(ភ្នំពេញ)៖ លោក ជា ពិសី ប្រធានគណបក្សប្រជាជនកម្ពុជាខណ្ឌឫស្សីកែវ នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ បាននាំយកថវិកាចំនួន ១លានរៀល របស់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ ដើម្បីចុះសួរសុខទុក្ខតាមដានស្ថានភាព និងឧបត្ថម្ភជូនលោក សុខ សម្បត្តិ ប្រធានគណបក្សសង្កាត់គីឡូម៉ែត្រលេខ៦ ដែលធ្លាក់ខ្លួនឈឺ កំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

ថ្លែងក្នុងឱកាសនោះ លោក ជា ពិសី បាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខ លោក សុខ សម្បត្តិ ដែលធ្លាក់ខ្លួនឈឺឲ្យខិតខំប្រឹងប្រែងថែទាំជំងឺ និងជូនពរឆាប់ជាសះស្បើយក្នុងពេលដ៏ខ្លីខាងមុខនេះ ក្នុងការចូលជួយរួមចំណែកការងារឡើងវិញ ពីសំណាក់សម្តេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយរាជធានីភ្នំពេញ។

សូមបញ្ជាក់ថា ដោយសារតែការខិតប្រឹងប្រែងបំពេញភារកិច្ច រួមចំណែករាល់គ្រប់សកម្មភាពសព្វបែបយ៉ាង មិនគិតពីការនឿយហត់ រហូតដល់ធ្លាក់ខ្លួនឈឺ និងកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យកាល់ម៉ែត្រ របស់លោក សុខ សម្បត្តិ ចៅសង្កាត់រងទី១ នៃសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០១៩ ក៏ទទួលការឧបត្ថម្ភជាថវិកាមួយចំនួន ដើម្បីជួយដល់ការដោះបន្ទុកក្រុមគ្រួសារពីសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជា ពិសី និងលោកស្រី សួស សូលីដា តំណាងឲ្យលោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាអភិបាលខណ្ឌ។

ស្ថិតក្នុងសមានចិត្តដ៏គួរគោរពរាប់អាន នាឱកាសទទួលកញ្ចប់ថវិកាខាងលើនេះ ចំពោះក្រុមគ្រួសារ ដែលកំពុងជួបនូវការខ្វះខាតក្នុងបន្ទុក នៃការមើលថែទាំជំងឺ របស់លោក សុខ សម្បត្តិ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះថ្នាក់ដឹកនាំ នៃសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌឫស្សីកែវ ដឹកនាំដោយលោកស្រី អាន ផល្លា ជាពិសី និងលោកស្រី សួស សូលីដា និងថ្លែងអំណរគុណជាពិសេសចំពោះសម្តេចវិបុលសេនាភក្ដី សាយ ឈុំ។

ថ្លែងទៅកាន់ក្រុមគ្រួសាររបស់លោក សុខ សម្បត្តិ ក្រៅពីការជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាជូន លោកស្រី អាន ផល្លា ជាពិសី និងលោកស្រី សួស សូលីដា បានផ្ដាំផ្ញើលើកទឹកចិត្តដល់អ្នកជំងឺឲ្យខំតស៊ូថែរក្សា សុខភាពបានល្អប្រសើរ ក្នុងជីវិតរស់នៅ ដោយមានក្ដីសង្ឃឹមជានិច្ច ដើម្បីរងចាំមើលការរីកចម្រើន របស់ប្រទេសជាតិ ដែលកំពុងបន្តអភិវឌ្ឍន៍ ឥតឈប់ឈរពីមួយថ្ងៃ ទៅមួយថ្ងៃ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន៕