(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ ប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា បានអញ្ជើញជាអធិបតី ក្នុងពិធីចែកកញ្ចប់អាហារស្រាយបួសរ៉ាម៉ាឌន ជូនដល់លោកតា លោកយាយ និងបងប្អូនសាសនិកឥស្លាម ចំនួន២០០គ្រួសារ នៅវិហារគីឡូម៉ែត្រ៨ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

អំណោយទាំងនេះទទួលបានការឧបត្ថម្ភពី មូលនិធិឌីយ៉ាណែត នៃប្រទេសតួរគី សហការជាមួយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា។ ក្នុងកញ្ចប់អំណោយនីមួយៗ រួមមាន អង្ករ១០គីឡូក្រាម, ប្រេងឆា៥លីត្រ, ស្ករស៥គីឡូក្រាម, អំបិល១គីឡូក្រាម និងសណ្តែកខៀវ១គីឡូក្រាម។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី អូស្មាន ហាស្សាន់ បានថ្លែងអំណរគុណចំពោះម្ចាស់ជំនួយតួរគី ដែលបាននាំនូវអំណោយនេះមកពីទីដ៏សែនឆ្ងាយរាប់ម៉ឺនគីឡូម៉ែត្រ ចែកជូនដល់បងប្អូនយើងនៅទីនេះ ដែលបានបង្ហាញពីក្តីស្រលាញ់ដ៏ធំធេងបំផុតមួយ ក្នុងនាមជាសាសនិកតែមួយ បើទោះបីជាតិសាសន៍ខុសគ្នាក្តី។

លោកទេសរដ្ឋមន្ត្រី ក៏បានជម្រាបគណៈប្រតិភូ និងអង្គពិធីថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រជាជាតិទាំងអស់ កំពុងរស់នៅជាមួយគ្នា យ៉ាងមានសេចក្តីសុខ។ ដោយឡែក សាសនិកឥស្លាម មានសិទ្ធិសេរីភាពពេញលេញ ហើយមិនត្រឹមតែបាននិងកំពុងរស់នៅស្មើមុខស្មើមាត់ ជាមួយសាសនិកដ៏ទៃទៀតទេ ថែមទាំងទទួលបាននូវការអនុគ្រោះ និងការផ្តល់ជូនជាបន្តបន្ទាប់សព្វគ្រប់បែបយ៉ាង។ ចុងក្រោយនេះ រាជរដ្ឋាភិបាល ក៏បានឲ្យគ្រប់មន្ទីរពេទ្យរដ្ឋទាំងអស់ រៀបចំបន្ទប់ថ្វាយបង្គុំ សម្រាប់គ្រូពេទ្យ សិស្ស និស្សិត និងអ្នកជំងឺដែលជាសាសនិកឥស្លាមបានប្រណិប័ត។

ក្នុងឱកាសនោះផងដែរ លោកទេសរដ្ឋមន្ត្រី ក៏បានអំពាវនាវឲ្យបងប្អូនទាំងអស់ចូលរួមសាមគ្គីគ្នាជាធ្លុងមួយ ធ្វើយ៉ាងណាការពារឲ្យបាននូវសុខសន្តិភាព ដែលរាជរដ្ឋាភិបាល បានខិតខំរកមកដោយលំបាកឲ្យនៅគង់វង្សជានិច្ចនិរន្តតរៀងទៅ។

យោងរបាយការណ៍របស់ លោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា អ្នកសម្របសម្រួលគម្រោងរបស់អង្គការមូលនិធិអភិវឌ្ឍមន៍មុស្លិមកម្ពុជា បានឲ្យដឹងថា ក្នុងខែរ៉ាម៉ាឌន ឆ្នាំ២០១៩នេះ មូលនិធិឌីយ៉ាណែត នៃប្រទេសតួរគី សហការជាមួយអង្គការរបស់លោក បានផ្តល់កញ្ចប់ស្បៀងអាហាររ៉ាម៉ាឌនសរុប ១,០០០កញ្ចប់ ដែលនឹងបន្តចែកកញ្ចប់ឧបភោគបរិភោគនេះ នៅក្នុងខេត្តចំនួន៥ទៀត ដូចជា កំពង់ធំ, កំពង់ឆ្នាំង, ពោធិ៍សាត់, បាត់ដំបង និងបន្ទាយមានជ័យ ក្រៅពីនេះ ក្នុងគម្រោងរ៉ាម៉ាឌនដូចគ្នា យើងក៏មានធ្វើកិច្ចសហការជាមួយបណ្តាអង្គការអន្តរជាតិនានា ដែលបានកំពុងធ្វើការចែកចាយជាបន្តបន្ទាប់៕