(ភ្នំពេញ)៖ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ មានរយៈពេល៥ឆ្នាំហើយ ដែល Fresh News បានឈរជើងយ៉ាងរឹងមាំលើសមរភូមិព័ត៌មាន ដែលពោរពេញដោយការប្រកួតប្រជែង ក្នុងយុគសម័យព័ត៌មានបច្ចេកវិទ្យា ដើម្បីបម្រើដល់មិត្តអ្នកអាន។ ជាមួយការឈរជើងយ៉ាងរឹងមាំក្នុងរយៈពេល ៥ឆ្នាំនេះ Fresh News ទទួលបានការគាំទ្រយ៉ាងច្រើនពីមិត្តអ្នកអានជាប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស។
Fresh News បានចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ជាមួយបច្ចេកវិទ្យាថ្មីសន្លាងដំបូងគេនៅកម្ពុជា ក្នុងការផ្តល់ព័ត៌មានតាមបែបបច្ចេកវិទ្យាទំនើប គឺការបាញ់បញ្ជូនព័ត៌មានទៅដល់ដៃរបស់អ្នកអាន ដែលមានសហស្ថាបនិកវ័យក្មេងជាកូនខ្មែរពីររូប គឺលោក លឹម ជាវុត្ថា និងលោក គឹម ម៉េង។
រយៈពេល៥ឆ្នាំមកនេះ Fresh News បានវិវឌ្ឍន៍ខ្លួនដោយបានបង្កើតចេញសមិទ្ធផលជាច្រើនក្នុងការផ្តល់ព័ត៌មានកាន់តែសម្បូរបែប។ ផ្តើមចេញពីត្រឹមតែគេហទំព័រ និង App នៅឆ្នាំ២០១៤នោះ (បច្ចុប្បន្នមានអ្នកទាញយកទៅប្រើប្រាស់ជាង ១លាន), បច្ចុប្បន្ន Fresh News បង្កើតបានប៉ុស្តិ៍ទូរទស្សន៍ផ្សព្វផ្សាយគ្របដណ្តប់ទូទាំងផ្ទៃប្រទេស, វិទ្យុអនឡាញ, ទូរទស្សន៍តាមរយ: Smart TV និងលើទូរស័ព្ទ គេហទំព័រ ភាសាអង់គ្លេស ចិន និង App ផ្នែកកម្សាន្ត Khmer Talking និងមានការផ្សព្វផ្សាយព័ត៌មានទៅលើ Facebook (មានអ្នកចុច Like ជាង ៣លាន) និង YouTube ដែលមានអ្នក Subscribe ជាង ២៤ម៉ឺន។
តាមរយៈសមិទ្ធផលលើសេវាផ្តល់ព័ត៌មានដែលកើតមានជាបន្តបន្ទាប់ក្នុងរយៈពេល៥ឆ្នាំនេះ បានបង្ហាញឱ្យឃើញពីការវិវឌ្ឍន៍ជាបន្តបន្ទាប់ដោយមិនឈរនៅទ្រឹងមួយកន្លែងរបស់ស្ថាប័នព័ត៌មាន Fresh News ដែលកំពុងមានឈ្មោះបោះសំឡេងមួយនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។
តើអ្វីដែលនាំឱ្យ Fresh News អាចឈរជើងរឹងមាំប្រកបដោយឧត្តមភាពក្នុងវិស័យព័ត៌មាននៅកម្ពុជា ដែលកំពុងមានការប្រកួតប្រជែងដ៏ស្វិតស្វាញនេះ?
លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News បានចាត់ទុកសមិទ្ធផលទាំងនេះ ជាមោទនភាពមួយសម្រាប់ថ្នាក់ដឹកនាំ បុគ្គលិកគ្រប់ផ្នែក ក៏ដូចជាអង្គភាពទាំងមូល។ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា សមិទ្ធផលជាមោទនភាពមួយនេះ មិនអាចកើតមានឡើយ ប្រសិនបើគ្មានការប្រមូលផ្តុំពុទ្ធិ បញ្ញាស្មារតី និងការខិតខំអស់ពីកម្លាំងកាយចិត្តពីថ្នាក់ដឹកនាំ រហូតដល់បុគ្គលិកគ្រប់ផ្នែកទាំងនៅទីស្នាក់ការកណ្តាល និងតាមបណ្តារាជធានី-ខេត្ត។
នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលមានវ័យជិត ៤០ឆ្នាំរូបនេះ បានបញ្ជាក់ថា «ដូចយើងទាំងអស់គ្នាដឹងហើយ គ្មានភាពរីកចម្រើន និងសមិទ្ធផលដ៏ត្រចះត្រចង់ណាមួយអាចកើតមានឡើយ ប្រសិនបើយើងដឹកនាំដោយគ្មានចក្ខុវិស័យវែងឆ្ងាយទេនោះ។ បើការដឹកនាំមានចក្ខុវិស័យវែងឆ្ងាយ តែខ្វះការរួបរួម និងការប្រឹងប្រែងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ពីគ្រប់កោសិកានៅក្នុងស្ថាប័ន ឬអង្គភាពទេនោះ ភាពជោគជ័យ និងការលូតលាស់ ក៏មិនអាចកើតមានផងដែរ។ ខ្ញុំចង់និយាយថា អ្វីដែលអង្គភាព Fresh News បាននិងកំពុងទទួលបាននេះ គឺបានកើតចេញពីការប្រមូលផ្តុំកម្លាំងពីបុគ្គលិករបស់ខ្ញុំទាំងអស់ ហើយពួកគេបានខិតខំប្រឹងប្រែងបម្រើការងារប្រកបដោយការតាំងចិត្តខ្ពស់ ហើយស្វាហាប់ក្នុងការងារបំផុត អាចនិយាយបានថា បុគ្គលិករបស់ខ្ញុំ បានបានចាត់ទុក Fresh News ជាជម្រកជីវិតរបស់ពួកគេ ចាត់ទុកការងាររបស់ពួកគេ ជាចំណីអាហាររបស់ពួកគេ»។
គេនិយាយថា «មនុស្សម្នាក់ បញ្ហាមួយ» ដូច្នេះបុគ្គលិកជាង ១០០នាក់នៅក្នុងអង្គភាព Fresh News បញ្ហាក៏មានរាប់រយផងដែរ ហើយការគ្រប់គ្រងបុគ្គលិកជាអ្នកព័ត៌មាន ដែលជាមនុស្សចូលចិត្តសេរីភាពនិយមរឹតតែលំបាកទៅទៀត។ តើ CEO វ័យក្មេងរូបនេះ មានវិធីសាស្រ្ត និងយុទ្ធសាស្រ្តពិសេសអ្វី ដើម្បីគ្រប់គ្រង់បុគ្គលិក និងដឹកនាំស្ថាប័នព័ត៌មានមួយនេះ ឲ្យបានលេចធ្លោឡើងក្នុងរយៈពេលខ្លីបែបនេះ?
លោក លឹម ជាវុត្ថា បានបញ្ជាក់ថា ភាពច្នៃប្រឌិតផ្នែកបច្ចេកវិទ្យាព័ត៌មាន និងវិធីសាស្ត្រធ្វើឱ្យអាជីវកម្មលើវិស័យព័ត៌មានមាននិរន្តរភាព មិនសូវជាមានឧបសគ្គឡើយសម្រាប់រូបលោក ដែលជាអ្នកចូលចិត្តស្រាវជ្រាវផ្នែកបច្ចេកវិទ្យាព័ត៌មាន និងយល់ដឹងផ្នែកវិជ្ជាជីវ:សារព័ត៌មាន ព្រមទាំងស្វែងយល់អំពីជនល្បីៗផែ្នកជំនួញ និងនយោបាយ។
សម្រាប់ការគ្រប់គ្រង និងដឹកនាំបុគ្គលិកវិញ លោក លឹម ជាវុត្ថា បានលើកបង្ហាញនូវវីធីសាស្ត្រមួយចំនួន។ លោកបានបញ្ជាក់ថា លោកបានផ្តល់សេរីភាពពេញលេញឲ្យបុគ្គលិកបំពេញការងារ តាមជំនាញរបស់ពួកគេ តែក៏ត្រូវតាមដានជាប់ជានិច្ចមិនអាចធ្វេសប្រហែស សូម្បីមួយវិនាទី។ ចំណុចពិសេសមួយទៀត ដែលនាំឲ្យបុគ្គលិកធ្វើការងារប្រកបដោយភាពស្វាហាប់ គឺត្រូវយកចិត្តទុកដាក់ជាចម្បងទៅលើបញ្ហាក្រពះរបស់ពួកគេ ពោលបើជីវភាពរបស់ពួកគេលែងមានបញ្ហាហើយ ពួកគេនឹងផ្តោតការយកចិត្តទុកដាក់ខ្ពស់សម្រាប់ការងារ។
CEO ដែលមានជីវិតជាកូនកំព្រាទាំងឪពុក និងម្តាយតាំងពីអាយុជាង ១០ឆ្នាំរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះ «បញ្ហាជីវភាព គឺជារឿងសំខាន់ណាស់សម្រាប់សតិអារម្មណ៍បុគ្គលិក ដូច្នេះក្រៅពីការផ្តល់ប្រាក់បៀវត្សរ៍សមរម្យ ដល់ពួកគេហើយ យើងនៅមានការលើកទឹកចិត្តបន្ថែមថែមទៀត ដើម្បីធានាថា ជីវភាពរបស់ពួកគេមានស្ថេរភាព។ ខ្ញុំជឿជាក់ថា គ្មានបុគ្គលណាម្នាក់ វាយបំបែកកន្លែងចិញ្ចឹមក្រពះរបស់ពួកគេនោះទេ ផ្ទុយទៅវិញពួកគេនឹងប្រឹងប្រែង ថែរក្សាឲ្យកាន់តែរឹងមាំ ដើម្បីក្រពះ និងឧត្តមភាពជីវិតរបស់ពួកគេ»។
