(ភ្នំពេញ)៖ ឧកញ៉ា គួច ម៉េងលី បានថ្លែងថា វិស័យអប់រំឯកជនរបស់លោកត្រូវបានបង្កើតឡើងដំបូង គឺមានសិស្សចុះឈ្មោះចូលរៀនត្រឹមតែ៤នាក់ប៉ុណ្ណោះ តែរហូតមកដល់ពេលបច្ចុប្បន្ននេះ លោកបានពង្រីកសាខាកាន់តែច្រើន ដែលចំនួនសិស្សកើនឡើងដល់ទៅជាង ១១,០០០នាក់ឯណោះ។

លោកអះអាងថា ដោយសារតែស្ថិរភាពនយោបាយ កំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែខ្ពស់ និងដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារ ក៏ដូចជាសំណូមពរជាច្រើន ពីសំណាក់មាតាបិតា អាណាព្យាបាល និងសិស្សានុសិស្សពីគ្រប់មជ្ឈដ្ឋាន អំពីគុណភាព វិន័យ និងសេវាកម្ម បានធ្វើឱ្យលោកខិតខំប្រឹងប្រែងពង្រីកខ្លួនបង្កើតសាលាឯកជនឱ្យបានច្រើន ដើម្បីចូលរួមអភិវឌ្ឍជាតិជាមួយរាជរដ្ឋាភិបាល។

លោកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាស្ថានិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ គួច អេឌ្យូខេសិន បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធការពង្រីកសាខាថ្មីនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំងនៅផ្សារថ្មី នាព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩នេះ។

ឧកញ៉ា គួច ម៉េងលី បានថ្លែងថា វិស័យឯកជនរបស់លោកមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដែលចាប់ផ្តើមដំបូងមានសិស្សត្រឹមតែ ៤នាក់ប៉ុណ្ណោះ រហូតមកដល់ពេលបច្ចុប្បន្ននេះចំនួនសិស្សកើនឡើងដល់ជាង ១១,០០០នាក់។ សាលានេះ មិនត្រឹមតែមានកេរ្តិ៍ឈ្មោះល្បីល្បាញនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ទទួលបានការទទួលស្គាល់ និងល្បីល្បាញ ជាអន្តរជាតិតាមរយៈការទទួលពានរង្វាន់ លក្ខណៈអន្តរជាតិពី បណ្តាប្រទេសផ្សេងៗដូចជា សិង្ហបុរី បារាំង អារ៉ាប់រួម(ឌូបៃ) ស្វ៉ីស អង់គ្លេស សហរដ្ឋអាមេរិក ព្រុយណេ ប៊ែលហ្សិក ចិន (ហុងកុង) និងប្រេសីលជាដើម។

បើតាមលោកអគ្គនាយករូបនេះ ខ្លួនមានចក្ខុវិស័យ និងបេសកកម្មច្បាស់លាស់ក្នុងការពង្រីកសាខា។ ផ្សារថ្មីគឺជាទីតាំងយុទ្ធសាស្រ្តមួយ ព្រោះនៅតំបន់នោះ និងតំបន់ជុំវិញផ្សារថ្មី កំពុងមានការអភិវឌ្ឍយ៉ាងខ្លាំង ដែលធ្វើឱ្យមានកំណើនប្រជាជន និងសំណង់អគារធំៗជាច្រើនកំពុងមានភាពជឿនលឿនជាខ្លាំងផងដែរ៕