(កំពង់ចាម)៖ លោកបណ្ឌិត ម៉ា ឈឿន តំណាងរាស្ដ្រមណ្ឌលកំពង់ចាម សមាជិកគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាល ចុះជួយស្រុកជើងព្រៃ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ បានប្រាប់ដល់សមាជិកក្រុមប្រឹក្សាឃុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដាច់ខាតមិនឲ្យមានស្រមោលបដិវត្ដពណ៌ កើតឡើងបាននៅប្រទេសកម្ពុជា បានជាដាច់ខាត។

ការលើកឡើងបែបនេះ របស់លោកបណ្ឌិត ម៉ា ឈឿន បានធ្វើឡើងក្នុងឱកាសដែលលោកបណ្ឌិត អញ្ជើញចូលរួមជាអធិបតីភាព ក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាឃុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ដែលរៀបចំធ្វើឡើង នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្រុកជើងព្រៃ ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ។

លោកបណ្ឌិត ម៉ា ឈឿន បានឲ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញណែនាំគ្រប់ភូមិ-ឃុំទាំងអស់ ត្រូវធ្វើវេទិកាសាធារណៈពីព្រោះទណ្ឌិត សម រង្ស៊ី ចូលមកកម្ពុជា ហើយធ្វើបដិវត្ដពណ៌ ដើម្បីឲ្យកម្ពុជាមានភាពច្របូកច្របល់ ដើម្បីដណ្ដើមអំណាច តាមការធ្វើបដិវត្ដពណ៌។

លោកបណ្ឌិត ម៉ា ឈឿន ក៏បានណែនាំដល់ក្រុមការទាំងអស់ រាល់ការធ្វើវេទិកាសាធារណៈ ត្រូវពន្យល់ប្រជាពលរដ្ឋ អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងការអនុវត្តលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ដែលកើតចេញពីការបោះឆ្នាត ប្រកបដោយភាពត្រឹមត្រូវ និងយុត្តិធម៌។

តំណាងរាស្ដ្រមណ្ឌលកំពង់ចាមរូបនេះ បានបន្ថែមទៀតថា ប្រទេសកម្ពុជា ពិតជាមានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សយ៉ាងពិតប្រាកដ ហើយរាជរដ្ឋាភិបាល ប្ដេជ្ញារក្សាការពារនូវឯករាជ្យភាព អធិបតេយ្យ បូរណភាពទឹកដី និងរក្សាការពារនូវទំនៀមទម្លាប់ ប្រពៃណី ជំនឿ សាសនា ។

ជាមួយគ្នានោះលោកបណ្ឌិត ម៉ា ឈឿន បានណែនាំឲ្យបន្ដជំរុញអប់រំផ្សព្វផ្សាយ តាមគ្រប់រូបភាពឲ្យបានទូលំទូលាយ និងស៊ីជម្រៅ ក្នុងគ្រប់ស្រទាប់ប្រជាជន អំពីសភាពការណ៍ រីកចំរើនរបស់ប្រទេសជាតិ អំពីគោលនយោបាយនានា របស់គណបក្ស និងរាជរដ្ឋាភិបាល។

លោកបណ្ឌិតបានបន្ដទៀតថា ក្នុងនោះផងដែរ ក៏ត្រូវជំរុញអំពីភាពជាម្ចាស់របស់ប្រជាជន និងវាយបករាល់ការឃោសនាអកុសល របស់ពួកប្រឆាំង ដើម្បីបង្កើនជំនឿរបស់ប្រជាជន ចំពោះការដឹកនាំរបស់គណបក្ស និងរាំងស្កាត់ឧបាយកលបំផ្លិចបំផ្លាញ របស់ពួកប្រឆាំង និងអមិត្ត។

លោកបណ្ឌិត ម៉ា ឈឿន បានលើកឡើងថា ត្រូវចេះយកចិត្ត យកថ្លើម និងសន្សំពិន្ទុជាមួយប្រជាជន តាមរយៈប្រសិទ្ធភាពការងារប្រចាំថ្ងៃ និងតាមរយៈអំពើល្អរបស់យើង ជាពិសេសការផ្ដល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋទូទៅនេះ ជាកាតព្វកិច្ចរបស់មន្ត្រីបក្ស ចំពោះប្រជាជន៕