(ប៉េកាំង)៖ បន្ទាប់ពីចូលរួមជាវាគ្មិននៃសន្និសីទ ស្ដីពីការសន្ទនាអរិយធម៌អាស៊ី ក្រោមប្រធានបទ វប្បធម៌ ទេសចរណ៍ និងទំនាក់ទំនាក់រវាងប្រជាជន និងប្រជាជន លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា បានជួបទ្វេភាគីជាមួយ លោក ឡ ស៊ូកាង រដ្ឋមន្ត្រីក្រសួងវប្បម៌ និងទេសចរណ៍ចិន នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងប៉េកាំង ដោយបានពិភាក្សាគ្នាដើម្បីដាក់ចុះនូវសកម្មភាពនានា សម្រាប់អនុវត្តនាពេលខាងមុខបន្ថែមទៀត ស្របតាមស្មារតីនៃផែនការសកម្មភាពនៃសហគមន៍វាសនារួមកម្ពុជា-ចិន (Cambodia – China Community of Shared Future) ដែលប្រមុខដឹកនាំនៃប្រទេសទាំងពីរបានចុះហត្ថលេខានាឱកាសកិច្ចប្រជុំកំពូលខ្សែក្រវ៉ាត់ និងវិថី នៅទីក្រុងប៉េកាំងនាពេលកន្លងទៅថ្មី។ ភាគីទាំងពីរបានឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការទេសចរណ៍ ឲ្យឈានមួយកម្រិតទៀតដូចជា៖

* ដោយកោតសសើរចំពោះភាពរីកចម្រើននៃវិស័យទេសចរណ៍កម្ពុជា ភាគីចិននឹងគាំទ្រសកម្មភាពនានារបស់កម្ពុជាក្នុងការផ្សព្វផ្សាយទេសចរណ៍ទៅទីផ្សារចិននាពេលខាងមុខ

* ក្រសួងទេសចរណ៍បានឧទ្ទេសនាមទីភ្នាក់ងារទេសចរណ៍កម្ពុជា ចំនួន១៣ ជាជំហ៊ានទី១ ហើយភាគីចិនរីករាយនិងខិតខំរកដៃគូរល្អៗសហការជាមួយ កម្ពុជាឲ្យបានច្រើន។ ក្រសួងទេសចរណ៍នឹងឧទ្ទេសនាមក្រុមហ៊ុនផ្សេងៗទៀតជាបន្តបន្ទាប់ សំដៅជំរុញកិច្ចសហការរវាងក្រុមហ៊ុនឯកជនកម្ពុជា និងចិន ឲ្យបានច្រើន។

* ក្រសួងទេសចរណ៍ក៏បានឧទ្ទេសនាមស្ថានតំណាងទេសចរណ៍កម្ពុជា ចំនួន៥រូប ហើយភាគីចិនក៏រីករាយ និងជួយពិនិត្យវាយតម្លៃផងដែរ។ ភាគីចិនបានគាំទ្រឲ្យកម្ពុជា មានស្ថានតំណាងផ្សព្វផ្សាយទេសចរណ៍របស់ខ្លួន នៅគ្រប់តំបន់ នៃប្រទេសចិន ជាពិសេសក្នុងតំបន់ណាដែលមានស្ថានអគ្គកុងស៊ុលកម្ពុជា និងជើងហោះហើរត្រង់ជាមួយកម្ពុជា ក្នុងដំណាក់កាលចំពោះមុខ។

* ភាគីចិននឹងផ្សព្វផ្សាយឲ្យក្រុមហ៊ុនទេសចរណ៍ ចូលរួមកម្មវិធីតាំងពិពរ័ណ៍ទេសចរណ៍កម្ពុជា (CTM) និងវេទិកាវិនិយោគទេសចរណ៍កម្ពុជា លើកទី២ នៅអំឡុងខែតុលា ឆ្នាំ២០១៩ នៅកម្ពុជាខាងមុខ

* ភាគីកម្ពុជានឹងសម្រួលដល់ការផ្សព្វផ្សាយទេសចរណ៍ចិននៅកម្ពុជា

* ភាគីទាំងពីរនឹងពង្រឹងការអនុវត្តរាល់អនុស្សរណយោគយល់នានាដែលបានចុះហត្ថលេខារួចហើយ។

សូមរំលឹកថា ឆ្នាំ២០១៨ កម្ពុជាបានទទួលទេសចរអន្តរជាតិចំនួន ៦.២លាននាក់ ក្នុងកំណើន ១១% ក្នុងនោះទេសចរជនជាតិចិន មានចំនួន ២.០២លាននាក់ កើនឡើង ៦៧% ។ រយៈពេល ០៣ខែ ដើមឆ្នាំ ២០១៩ នេះ កម្ពុជាបានទទួលទេសចរអន្តរជាតិប្រមាណជាង ១.៨លាននាក់ កើន ៩.៧% ក្នុងនោះ ទេសចរជនជាតិចិនមានប្រមាណជាង ៦៨ម៉ឺននាក់ កើនជាង ៣៥% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៨៕