(ភ្នំពេញ)៖ លោកស្រី អោង សានស៊ូជី (Aung San Suu Kyi) ទីប្រឹក្សារដ្ឋនៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់ខ្លួន មកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៩ ដើម្បីបំពេញទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

 

 

ខណៈពេលមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី១ លោកស្រី អោង សានស៊ូជី ប្រធានគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ(NLD) ដែលបានឈ្នះការបោះឆ្នោតជាប្រវត្តិសាស្រ្តកាលពីចុងឆ្នាំ២០១៥ ពុំទាន់មានបេសកកម្មភ្លាមៗទេ ដោយរង់ចាំរហូតដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ទើបផ្តើមបំពេញទស្សនកិច្ចផ្លូវការ។

នៅព្រឹកថ្ងៃទី៣០ ខែមេសា លោកស្រី អោង សានស៊ូជី បានអញ្ជើញបំពាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធ ព្រះបរមរតនកោដ្ឋ ហើយបន្ទាប់ពីនោះ លោកស្រីមានជំនួបទ្វេភាគីជាមួយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅវិមានសន្តិភាព។

 

 

ក្នុងជំនួបនៅវិមានសន្តិភាព នាវេលាម៉ោង៩៖០០ព្រឹក សម្តេចតេជោ ហ៊ុន សែន និង លោកស្រី អោង សានស៊ូជី បានឯកភាពគ្នា ក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីរបស់ប្រទេសទាំងពីរ។ លោកស្រីស៊ូជី បានលើកឡើងពីកិច្ចសហប្រតិបត្តិការ លើវិស័យវប្បធម៌ វិស័យសាសនា វិស័យអប់រំ ដូចជាវិស័យសេដ្ឋកិច្ចផងដែរ។ ជាមួយគ្នានេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងដែរថា នៅឆ្នាំ២០២០ ខាងមុខនេះគឺជាខួប៦៥ឆ្នាំ នៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ដូច្នេះយើងគួររួមគ្នារៀបចំពិធីឱ្យបានអធឹកអធមផង និងជំរុញវិស័យទេសចរណ៍ប្រទេសទាំងពីរផង ជាពិសេសនៅខេត្តសៀមរាប និងខេត្តបាកាន ដែលជាខេត្តពោរពេញទៅដោយ ប្រាសាទបេតិកភណ្ឌ។

 

 

សម្ដេចតេជោ បានថ្លែងអំណរគុណ ដល់សហភាពមីយ៉ាន់ម៉ា ដែលអនុញ្ញាតឲ្យ កម្ពុជាសាងសង់ព្រះវិហារ នៅខេត្តនៅប្រទេសមីយ៉ាន់ម៉ា និងបណ្តុះបណ្តាល សាមណសង្ឃខ្មែរ។ សម្ដេចតេជោ បានស្នើសុំឲ្យមាន ការត្រួតពិនិត្យលើបញ្ហាពន្ធត្រួតគ្នា និងវិស័យដទៃទៀត ដែលប្រទេសទាំងពីរ មានសក្តានុពល ជំរុញឲ្យមានការរីកចម្រើនកាន់តែធំធាត់ឡើង។ ជាពិសេសបង្កើនទំហំពាណិជ្ជកម្ម ពី១០លានដុល្លារ ឲ្យបានកាន់តែធំឡើង ច្រើនជាងមុនបន្ថែមទៀត។ លោកស្រី និងសម្ដេចតេជោ បានឯកភាពគ្នាជំរុញវិស័យសំខាន់ៗទាំងនេះ ហើយក៏បានផ្ដល់ការទុកចិត្តឲ្យរដ្ឋមន្ត្រី នៃប្រទេសទាំងពីរ ដើម្បីធ្វើការងារជាបន្តទៀត។

 

 

បន្ទាប់ពីបញ្ចប់ជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន, នៅព្រឹកថ្ងៃដដែលនោះ លោកស្រី អោង សានស៊ូជី បានបន្តជួបសម្តែងការគួរសម ជាមួយសម្តេច ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជា។ ក្នុងជំនួបជាមួយសម្តេច ហេង សំរិន ក្រៅពីគាំទ្រ និងជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ ស​ម្តេច ហេង សំរិន បានអញ្ជើញសភាភូមា ចូលរួម កិច្ចប្រជុំលើកទី១៣ របស់អាសិប (ASEM) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នៅឆ្នាំ២០២០នេះ។ ដោយឡែក លោកស្រី អោង សានស៊ូជី បានសន្យាខិតខំជំរុញកិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទាំងពីរឲ្យកាន់តែរឹងមាំថែមទៀត ពិសេសការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមកនៅគ្រប់កម្រិត រួមទាំងការចូលរួមនៅក្នុងវេទិកាសភានានា ពិសេសវេទិកា (ASEM) ដែលកម្ពុជាគ្រោងធ្វើម្ចាស់ផ្ទះនោះ។

 

 

