(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈ Facebook របស់សម្តេចនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩នេះ បានបង្ហោះនូវរូបភាពជាច្រើនសន្លឹក នៃសកម្មភាពប្រមូលផលដំណាំ ដែលសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដាំក្នុងបរិវេណភូមិគ្រឹះរបស់សម្តេច។
ជាមួយនឹងការបង្ហោះនូវរូបភាពហើយនោះ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល បានលើកយកពាក្យចាស់មួយឃ្លាដែលបានពោល «រពឹសដៃផ្ទៃឆ្អែត» ដែលចង់បំផុសឲ្យបងប្អូនប្រជាពលរដ្ឋ ដែលមានផ្ទៃដីអាចដាំដុះបន្លែ ឬដំណាំផ្សេងទៀត គួរកុំទុកឲ្យដីនៅទំនេរ ដើម្បីទទួលបានផលសម្រាប់ទ្រទ្រង់គ្រួសារ។
សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «ពាក្យចាស់ពោលថា "រពឹសដៃផ្ទៃឆ្អែត" ដែលចង់សំដៅឲ្យខំធ្វើការខំដាំដុះ។ មានដីគួរឆ្លៀតដាំមុខដំណាំ ដើម្បីទទួលផលសម្រាប់ក្រុមគ្រួសារយើង។ ដីតូចដាំជី បន្លែ ស្លឹកគ្រៃ។ល។ ដីធំគួរជ្រើសមុខដំណាំដែលយើងត្រូវការជាប្រចាំយកមកដាំ ដើម្បីកុំឲ្យពិបាកដើររកទិញគេ នូវផលដំណាំដែលយើងអាចដាំបាន។ ថ្ងៃនេះខ្ញុំ និងភរិយាបង្ហាញនូវការប្រមូលផលដើមរដូវ នូវមុខដំណាំចំនួនបីមុខ ក្នុងចំណោមដំណាំរាប់សិបមុខ ដែលភរិយាខ្ញុំដាំជុំវិញផ្ទះខ្ញុំ»។
សូមជម្រាបថា រយៈពេលចុងក្រោយនេះ សម្តេចតេជោ ហ៊ុន សែន តែងតែដើរហាត់ប្រាណ នៅបរិវេណភូមិគ្រឹះរបស់សម្តេច ហើយថែមទាំងថតរូបផលដំណាំជាច្រើន បង្ហោះក្នុង Facebook ក្នុងបំណងជំរុញឲ្យប្រជាពលរដ្ឋចេះដាំដំណាំនៅផ្ទះរបស់ខ្លួនផងដែរ៕