(ពោធិ៍សាត់ )៖ ប្តីប្រពន្ធ២នាក់ បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ និង៣នាក់ផ្សេងទៀត រងរបួសធ្ងន់ស្រាលក្នុងករណីរន្ទះបាញ់មួយ ខណៈកំពុងនាំគ្នាត្រឡប់មកពីរកផ្សិតផូងផាងនៅក្នុងព្រៃ។

ហេតុការណ៍នេះ បានកើតឡើង នៅវេលាម៉ោង១៥និង៣០នាទី ថ្ងៃទី១៤ ខែឧសភា ឆ្នាំ ២០១៩ នៅចំណុចខាងលើស្ទឹងអំពុស ចំងាយ៣០០ម៉ែត្រ ស្ថិតក្នុងភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍ពី ភ្នាក់ងារ Fresh News ប្រចាំខេត្តពោធិ៍សាត់ បានឲ្យដឹងថា ករណីរន្ទះបាញ់នេះ បានកើតឡើង ចំពោះមនុស្សប្រុសស្រី៥នាក់ បណ្តាលឲ្យស្លាប់២នាក់ របួសធ្ងន់ម្នាក់ និងរបួសស្រាល២នាក់ នៅពេលដែលពួកគេ កំពុងនាំគ្នាត្រឡប់មកពីរកផ្សិតផូងផាងនៅក្នុងព្រៃ ខណៈមេឃអួអាប់រកនឹង ភ្លៀង។

សេចក្តីរាយការណ៍បញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ៖
១-សុខ គឿន ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ ត្រូវជាប្តី (ស្លាប់នៅនឹងកន្លែង)
២-ណុប ចន្ថា ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតខ្មែរ ត្រូវជាប្រពន្ធ (ស្លាប់នៅនឹងកន្លែង) ទាំង២នាក់ប្តីប្រពន្ធមានទីលំនៅភូមិកាប៉ះលើ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។
៣-ហុីម យៈ ភេទស្រី អាយុ៤៨ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសធ្ងន់) កំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ។
៤-សុះ ឯល ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល)
៥-ឯល ម៉ាលី ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរឥស្លាម (របួសស្រាល) ទាំង៣នាក់ រស់នៅភូមិចាមថ្មី ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

បច្ចុប្បន្នសាកសពជនេងគ្រោះខាងលើ ត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ដោយឡែកអ្នករងរបួសកំពុងសំរាកព្យាបាល នៅមណ្ឌលសុខភាពឈើតុំ៕