(ភ្នំពេញ)៖ ថ្លែងក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នាសណ្ឋាគារសុខា ភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីន យ៉ាងសំខាន់ក្នុងជំរុញកំណើនសេដ្ឋកិច្ច និងជាដៃគូដ៏ពិតប្រាកដ ក្នុងការអភិវឌ្ឍប្រទេសជាតិ។

សម្តេចតេជោនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា ដោយមើលឃើញពីសារសំខាន់នេះ ទើបរាជរដ្ឋាភិបាលបានបង្កើតយន្តការសន្ទនាមួយ ដែលហៅថា «វេទិការាជរដ្ឋាភិបាលផ្នែកឯកជន» ដែលមានសម្តេចជាអ្នកដឹកនាំផ្ទាល់ និងដោយមានការចូលរួមពីរដ្ឋមន្ត្រីគ្រប់ក្រសួង ស្ថាប័ន អភិបាលគ្រប់រាជធានី-ខេត្តតំណាងផ្នែកឯកជនគ្រប់វិស័យ ឯកអគ្គរដ្ឋទូតប្រចាំកម្ពុជា និងតំណាងស្ថាប័នអន្តរជាតិមួយចំនួន។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា យន្តការនេះផ្តល់ឱកាសឱ្យផ្នែកឯកជនលើកឡើងនូវបញ្ហាប្រឈម និងសំណូមពរជូនរាជរដ្ឋាភិបាលពិនិត្យ និងចាត់វិធានការសមស្របដើម្បីដោះស្រាយ។ រាល់ការសម្រេចនៅក្នុងវេទិកានេះ ត្រូវបានចាត់ទុកជាការសម្រេចរបស់គណៈរដ្ឋមន្ត្រី។

ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ កន្លងទៅ សម្តេចបានដឹកនាំវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៨ ដែលក្នុងឱកាសនោះ សម្តេចបានដាក់ចេញនូវវិធានការមុតស្រួចមួយចំនួនសំដៅបង្កើនភាពប្រកួតប្រជែងនៃសេដ្ឋកិច្ចកម្ពុជា, កែលម្អ និងលើកស្ទួយថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច, និង ធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ និងបង្កើតការងារប្រកបដោយគុណភាពកាន់តែច្រើនថែមទៀត ជូនប្រជាជនកម្ពុជា។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងទៀតថា «តាងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមស្វាគមន៍ចំពោះរាល់ការសម្រេចចិត្តដ៏ឈ្លាសវៃរបស់អ្នកវិនិយោគបរទេសទាំងអស់ ជាពិសេសអ្នកវិនិយោគនេប៉ាល់ ដែលមានបំណងជ្រើសរើសកម្ពុជា ជាគោលដៅវិនិយោគដ៏មានសក្តានុពលខ្ពស់ ក្នុងការចាប់ផ្តើម ឬពង្រីកអាជីវកម្មរបស់ខ្លួន។ ទន្ទឹមនឹងនេះ ខ្ញុំក៏សូមលើកទឹកចិត្តដល់អ្នកវិនិយោគកម្ពុជា ដែលមានបំណងចង់ពង្រីកអាជីវកម្មរបស់ខ្លួន នៅក្រៅប្រទេស ពិចារណាប្រទេសនេប៉ាល់ជាប្រទេសគោលដៅរបស់ខ្លួន»។

បើតាមការកត់ត្រារបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឲ្យដឹងថា រយៈពេល៥ឆ្នាំ (២០១៤-២០១៨) ស្ថានភាពវិនិយោគរបស់កម្ពុជា មានលក្ខណៈល្អប្រសើរ ដោយកម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ៩៥៩គម្រោង ក្នុងទុនវិនិយោគសរុបចំនួនប្រមាណ ២៣ប៊ីលានដុល្លារអាមេរិក ដែលអាចបង្កើតការងារចំនួន១លានកន្លែង។

ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ៤ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ៕