រហូតដល់វេលាម៉ោង៣៖០០នាទីរសៀល ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ លោកស្រី អោង សានស៊ូជី បានបន្តជួបសម្តែងការគួរសមជាមួយ សម្តេច សាយ​ ឈុំ ប្រធានព្រឹទ្ធសភា ថែមទៀត។ ក្នុងជំនួបនោះ សម្តេច សាយ ឈុំ បានលើកឡើងថា ឆ្នាំ២០២០ ខាងមុខនេះ គឺជាខួបលើកទី៦៥ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរហើយសម្តេចបានស្នើឱ្យសភានៃប្រទេសទាំងពីរធ្វើការផ្លាស់ប្តូរគណៈប្រតិភូគ្នាទៅវិញទៅមក និងស្នើឱ្យសភាទាំងពីរជួយគាំទ្រគ្នាទៅវិញទៅមកនៅក្នុងក្របខណ្ឌអង្គការសភាតំបន់ និងពិភពលោក លើបញ្ហា សិទ្ធិមនុស្ស ប្រជាធិបតេយ្យ និងបញ្ហាផ្សេងទៀត។ លោកស្រី អោង សានស៊ូជី បានស្នើឱ្យប្រទេសទាំងពីរផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ក្នុងពន្លឿននូវការអភិវឌ្ឍប្រទេសជាតិនាថ្ងៃអនាគត។ ក្នុងឱកាសនោះ លោកស្រីបានអញ្ជើញសម្តេចប្រធានព្រឹទ្ធសភា ទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា ក្នុងពេលវេលាសមស្របណាមួយ។ លោកស្រីសង្ឃឹមថា សម្តេចប្រធានព្រឹទ្ធសភា នឹងអាចស្វែងយល់អំពីស្ថានភាពជាក់ស្តែងនៅប្រទេសមីយ៉ាន់ម៉ា ហើយលោកស្រីនឹងត្រៀមខ្លូនជាស្រេច ក្នុងការទទួលដំណើរទស្សនកិច្ចនេះ។

 

 

បន្ទាប់ពីបញ្ចប់ជំនួបសម្តែងការគួរសមជាមួយ សម្តេច សាយ ឈុំ, នៅវេលាម៉ោង៤៖០០រសៀល លោកស្រីស៊ូជី បានបន្តចូលគាល់ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល នៅក្នុងព្រះបរមរាជវាំង។ល់ព្រះមហាក្សត្រ និងសម្តេចម៉ែផងដែរ ហើយទើបត្រឡប់មកចូលរួមពិធីលាងសាយភោជន៍ ដែលរៀបចំទទួលស្វាគមន៍ដោយ សម្តេចតេជោ ហ៊ុន សែន នៅវិមានសន្តិភាព។

 

 

នាព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩ លោកស្រីអោង សានស៊ូជី បានហោះចេញពីរាជធានីភ្នំពេញ ទៅទស្សនាកម្សាន្តនៅប្រាសាទអង្គរ និងប្រាសាទបាយ័ន នៅលើទឹកដីអង្គរ។ នៅទីនោះ លោកស្រីបានចំណាយពេល១ព្រឹក ដោយមានការទទួលស្វាគមន៍ពីភាគីកម្ពុជា និងអាជ្ញាធរដែនដី។ ខណៈកំពុងទស្សនាប្រសាទខ្មែរនៅទឹកដីអង្គរ លោកស្រី អោង សានបានចាប់អារម្មណ៍ទៅនឹងសិលាចារិកមួយ ដែលមានអក្សភូមាផងដែរ។

 

 

លោកស្រី អោង សានស៊ូជី បានបញ្ចប់ទស្សនកិច្ចនៅកម្ពុជានៅពេលរសៀល។ លោកស្រីបានចាកចេញពីព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោង៣៖០០នាទី រសៀល ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៩។

 

 

ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកស្រី អោង សានស៊ូជី នៅកម្ពុជា នឹងពង្រឹង និងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ ព្រមទាំងក្នុងក្របខ័ណ្ឌអាស៊ាន និងពហុភាគី។

 

 

កម្ពុជា-មីយ៉ាន់ម៉ា បានភ្ជាប់ទំនាក់ទំនងការទូតជាមួយគ្នា នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ១៩៥៥។ នៅឆ្នាំ១៩៧៤ មីយ៉ាន់ម៉ាបានបិទស្ថានទូតនៅភ្នំពេញ ប៉ុន្តែនៅឆ្នាំ១៩៩៤ មីយ៉ាន់ម៉ាបានភ្ជាប់ទំនាក់ទំនងការទូតជាថ្មីជាមួយកម្ពុជាឡើងវិញ។ រហូតដល់ឆ្នាំ១៩៩៩ មីយ៉ាន់ម៉ាបានបើកស្ថានទូត នៅភ្នំពេញឡើងវិញ ហើយកម្ពុជាបានបើកស្ថានទូត នៅមីយ៉ាន់ម៉ាផងដែរ។

អំឡុងនៃការភ្ជាប់ទំនាក់ទំនងការទូតឡើងវិញនោះ សម្តេចតេជោ ហ៊ុន សែន បានទៅបំពេញបេសកកម្ម នៅប្រទេសមីយ៉ាន់ម៉ាផងដែរ ក្នុងនោះមានដូចជា៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី២៤ នៅថ្ងៃទី១០-១១ ឧសភា ឆ្នាំ២០១៤ និងកិច្ចប្រជុំកំពូលអាស៊ានលើកទី២៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅថ្ងៃទី១២-១៣ វិច្ឆិកា ឆ្នាំ២០១៤ នៅទីក្រុងណៃពិដោ។ កិច្ចប្រជុំកំពូល CLMV លើកទី៧ និងកិច្ចប្រជុំកំពូល ACMECS លើកទី៦ នៅថ្ងៃទី២២-២៣ មិថុនា ឆ្នាំ២០១៥ នៅទីក្រុងណៃពិដោ។

ចំណែកថ្នាក់ដឹកនាំមីយ៉ាន់ម៉ាដែលធ្លាប់មកបំពេញទស្សនកិច្ចនៅកម្ពុជាមានដូចជា ថ្ងៃ០១ - ០៣ មេសា ឆ្នាំ២០១៥: លោក ញ៉ាន ធុន (U Nyan Tun) អតីតអនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានមកបំពេញទស្សនកិច្ចសុឆន្ទៈ នៅកម្ពុជា។ នៅថ្ងៃ០៣ - ០៥ កុម្ភៈ ឆ្នាំ២០១៧ : លោក ធិន ច (U Htin Kyaw) អតីតប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា បានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា៕