(ភ្នំពេញ)៖ យោងតាមរបាយការណ៍ផ្លូវការ របស់ក្រសួងពាណិជ្ជកម្មដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ បានបញ្ជាក់ថា ទំហំពាណិជ្ជកម្មទ្វេរភាគីរវាងកម្ពុជា និងប្រទេសមីយ៉ាន់ម៉ានៅមានកម្រិតតិចតួចនៅឡើយ ខណៈរយៈពេលជាង៣ឆ្នាំចុងក្រោយទំហំពាណិជ្ជកម្មនៃ ប្រទេសទាំង២មានជិត២០លានដុល្លារ។
របាយការណ៍បញ្ជាក់ថា នៅឆ្នាំ២០១៥ទំហំពាណិជ្ជកម្មទ្វេរភាគី រវាងប្រទេសទាំង២មាន៤.៧៩លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.៤៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាវិញមាន៣.៣២លានដុល្លារ។
នៅក្នុងឆ្នាំ២០១៦ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៥.២៤លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន១.១២លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៤.១២លានដុល្លារ។
នៅក្នុងឆ្នាំ២០១៧ទំហំពាណិជ្ជកម្មរវាងកម្ពុជា-មីយ៉ាន់ម៉ាមានចំនួន៤.៣៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន២.០៧លានដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន២.២៥លានដុល្លារ។
នៅរយៈពេល៦ខែឆ្នាំ២០១៨ទំហំពាណិជ្ជកម្មកម្ពុជា-មីយ៉ាន់ម៉ាមាន៤.៥៣លានដុល្លារ ក្នុងនោះកម្ពុជានាំចេញទៅមីយ៉ាន់ម៉ាមានចំនួន៨៦ម៉ឺនដុល្លារ ខណៈមីយ៉ាន់ម៉ានាំចូលមកកម្ពុជាមាន៣.៦៧លានដុល្លារ។
ក្នុងជំនួបទ្វេរភាគីរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា និងលោកស្រី អោង សានស៊ូជី ទីប្រឹក្សារដ្ឋមីយ៉ាន់ម៉ានៅព្រឹកថ្ងៃទី៣០ ខែមេសានេះ ភាគីទាំងពីរបានបង្ហាញជំហររួមគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេរភាគី ពិសេសក្នុងការអភិវឌ្ឍន៍វិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មផងដែរ។
ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសយើងទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្មពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត៕