ក្នុងឱកាសខួប ៥ឆ្នាំនៃថ្ងៃកំណើត Fresh News លោក លឹម ជាវុត្ថា អរគុណដល់បុគ្គលិកគ្រប់ផ្នែកទាំងនៅទីស្នាក់ការកណ្តាល និងនៅតាមបណ្តារាជធានី-ខេត្ត ដែលបានខិតខំអស់កម្លាំងចិត្ត ដើម្បីភាពរីកចម្រើន និងវឌ្ឍនភាពរបស់អង្គភាព។ លោក ក៏សង្ឃឹមថា បុគ្គលិកទាំងអស់ នឹងចាត់ទុកដំបូល Fresh News ជាជម្រកជីវិតដ៏ត្រជាក់ត្រជុំ ហើយបន្តប្រមូលផ្តុំចំណេះដឹង កម្លាំងបញ្ញាស្មារតី ដើម្បីអភិវឌ្ឍដំបូលជីវិតមួយនេះ ឲ្យកាន់តែរីកធំធាត់ទៅមុខថែមទៀត។
លោកនាយកប្រតិបត្តិ Fresh News ក៏គោរពថ្លែងអំណរគុណដល់ម្ចាស់ក្រុមហ៊ុននានា ដែលបានជួយឧបត្ថម្ភគាំទ្រ និងមិត្តអ្នកអានទាំងអស់ ដែលតែងផ្តល់ការជឿទុកចិត្តដល់ អង្គភាពព័ត៌មាន Fresh News ។ លោក លឹម ជាវុត្ថា បានបញ្ជាក់ថា បើមានតែការខិតខំ ហើយគ្មានការគាំទ្រជឿទុកចិត្តពីម្ចាស់ក្រុមហ៊ុន និងមិត្តអានទេនោះ Fresh News មិនអាចដណ្តើមយកបានប្រជាប្រិយភាពដ៏លេចធ្លោក្នុងវិស័យព័ត៌មានបាននោះឡើយ។
លោកនាយកប្រតិបត្តិ ក៏សូមអរគុណដល់រាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំងអស់នៅកម្ពុជា ដែលជានិច្ចកាលតែងសហការជួយសម្របសម្រួលផ្តល់ព័ត៌មាន ដែលជួយឲ្យអង្គភាព Fresh News តែងទទួលបានព័ត៌មាន និង ដំណឹងទាន់ហេតុការណ៍យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋជ្រាបជាដំណឹង។ Fresh News ក៏រំពឹងថា រាជរដ្ឋាភិបាល អាជ្ញាធរ សមត្ថកិច្ច កងកម្លាំងប្រដាប់អាវុធ អង្គការសង្គមស៊ីវិល និងគណបក្សនយោបាយទាំងអស់បន្តកិច្ចសហការផ្តល់ព័ត៌មាន និងដំណឹង យកទៅផ្សព្វផ្សាយជូនប្រជាពលរដ្ឋ ឲ្យបានជ្រាប និង យល់ច្បាស់ពីសកម្មភាពនៅក្នុងសង្គមកម្ពុជា។
លោក លឹម ជាវុត្ថា ក៏បានសូមការអធ្យាស្រ័យខ្ពស់ ចំពោះកំហុសឆ្គងអចេតនា និងមិនបានតាំងចិត្តទាំងឡាយ ដែលបានកើតមានក្នុងការផ្តល់ព័ត៌មានក្នុងរយៈពេល៥ឆ្នាំកន្លងមកនេះ។ លោក ជាវុត្ថា បានតាំងចិត្តថា នឹងខិតខំកែតម្រូវរាល់កំហុសឆ្គងអចេតនាទាំងអស់នេះ ហើយក៏នឹងខិតខំគ្រប់លទ្ធភាព និងប្រមូលផ្តុំសមត្ថភាព ដើម្បីបម្រើវិស័យព័ត៌មាន ដែលគេនិយមនិយាយថា សមរភូមិសតិអារម្មណ៍មួយនេះឲ្យកាន់តែល្អប្រសើរ។
លោក CEO ក៏បានប្តេជ្ញាចិត្តខិតខំរកវិធីផ្តល់ព័ត៌មានឲ្យកាន់តែសម្បូរបែបថែមទៀត សម្រាប់មិត្តអ្នកអាន និងទស្សនារបស់ខ្លួន។
ជាមួយការប្រារព្ធខួប៥ឆ្នាំ លោកនាយកប្រតិបត្តិការ Fresh News បានគោរពបួងសួងវត្ថុស័ក្តិសិទ្ធិក្នុងលោក ទេវតាថែរក្សាចក្រវាឡទាំងមូល តាមអភិបាលប្រោសព្រំដល់ម្ចាស់ក្រុមហ៊ុន មិត្តអ្នកអាន និង បុគ្គលិកទាំងអស់ មានសុខភាពល្អប្រសើរ ការប្រកបរបរចិញ្ចឹមជីវិតកាន់តែរីកចម្រើន និងទទួលបានជោគជ័យ៕