(ភ្នំពេញ)​៖​ ខ្ញុំម្ចាស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ប្រធានកាកបាទក្រហមកម្ពុជា​ សូមក្រាបបង្គំទូលថ្វាយនូវសារលិខិតថ្វាយព្រះពរ​ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី​ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត​ នៅក្នុង​ឱកាស​នៃព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម​ ព្រះករុណា ជាអម្ចាស់ជីវិតលើ​ត្បូង​ ដែលសារលិខិតថ្វាយព្រះពរនោះ មានខ្លឹមសារថា​៖​ « នៅក្នុង​ឱកាស​ដ៏មហានក្ខត្តឫក្សវិសេសវិសាល នៃព្រះរាជ​ពិធីបុណ្យ​ចម្រើនព្រះជន្ម​ ព្រះករុណាជាអម្ចាស់ជីវិតលើ​ត្បូង​ ព្រះមហា​ក្ស​​ត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអង្គារ ១១កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស.​២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០​១​​​៩ ក្នុងនាមកាកបាទ​ក្រហម​កម្ពុជា និងក្នុងនាមខ្ញុំម្ចាស់ផ្ទាល់ ខ្ញុំម្ចាស់សូមព្រះ​បរម​រាជានុញ្ញាតលំឱន​កាយក្រាប​បង្គំ​​ទូល​ថ្វាយ​ព្រះ​សព្ទ​សា​ធុ​​ការ​ពរជ័យបវរសួស្តី សិរីវឌ្ឍ​នា វិបុល​​សុខ​​ មហាប្រសើរគ្រប់ប្រការ ប្រកបដោយ​កតញ្ញូកត​វេទិតា​ធម៌យ៉ាងជ្រាលជ្រៅបំផុតថ្វាយ ព្រះករុណា​ជាអម្ចាស់ជីវិត​លើត្បូង ជាទី​គោរពសក្ការៈដ៏ខ្ពង់​ខ្ពស់​​បំផុត សូមព្រះអង្គប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៌ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណ​ត្រចះត្រចង់ ​ព្រះជន្មាយុ​យឺនយូរ ចាកផុតពីព្រះរោគាព្យាធិ ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់ដ៏ត្រជាក់ត្រជុំ សម្បូរសប្បាយ ​ថ្កុំថ្កើង​រុងរឿងនៃមាតុភូមិអង្គរជាទីស្នេហា និងប្រជានុរាស្ត្ររបស់ព្រះអង្គ។

ព្រះរាជមហាករុណាទិគុណ និងព្រះព្រហ្មវិហារធម៌វិសេសវិសាលនៃ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហា​ក្ស​​ត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទី​គោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែល​ព្រះអង្គ​​តែងតែ​បាន​យាង​ចុះសួរ​សុខ​ទុក្ខ និងបាន​ប្រោ​ស​​​ព្រះរាជទា​ន​​​ព្រះ​រាជ​​​អំណោយ​​ដល់ប្រជារាស្រ្ត​ ​ទូទាំង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជា​​ព្រះ​​​​​​រាជ​​គំរូដ៏ប្រសើរថ្លៃថ្លា ប្រកបដោយ​ព្រះរាជ​គុណធម៌ មនុស្ស​ធម៌ ប្រោស​​​ព្រះរាជូ​បត្ថម្ភថវិកា​ទ្រទ្រង់​សកម្មភាព​មនុស្សធម៌របស់កាក​បាទ​​​ក្រហមកម្ពុជា ដើម្បី​ជួយ​ដល់​ប្រជា​រាស្រ្ត​​កម្ពុជា ជន​ងាយ​​រង​គ្រោះ និង​ជនរងគ្រោះដោយគ្រោះមហន្តរាយ​​ផ្សេងៗ។

ខ្ញុំម្ចាស់ ទូល​ព្រះបង្គំយើងខ្ញុំទាំងអស់គ្នា មានសេចក្ដីសោមនស្សរីករាយឥតឧបមា ដែលបានរស់នៅ​ និង​បំពេញ​បេសក​កម្ម​​មនុស្ស​ធម៌​​ ក្រោម​​​​ម្លប់​ដ៏ត្រជាក់ ​នៃព្រះករុ​ណា ជា​​អម្ចាស់​​ជីវិត​​លើ​ត្បូ​​ង ជាទី​គោរព​សក្ការៈ​​​ដ៏ខ្ពង់ខ្ពស់​​បំផុត ក្នុងព្រះរាជបេសកកម្មឧត្តុង្គឧត្តមថ្លៃថ្លាជាប្រវត្តិសាស្ត្រ បន្តពី ព្រះករុណាសម្តេចព្រះវររាជបិតា ព្រះបរមរតនកោដ្ឋ ដើម្បីបូរណភាពទឹកដី ឯករាជ្យជាតិខ្មែរ។

ក្នុងទិវាដ៏មហាអភិរម្យមង្គលដ៏វិសេសថ្លៃថ្លានេះ ខ្ញុំម្ចាស់ និងសហការី ​សូម​លើក​ហត្ថ​ប្រណ​ម្យ​​បួងសួង​ដល់​វត្ថុ​ស័ក្តិ​​សិទ្ធិក្នុងលោក ទេវតារក្សាព្រះមហាស្វេតច្ឆត្រ ព្រះបារមីនៃ​អតី​​ត​​ព្រះមហាក្សត្រ ព្រះមហា​ក្សត្រិ​យានី​ខ្មែរ​គ្រប់ព្រះ​អង្គ ជាពិសេស ដួង​ព្រះ​វិញ្ញា​ណ​ក្ខន្ធ សម្តេច​ព្រះវរ​រាជ​បិតា ព្រះបរម​រតន​​​កោ​ដ្ឋ និងព្រះបារមីទេវតាថែរក្សា ​ឆ្នាំកុរ ឯកស័ក ព្រះនាម ទុង្សា​ទេវី តាមជួយថែរក្សាការពារ អភិបាលប្រោះព្រំនូវព្រះសព្ទសាធុការពរជ័យគ្រប់ប្រការ ថ្វាយ​ ព្រះករុណា​ជាអម្ចាស់ជីវិតលើត្បូង សូម​ព្រះអង្គទ្រង់ព្រះប្រកបដោយព្រះពុទ្ធពរដ៏ឧត្តុង្គឧត្តមថ្លៃថ្លា ទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បី​គង់​ប្រថាប់ជា​ម្លប់​​ដ៏​ត្រជាក់ដល់​ប្រជា​រា​ស្ដ្រ​កម្ពុជា​ទូទាំងប្រទេស ជាដរាប​ត​រៀងទៅ »។

សូមក្រាបបង្គំទូលថ្វាយនូវសារថ្វាយព្រះពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ទូលថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ ដែលមានខ្លឹមសារទាំងស្រុងដូចខាងក្រោម ៖