(កំពង់ធំ)៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ នឹងបន្ដដាក់ពង្រាយមន្ដ្រីចុះទៅឃ្លាំមើលដីនៅតំបន់២ និងតំបន់៣ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន ស្ថិតនៅក្នុងមូលដ្ឋានស្រុកបារាយណ៍ ក្រែងមានការទន្ទ្រានកាន់កាប់យកធ្វើជាកម្មសិទ្ធិឯកជន។

អភិបាលខេត្តកំពង់ធំ ក៏បានបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះ ពុំមានសកម្មភាពចុះទៅទន្ទ្រានកាន់កាប់ដីនៅតំបន់២ និងតំបន់៣ទៀតនោះឡើយ ហើយនាពេលកន្លងទៅមន្ដ្រីរបស់លោក ក៏បានចាប់គ្រឿងចក្រជាច្រើនគ្រឿងផងដែរ ដែលទៅភ្ជួរឈូសឆាយរំលោភដីនៅទីនោះ ប៉ុន្ដែមិនថាតែតំបន់ទាំង២នេះទេ នៅបណ្ដាស្រុកទាំងអស់លោកនឹងបញ្ជាឲ្យមន្ដ្រីជំនាញ និងមន្ដ្រីមូលដ្ឋានបន្ដយកចិត្តទុកដាក់ តាមដានករណីនេះបន្ដទៀត។

ប្រជាពលរដ្ឋនៅឃុំទ្រាល ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានរាយការណ៍ថា ក្នុងរយៈពេលថ្មីៗនេះ មានសកម្មភាពទៅទន្ទ្រានយកដីជាង ២០០ហិចតា នៅតំបន់២ និងតំបន់៣ ដែលដឹកនាំដោយឈ្មួញម្នាក់ ឈ្មោះ អ៊ុក វ៉ុន។ ប្រជាពលរដ្ឋរូបនេះ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា សកម្មភាពខាងលើបានកើតមានឡើង តាំងពីមុខថ្ងៃចូលឆ្នាំមកម្ល៉េះ ប៉ុន្ដែក្រោយមកក៏មានមន្ដ្រីបរិស្ថាន និងអាជ្ញាធរចុះទៅហាមឃាត់ផងដែរ។

បើតាមប្រជាពលរដ្ឋ ការឈូសឆាយទន្ទ្រានយកដីនៅតំបន់នោះ អាចនឹងបន្ដកើតឡើង ហើយការវាទទីរំលោភយកក៏កាន់តែធំឡើង ដែលឈ្មួញទុកលក់ឲ្យប្រជាពលរដ្ឋ ដែលគាត់អះអាងថា ចេញទៅពីខេត្តកណ្ដាល។

មេឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្ដកំពង់ធំ លោក ធូ សេង បានថ្លែងថា លោកមិនទាន់បានទទួលព័ត៌មាន នៃការរំលោភយកតំបន់២ និងតំបន់៣នេះឡើយ ហើយលោកក៏មិនបានក្ដាប់ឲ្យលម្អិត ពាក់ព័ន្ធទៅនឹងបញ្ហានេះទេ។

យោងតាមរបាយការណ៍របស់អភិបាលស្រុកបារាយណ៍ ដែលផ្ញើជូនអភិបាលខេត្តកំពង់ធំ បានឲ្យដឹងថា ដីនេះក៏ដូចដីនៅតំបន់ ២ផ្សេងៗទៀត ត្រូវបានប្រជាពលរដ្ឋចូលកាន់កាប់ ហើយផ្ទេរសិទ្ធ ជាច្រើនដំណតាំងពីមុនឆ្នាំ២០០៧ម្ល៉េះ។ ដីដែលថា លោកអ៊ុក វ៉ុន ភ្ជួរនេះ គឺដីនៅតំបន់២ ហើយបានផ្ទេរពីលោកជា រ៉ាវី ហើយជា រ៉ាវី បានប្រមូលទិញពីប្រជាពលរដ្ឋនៅឃុំទ្រៀល តាំងពីឆ្នាំ២០០៧ម្ល៉េះ (ផ្ទេរត្រឹមឃុំ ) គឺមុនការកំណត់តំបន់។

របាយការណ៍បានបន្តទៀតថា កន្លងមកដីនេះ ប្រជាពលរដ្ឋបានអាស្រ័យផលមួយចំនួន និងមួយចំនួនអាស្រ័យផលម្តងម្កាលដោយសារបញ្ហាទឹក។ ករណីលោក អ៊ុក វ៉ុន ភ្ជួរនេះ លើដីបង្កបង្កើនផលចាស់ខ្លះ (លើគល់កញ្ច្រាំចាស់) មួយចំនួនថ្មី គឺលោកវ៉ុន ប្រហែលជួលដីឲ្យគេ។ ដីនោះនៅខាងត្បូងដីវិនិយោគ អាងងិនវុធ និងជើងអាងអុកតាតេង។ ជាមួយគ្នានេះ ខាងមន្ទីរបរិស្ថាន ក៏បានកោះហៅលោក អ៊ុក វ៉ុន ទៅបំភ្លឺផងដែរ។

ប្រជាពលរដ្ឋបានរាយការណ៍ថា ឈ្មួញ អ៊ុក វ៉ុន នេះរស់នៅឃុំបារាយណ៍ ស្រុកបារាយណ៍ ខេត្តកំពង់ធំ បានយកគ្រឿងចក្រដូចជា ត្រាក់ទ័រទៅភ្ជួរ និងអេស្កាវ៉ាទ័រ ៤ ទៅ៥គ្រឿង ទៅកាយព្រុំរំលោភយកដីតំបន់ការពារទេសភាពអស់ជិត ៣០០ហិកតា តែហាក់គ្មានអាជ្ញាធរថ្នាក់ណាហ៊ានទៅហាមឃាត់ឡើយ។

ប្រជាពលរដ្ឋបានសំណូមពរដល់ក្រសួងមន្ទីរពាក់ព័ន្ធ ជួយទប់ស្កាត់ឈ្មួញ និងមន្ត្រីខិលខូចទាំងនោះ ជាពិសេសសូមឲ្យមានវិធានការទៅលើជននេះឲ្យបានធ្ងន់ធ្ងរបំផុតកុំលើកលែង។

យ៉ាងណាក៏ដោយ អភិបាលខេត្តកំពង់ធំ នឹងចាត់វិធានការច្បាប់ មិនលើកលើកឲ្យឡើយ សម្រាប់សកម្មភាពទន្ទ្រាញយកដីរបស់រដ្ឋទាំងនេះ៕