(កំពង់ធំ)៖ អតីតយុទ្ធជនពិការលោក ឯក លន់ បានទទួលខ្នងផ្ទះលើកទី១២០ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានសមាគម អតីតយុទ្ធជនកម្ពុជា បានផ្តល់ជូនអតីតយុទ្ធជពិការដែលមានជីវភាពខ្វះខាត តាមរយៈទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា។

ផ្ទះមួយខ្នងនេះ បានសាងសង់រួច និងមានទំហំ៤ម៉ែត្រ x ៦ម៉ែត្រ សាងសង់ពីឈើខ្ពស់ផុតពីដី រនាប និងជញ្ជាំងក្តារ ប្រក់ស័ង្កសី ព្រមទាំងចំណាយថវិកាក្នុងការ សាងសង់អស់ទឹកប្រាក់ចំនួន ៧,២៥០,០០០រៀល។

ការប្រគល់ផ្ទះជូនអតីតយុទ្ធជនពិការ ស្ថិតក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពូជាខេត្តកំពង់ធំ នៅរសៀលថ្ងៃពុធទី១៥ ខែឧសភា ឆ្នាំ២០១៩ ដែលជាអំណោយខ្នងផ្ទះលើកទី១២០ របស់សម្ដេចតេជោ ហ៊ុន សែន សម្រាប់អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ។

អតីតយុទ្ធជនពិការគឺលោក ឯក លន់ មានភរិយាឈ្មោះ ផៃ វ៉េត អាយុ៣៧ឆ្នំា មានកូនតូចៗ នៅក្នុងបន្ទុកចំនួន២នាក់ បច្ចុប្បន្នរស់នៅភូមិកោះ ឃុំទ្រា ស្រុកស្ទោង ខេត្តកំពង់ធំ។ លោក ឯក លន់ មានអាយុ៤៣ឆ្នំា ធ្លាប់បម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៨៩ នៅអង្គភាពកងពលតូចលេខ១២ ឈរជើងនៅតំបន់អានសេះស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ហើយបានត្រូវរបួសពិការនៅឆ្នាំ១៩៩៧ បច្ចុប្បន្ន លោក និងភរិយារស់នៅជ្រកកោនផ្ទះតូចចង្អៀតជាមួយបងប្អូនហើយ ប្រកបមុខរបរនេសាទត្រីសម្រាប់ចិញ្ចឹមគ្រួសារ រស់នៅក្នុងជីវភាពលំបាកខ្វះខាត។

នៅក្នុងពិធីប្រគល់ផ្ទះជូនលោក ឯក លន់, ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៏បានឧបត្ថម្ភជូនបន្ថែមមានអង្ករ ៥០ គ.ក មីយើង២កេស ទឹកត្រីទឹកស៊ីអ៊ីវ ២យួរ មុងជ្រលក់ថ្នាំចំនួន២ និងថវិកាចំនួន ២១០,០០០រៀលផងដែរ។

អាជ្ញាធរដែនដី និងប្រជាពលរដ្ឋបានចូលរួមអបអរសាទរចំពោះក្រុមគ្រួសាររបស់លោក ឯក លន់ ដែលបានទទួលផ្ទះថ្មីពីសម្តេចតេជោ ហ៊ុន សែន ដែលសម្តេចបានយកចិត្តទុកដាក់មកលើ អតីតយុទ្ធជនគ្រប់រូប កំពុងតែជួបការលំបាក និងមានជីវភាពខ្វះខាត ត្រូវបានមើលថែពីសមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ដែលដឹកនាំដោយឧត្តមសេនីយ៍ទោ សោម ស៊ុន ចុះជួយ ដោះស្រាយគ្រប់ទិសទីធ្វើឲ្យអតីតយុទ្ធជនក្នុងខេត្តកំពង់ធំ មិនអស់សង្ឃឹមចំពោះការលះបង់កន្លងមក៕