(បន្ទាយមានជ័យ)៖ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន សមាជិកគណៈអចិន្រ្ដៃយ៍ គណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ឧបនាយករដ្ឋមន្រ្តី តំណាងរាស្រ្ត ប្រធានក្រុមការងារថ្នាក់កណ្តាល ចុះជួយខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩នេះ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ គណបក្សឈានឆ្ពោះទៅយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ និងប្រកាសផ្ទេរភារកិច្ច ប្រធានគណបក្សខេត្តបន្ទាយមានជ័យ ដែលមានសមាជិក សមាជិកាចូលរួមជិត១,០០០នាក់ នៅមន្ទីរបក្ស ខេត្តបន្ទាយមានជ័យ។

ក្នុងឱកាសនេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានមានមតិពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស, សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស។

នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានថ្លែងដោយឯកភាពទាំងស្រុង លើលទ្ធផលនិងទិសដៅការងារបន្ត និងសូមកោតសសើរ និងវាយតំលៃខ្ពស់ ចំពោះគណបក្សគ្រប់ផ្នែក អាជ្ញាធរដែនដី សមត្ថកិច្ច គ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ យោធា នគរបាល កងរាជអាវុធហត្ថ ប្រជាពលរដ្ឋដែលរក្សាបាននូវស្មារតីសាមគ្គីភាពឯកភាពផ្ទៃក្នុង ចូលរួមថែរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់ បាននូវការប៉ុនប៉ង ធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ ដឹកនាំសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ពួកអគតិ-អមិត្ត និងបានចូលរួមធ្វើការងារមនុស្សធម៌ ជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិ ពិសេសខ្យល់កន្រ្តាក់។

ជាមួយគ្នានេះ នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន បានសំណូមពរដល់ឲ្យបន្តកសាងពង្រឹងបក្ស ឲ្យបានរឹងមាំដោយផ្សារភ្ជាប់ ជាមួយប្រជាជនលើកកម្ពស់ ផលប្រយោជន៍ប្រជាជន និងបន្តពង្រឹងការឯកភាពផ្ទៃក្នុង ទស្សនៈ គោលជំហរសកម្មភាព កំណែទម្រង់ស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងបន្តដំណើររួមគ្នាឆ្ពោះ ទៅដណ្តើមជ័យជំនះជូនគណបក្ស ក្នុងការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៣ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខ ដើម្បីបន្តសន្តិភាព និងការអភិវឌ្ឍ រីកចម្រើនជូនប្រទេសជាតិ និងវិបុលភាពសុខដុមរមនា ជូនប្រជាជនយើង។

ជាមួយគ្នានេះដែរ ក៏មានការផ្ទេរតំណែងប្រធានគណៈកម្មាធិការគណបក្សខេត្តបន្ទាយមានជ័យ ជូនលោក អ៊ុ រាត្រី ជំនួសលោក សួន បវរ ដែលត្រូវទៅកាន់តួនាទីថ្មី៕