(ព្រះវិហារ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានណែនាំឲ្យកងកម្លាំងសមត្ថកិច្ច ត្រូវពង្រឹងសមត្ថកិច្ចជំនាញរបស់ខ្លួនបន្ថែមទៀត ដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋតាមមូលដ្ឋាន។

ការណែនាំនេះ ក្នុងឱកាសដែលលោកអញ្ជើញជាអធបតី ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនជំនាញបង្រ្កាប ទប់ស្កាត់បាតុកម្ម កុបកម្ម ការប្រមូលផ្តុំតវ៉ា នៃកងអន្តគមន៍ពិសេសរយៈពេលខ្លីរបស់កម្លាំងស្នងការដ្ឋាន នគរបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីតំណាងអគ្គស្នងការនគរបាលជាតិ មេបញ្ជាការកងកម្លាំងទាំងបី ប្រធានមន្ទីរអង្គភាពជុំវិញខេត្តនៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៩នេះ។

ក្នុងឱកាសនោះដែរ លោក អ៊ុន ចាន់ដា បានក្រើនរំលឹក និងណែនាំដល់កងកម្លាំងយើងទាំងអស់ត្រូវតែពង្រឹងសមត្ថភាពជំនាញបច្ចេទេស បន្ថែមទៀត ស្របតាមស្ថានភាពបច្ចុប្បន្ននេះ។ លោកបានជម្រាបទៅកងកម្លាំងពីសារសំខាន់ នៃការហ្វឹកហ្វឺនជាប្រចាំ គឺដើម្បីធានាបាននូវគុណភាព ប្រសិទ្ធភាពនៃការរក្សាបានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរក្នុងសង្គមយើង។

លើសពីនេះទៀតអភិបាលខេត្តក៏បានបញ្ជាក់ថា «ក្នុងនាមជាកម្លាំងដាច់ខាតត្រូវ គោរពអនុវត្ត និងទទួលខុសត្រូវអនុវត្តបទបញ្ជារបស់ថ្នាក់លើដាក់ចេញ និងរួមគ្នាសហការអនុវត្តភារកិច្ច របស់ខ្លួនទទួលបានប្រសិទ្ធភាពខ្ពស់ ជាពិសេសត្រូវទប់ស្កាត់ឲ្យបាននូវចលនាប្រមូលផ្តុំប្រជាពលរដ្ឋពីសំណាក់ជនអគតិ បោកបញ្ឆោតបំផុសបំផុលប្រជាពលរដ្ឋ ដើម្បីផលប្រយោជន៍បក្ខពួក របស់ពួកគាត់ ប្រព្រឹត្តអំពើខុសច្បាប់ប្រឆាំងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាក់ស្តែង នាពេលកន្លងទៅកម្លាំងយើងបានអនុវត្តការងារពិតបានទាន់ពេលវេលា និងបានចាប់មេខ្លោង ដែលញុះញ៉ង់ឲ្យប្រជាពលរដ្ឋប្រឆាំងតវ៉ា និងទន្រ្ទានដីព្រៃអភិរក្សសហគមន៍គូលែនព្រហ្មទេព យកធ្វើជាកម្មសិទ្ធ ដែលខុសច្បាប់ទាំងស្រុង»

ជាចុងក្រោយ លោកបានដាក់ចេញនូវគោលការណ៍ដឹកនាំមួយចំនួន ដល់ស្នងការដ្ឋាននគរបាលខេត្ត ក៏ដូចជា កងកម្លាំងនគរបាលទាំងអស់ក្នុងខេត្តដូចខាងក្រោម៖

*ទី១៖ ត្រូវធានារក្សាឲ្យបាននូវសុខសន្តិភាព សន្តិសុខសណ្តាប់សង្គមឲ្យបានល្អប្រសើរបន្ថែមទៀត ទប់ស្កាត់បទល្មើសនានាដែលបានកើតឡើង និងកំពុងកើតឡើងក្នុងភូមិសាស្រ្តរបស់ខ្លួន
*ទី២៖ ស្នើឲ្យមានការហ្វឹកហ្វឺនជាប្រចាំ ឬយ៉ាងហោចណាស់១ឆ្នាំ ម្តងដែរ ដើម្បីឲ្យកម្លាំងនគរបាលយើងកាន់មានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ក្នុងការការពារបាននូវសុខសុវត្ថិភាពជូន ប្រជាពលរដ្ឋយើង
*ទី៣៖ កម្លាំងនគរបាលយើងដែលជាកងអន្តរគមន៍ពិសេស ត្រូវមានការរៀបចំឲ្យឈរជើងប្រចាំការ២៤ម៉ោង លើ២៤ម៉ោង ដើម្បីធានាថា ជាកម្លាំងពិតរបស់ខេត្តក្នុងទប់ស្កាត់បាតុភាព ផ្សេងដែលកើតឡើងភ្លាមៗ និងមិនត្រូវយកកម្លាំងអន្តរាគមន៍នេះ បម្រើផលប្រយោជន៍បុគលណាមួយជាដាច់ខាត
*ទី៤៖ ស្នើដល់ស្នងការខេត្ត ត្រូវពិនិត្យបន្ថែមទៀត លើសម្ភារ អាវុធ នៅតាមប៉ុស្តិ៍នគរបាល ត្រូវធានាថា គ្រប់ប៉ុស្តិ៍នគរបាលមានសម្ភារមធ្យោបាយគ្រប់គ្រាន់ ក្នុងបម្រើដល់ការអនុវត្តការរបស់ពួកគាត់បានកាន់ល្អបន្ថែមទៀត។

ជាមួយគ្នានោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានថ្លែងថា ចំពោះវគ្គហ្វឹកហ្វឺននេះ មានគ្រូហ្វឹកហ្វឹនចំនួន ៤នាក់ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ទិត សាវួន អនុប្រធាននាយកដ្ឋានការពារ និងគ្រូ៣រូប ជាជំនួយការមកពីអគ្គស្នងការនគរបាលជាតិ និងមានសិក្ខាកាមចូលរួម ៣៤៧នាក់ ក្នុងនោះស្រី៣៦នាក់៕