(ត្បូងឃ្មុំ)៖ លោក វង សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី បានអញ្ចើញសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ ទៅចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារខ្យល់កន្រ្តាក់ ទទួលរងផលប៉ះពាល់ ដោយការប៉ើងដំបូល និងរលំផ្ទះ ចំនួន១៧០គ្រួសារ ក្នុងស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩។

ថ្លែងនាឱកាសនោះ រដ្ឋមន្ត្រីបានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ នៅពេលមេឃងងឹតរកភ្លៀងម្តងៗ សូមផ្អាកធ្វើការងារផ្សេងៗនៅក្រៅផ្ទះហាលភ្លៀង ហើយឆាប់រូតរះរត់រកទីកន្លែងមានសុវត្ថិភាព ដើម្បីការពារខ្លួនកុំឲ្យមានគ្រោះថ្នាក់ដោយសារគ្រោះធម្មជាតិ ដូចជាមានផ្គររន្ទះបាញ់ ខ្យល់កន្ត្រាក់ ខ្យល់ព្យុះ ដែលនាំឲ្យជួបគ្រោះថ្នាក់ផ្សេងៗដល់ប្រជាពលរដ្ឋផងដែរ។

បន្ថែមពីលើនេះ រដ្ឋមន្ត្រី វង សូត បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន បានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទិសទី ដោយមិនប្រកាន់និន្នាការនយោបាយឡើយ ហើយបញ្ហាគ្រោះធម្មជាតិខ្យល់កន្រ្តាក់នេះ ជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ដែលបណ្តាលមកពីបម្រែបម្រួលអាកាសធាតុ និងសុំស្នើដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ឲ្យជួយតាមដានបញ្ហាគ្រោះធម្មជាតិនេះ ដើម្បីអាចជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។

បើតាមរបាយការណ៍របស់ លោក លី សុភាលីន អភិ បាលស្រុកពញាក្រែក បានឲ្យដឹងថា៖ គិតត្រឹមថ្ងៃទី ០៩ ខែឧសភា មានប្រជាពលរដ្ឋចំនួន ១៩ គ្រួសារ បានរងគ្រោះដោយខ្យល់កន្ត្រាក់បណ្ដាលឱ្យរលំផ្ទះ របើកដំបូល ខូចខាតទ្រព្យសម្បត្តិផ្ទាល់ខ្លួនជាច្រើនមកហើយ លុះដល់ថ្ងៃទី ១០ ខែឧសភា ក៏មានករណីភ្លៀងលាយឡំនឹងខ្យល់កន្រ្ដាក់យ៉ាងខ្លាំង បណ្ដាលឱ្យប្រជាពលរដ្ឋចំនួន ១៥១ គ្រួសារ បន្ថែមទៀត ទទួលរងគ្រោះពីបាតុភូតនេះ រហូតមកដល់ថ្ងៃទី១៦នេះ ក្នុងស្រុកពញាក្រែកមានប្រជាពលរដ្ឋសរុបចំនួន ១៧០ គ្រួសារ ក្នុងនោះ ១៥៧គ្រួសារខូចខាតប៉ើងដំបូលតិចតួច និង១៣គ្រួសារខូចខាត់ធ្ងន់ធ្ងរ។

ចំពោះអំណោយដែលចែកជូនប្រជាពលរដ្ឋរងគ្រោះចំនួន១៧០គ្រួសារនាឱកាសនោះ រួមមាន ៖ក្នុង១គ្រួសារៗទទួលបាន អង្ករ២០គីឡូក្រាម, មី១កេស, ទឹកត្រី១យួរ, ទឹកស៊ីអ៊ីវ១យួរ, តង់១ និងថវិការ១០ម៉ឺនរៀល សម្រាប់ផ្ទះ១៥៧ខ្នង ខូចខាតតិចតួច និងថវិការ២០ម៉ឺនរៀល សម្រាប់គ្រួសារខូខាតធ្ងន់ធ្ងរ ១៣គ្រួសារផងដែរ៕