(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះនូវវីដេអូនៃសកម្មភាពរបស់សម្តេច និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បេះផ្លៃឪឡឹកក្នុងចំការ បរិវេណភូមិគ្រឹះសម្តេច ហើយបំបែកឪឡឹកពិសារ។
ឆ្លើយតបចំពោះការលើកឡើង របស់បងប្អូនប្រជាពលរដ្ឋដែលយល់ថា សម្តេចជាអ្នកបំបែកផ្លែកឪឡឹក ដែលសម្តេចបានបង្ហោះរូបភាពកាលពីម្សិលមិញ, វីដេអូដែលបង្ហោះព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ក៏ចង់បង្ហាញថា ផ្លែឪឡឹកនោះ គឺសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាអ្នកប្រើវិធីសាស្ត្រក្នុងការបំបែក មិនមែនសម្តេចជាអ្នកបំបែកវាទេ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ម្សិលមិញខ្ញុំបានបង្ហាញរូបថត ដែលខ្ញុំប្រើដៃពុះផ្លែឪឡឹក ដែលធ្វើឲ្យបងប្អូនមួយចំនួនគិតស្មានថា កម្លាំងដៃខ្ញុំខ្លាំង អាចវាយបំបែកផ្លែឪឡឹកឲ្យភរិយាខ្ញុំទទួលទានបាន។ ការពិតអ្នកបំបែកផ្លែឪឡឹក គឺភរិយាខ្ញុំទៅវិញទេ។ សូមមើលក្នុងវីដេអូនេះ នឹងដឹងពីរបៀបបំបែកផ្លែឪឡឹក ដែលភរិយាខ្ញុំ បានធ្វើក្រោយពេលខ្ញុំវាយនឹងដៃមិនបែក»។
សូមជម្រាបថា នៅល្ងាចថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ ខណៈដែលដើរហាត់ប្រាណ រួមទាំងមើលផលដំណាំនៅបរិវេណភូមិគ្រឹះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានជួបសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយចៃដន្យនៅក្នុងចំការពោត។
សម្តេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់រំលឹកថា «ក្នុងចម្រៀង ពាមកោះស្នាវាចាប្រុសស្នេហ៍ មានឃ្លាមួយសសេរថា "ចំការដីដុះកាលប្រុសពីក្មេង អូនធ្លាប់ចូលលេងជួយកាច់ពោតបង» ។ ថ្ងៃនេះខ្ញុំដើរហាត់ប្រាណជាមួយនឹង ការមើលផលដំណាំ ក៏បានជួបភរិយាខ្ញុំដើរហាត់ប្រាណ នៅចំការពោតទៀត។ នេះពិតជា គូរព្រេងមិនព្រាត់មែន។ សុំជូនរូបថតមួយចំនួន ដែលទើបថតមុននេះបន្តិច ដើម្បីយល់ពីជីវិតនៃគ្រួសារខ្ញុំ»។
សូមបញ្ជាក់ថា ប៉ុន្មានសប្តាហ៍មកនេះ សម្តេចតេជោ ហ៊ុន សែន ហាក់បានប្តូរអំពីការរត់ហាត់ប្រាណដោយម៉ាស៊ីន មកជាការហាត់ប្រាណបែបធម្មជាតិវិញ ដោយបានដើរមើលផលដំណាំដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានដាំនៅបរិវេណភូមិគ្រឹះ៕