(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងឲ្យដឹងថា នៅរយៈពេល៤ខែដំបូង ឆ្នាំ២០១៩នេះ រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគចំនួន១១៥គម្រោង សរុបទុនវិនិយោគចំនួន៤ពាន់លានដុល្លារ។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងឱកាសសម្តេច និងលោក ខេ ភី សាម៉ា អូលី (K. P. Shama Oli) នាយករដ្ឋមន្ត្រីនេប៉ាល់ អញ្ជើញក្នុងវេទិកាធុរកិច្ចកម្ពុជា-នេប៉ាល់ នាសណ្ឋាគារសុខា ភ្នំពេញ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «ក្នុងរយៈពេល៤ខែដើមឆ្នាំ២០១៩នេះ គម្រោងវិនិយោគដែលត្រូវបានអនុម័តមានចំនួន១១៥គម្រោង ក្នុងទុនវិនិយោគប្រមាណ៤ប៊ីលានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០១៨ ដែលមានចំនួនត្រឹមតែ៨១គម្រោង ក្នុងទុនវិនិយោគប្រមាណជា៨៦៣លានដុល្លារអាមេរិកប៉ុណ្ណោះ»

សម្តេចតេជោបានលើកឡើងថា «ក្នុងក្របខណ្ឌនៃការវិនិយោគ កម្ពុជានៅតែជាប្រទេសគោលដៅដែលមានសក្តានុពល សម្រាប់អ្នកវិនិយោគទាំងក្នុងស្រុក និងបរទេស»

សូមជម្រាបថា ក្នុងរយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ កម្ពុជាសម្រេចបាននូវកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ជាមធ្យមក្នុងរង្វង់៧.៧% ហើយបានចាកចេញពីឋានៈជាប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ក្នុងឆ្នាំ២០១៥។
នៅក្នុងឆ្នាំ២០១៨ សេដ្ឋកិច្ចកម្ពុជាមានកំណើនលើសពីការរំពឹងទុក ពោលគឺបានកើនឡើងក្នុងអត្រា៧.៥% ធៀបនឹងការគ្រោងទុក៧.១%ពីដើមឆ្នាំ ដែលជាមូលដ្ឋាននៃការបន្តភាពរឹងមាំ នៅក្នុងឆ្នាំ២០១៩នេះ។ សូចនាករនេះបង្ហាញថា កម្ពុជាកំពុងស្ថិតនៅលើគន្លង នៃការឈានទៅសម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ត្រឹមឆ្នាំ២០៣០ តាមការកំណត់ក្នុងរបៀបវារៈនៃគោលនយោបាយជាតិ៕