចូលរួមចំណែកបំពេញបន្ថែមការចំណាយ ជួយព្យាបាលកុមារកម្ពុជា»៕