(ភ្នំពេញ)៖ រយៈពេល៤ខែដើមឆ្នាំ២០១៩នេះ កម្ពុជាបាននាំចេញអង្ករទៅកាន់ទីផ្សារអន្ដរជាតិជាង២១ម៉ឺនតោន កើនឡើង៨.៣១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

របាយការណ៍ផ្លូវការរបស់លេខាធិការដ្ឋានច្រកចេញចូលតែមួយ សម្រាប់ការបំពេញបែបបទនាំចេញអង្ករ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩បានបញ្ជាក់ថា ចាប់ពីខែមករា ដល់មេសា ឆ្នាំ២០១៩ កម្ពុជាបាននាំចេញអង្ករចំនួន២១៣,៧៦៣តោន កើនឡើង៨.៣១% បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន១៩៧,៣៥៤តោន។

យោងតាមរបាយការណ៍ដដែរបានបញ្ជាក់ថា ប្រទេសចំនួនជិត៧០ បានទិញពីកម្ពុជា ហើយប្រទេសដែលទិញអង្ករច្រើនជាងនៅកម្ពុជា គឺប្រទេសចិន ដែលមានចំនួនជាង៩ម៉ឺនតោន បន្ទាប់មកគឺប្រទេសបារាំង ដែលមានចំនួនជិត៣ម៉ឺនតោន និងចំណាត់ថ្នាក់ទី៣ ប្រទេសហ្គាបុង ដែលមានចំនួនជាង ១.៣ម៉ឺនតោន។

បើក្រឡែកទៅមើលប្រទេសនៅសហគមន៍អឺរ៉ុប ដែលចាប់ផ្តើមគិតពន្ធលើកអង្ករកម្ពុជា ចាប់តាំងពីខែមករាមកឃើញថា នៅ៤ខែកន្លងមកនេះ កម្ពុជានាំចេញបាន៦.៥ម៉ឺនតោន ស្មើនឹងជាង៣០ភាគរយនៃចំនួនអង្ករ ដែលកម្ពុជាបាននាំចេញទាំងអស់។ ដូច្នេះទោះគិតពន្ធ ក៏អង្កររបស់កម្ពុជា នៅតែអាចនាំចូលអឺរ៉ុបបានដដែល។

សូមជម្រាបថា នៅឆ្នាំ២០១៨កន្លងទៅកម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ បានចំនួនជាង៦២ម៉ឺនតោន ខណៈរាជរដ្ឋាភិបាល មានផែនការជំរុញការនាំចេញអង្ករ ឲ្យបាន១លានតោនក្នុង១ឆ្នាំ៕