(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានបញ្ជាក់ថា ក្រុមការងាររបស់ខ្លួន​ ដែលដើរចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស បានខិតខំបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនយ៉ាងសកម្ម ដើម្បីធានាថាប្រជាពលរដ្ឋខ្មែរដែលបានបំពេញលក្ខខណ្ឌត្រឹមត្រូវស្របតាមច្បាប់ ត្រូវមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ទោះបីជាអាកាសធាតុមិនអំណោយផល និងស្ថានភាពផ្លូវមានការលំបាកនារដូវវស្សាយ៉ាងណាក៏ដោយ។

តួយ៉ាងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ ដែលជាថ្ងៃទី១៦ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ក្រុមចុះឈ្មោះបោះឆ្នោតនៅភូមិអន្ទឹល ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានធ្វើដំណើរតាមផ្លូវដ៏លំបាក ដើម្បីចុះឈ្មោះបោះឆ្នោតជូនប្រជាពលរដ្ឋនៅទីនោះ។ សកម្មភាពនេះ គឺភាពជាអ្នកបម្រើសេវាជូនប្រជាពលរដ្ឋ ដែលជាត្រីវិស័យមួយក្នុងចំណោមត្រីវិស័យទាំង៧ របស់ គ.ជ.ប។

បើតាម គ.ជ.ប ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ មានរយៈពេល២២ថ្ងៃ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០១៩។ ពីថ្ងៃទី១ ដល់ថ្ងៃទី៦ ខែឧសភា ចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់ ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែឧសភា ក្រុមចុះឈ្មោះបោះឆ្នោត ចុះឈ្មោះនៅតាមភូមិមួយចំនួនក្នុងឃុំ សង្កាត់ និងពីថ្ងៃទី១៨ ដល់ថ្ងៃទី២២ ខែឧសភា ត្រឡប់មកចុះឈ្មោះនៅតាមសាលាឃុំ សង្កាត់វិញ។ គ.ជ.ប និងក្រុមចុះឈ្មោះបោះឆ្នោត រួមទាំងមន្ត្រីពាក់ព័ន្ធផ្សេងទៀត ទោះបីជាបានខិតខំយ៉ាងណាក៏ដោយ ប្រសិនបើគ្មានការចូលរួមពីប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោតទេ ក៏មិនអាចធ្វើឱ្យប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានដែរ។

គ.ជ.ប បានបញ្ជក់ដែរថា នៅសល់តែ ៦ថ្ងៃទៀតទេ សូមអញ្ជើញប្រជាពលរដ្ឋទាំងអស់៖
*មកពិនិត្យបញ្ជីឈ្មោះបោះឆ្នោត ដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង
*ហើយប្រជាពលរដ្ឋដែលទើបគ្រប់អាយុ១៨ឆ្នាំ (កើតមុន ឬកើតត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០០១) និងប្រជាពលរដ្ឋដែលមិនធ្លាប់ចុះឈ្មោះបោះឆ្នោតពីមុនមក អញ្ជើញទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា។

ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០១៨ ក៏អាចពិនិត្យបញ្ជីឈ្មោះបោះឆ្នោតនៅលើគេហទំព័រ គ.ជ.ប www.voterlist.org.kh និងតាមរយៈកម្មវិធីទូរស័ព្ទដៃ Voterlist KH (App) បានផងដែរ។

គួរជំរាបថា គិតត្រឹមថ្ងៃទី១៥ ខែឧសភា ដែលជាថ្ងៃទី១៥ នៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០១៩ នៅក្របខ័ណ្ឌទូទាំងប្រទេស ប្រជាពលរដ្ឋដែលបានអញ្ជើញមកចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ៨២,៣២២នាក់ អ្នកដែលបានលុបចេញពីបញ្ជីបោះឆ្នោត មានចំនួន ២៦,៤០១នាក់ និងអ្នកដែលបានកែតម្រូវទិន្នន័យ មានចំនួន ១,៥៧១នាក់៕