(ភ្នំពេញ)៖ ថ្ងៃ១៥ កើត ខែវិសាខ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់មួយ ដែលពុទ្ធសាសនិកជនគ្រប់រូបទូទាំងពិភពលោក តែងប្រារព្ធរលឹកជារៀងរាល់ឆ្នាំ តាមរយៈកម្មវិធីបុណ្យប្រពៃណីពុទ្ធសាសនា វិសាខបូជា។ វិសាខបូជា ដែលនឹងប្រារព្ធឡើងក្នុងឆ្នាំ២០១៩ នេះ ដើម្បីរំលឹកដល់ថ្ងៃខួបកំណើត (ខួបទី២៦៤២) ខួបថ្ងៃត្រាស់ដឹង (ខួបទី២៦០៧) និងខួបថ្ងៃចូល បរិនិព្វាន (២៥៦២) របស់ព្រះសមណគោត្តម ដែលជាព្រះអរហន្តសម្មាសម្ពុទ្ធបរមគ្រូនៃយើង។ អភិលក្ខិតសម័យទាំងបីនេះ កើតឡើងនៅចំថ្ងៃ១៥កើត ខែវិសាខតែមួយខុសគ្នាតែឆ្នាំប៉ុណ្ណោះ។

ថ្ងៃនេះដែរក៏ជាថ្ងៃអង្គការសហប្រជាជាតិបានកំណត់យកវិសាខបូជា ជាទិវាអន្តរជាតិ ចាប់តាំងពីថ្ងៃ១៥ ធ្នូ ១៩៩៩ មកម្ល៉េះ ដែលជាការទទួលស្គាល់ជាសាកលអំពីការរួមចំណែក របស់ព្រះពុទ្ធសាសនាក្នុង ពិភពលោកជាងពីរពាន់ប្រាំរយឆ្នាំមកនេះហើយនិងកំពុងបន្តនូវ ឥទ្ធិពលរបស់ខ្លួនក្នុងការលើកស្ទួយចិត្តវិញ្ញាណរបស់មនុស្សជាតិតទៅទៀត។

ជាធម្មតាក្នុងថ្ងៃនេះ ប្រជាពុទ្ធសាសនិកជនតែងតែធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំឭកសសើរ ការស្តាប់ ធម្មទេសនា និងការសាកសួរសាកច្ឆាធម៌ជាដើម។ កិច្ចការទាំងនេះក៏ជាការប្រសើរហើយ ព្រោះបាននូវអានិសង្ស ដែលកើតមកពីការធ្វើទាន រក្សាសីលជាដើម តែជាពិសេសទៅទៀតនោះ គឺការដែលប្រជាពុទ្ធបរិស័ទគប្បីយល់ឱ្យកាន់តែបានច្បាស់ថែមទៀតអំពី សារៈសំខាន់របស់ថ្ងៃទាំងបីនេះ ដើម្បីជាប្រយោជន៍សម្រាប់យកមកប្រតិបត្តិ និងអនុវត្តក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។

ក្រុមហ៊ុនផ្កាឈូក ដែលជាក្រុមហ៊ុនឯកជនខ្មែរក្នុងស្រុក បានចូលរួមចំណែកក្នុងការផ្តួចផ្តើមគំនិតឲ្យមានសន្និសីទឈ្វេងយល់ពី «បុណ្យវិសាខបូជា» ដោយសហការជាមួយពុទ្ធិក សាកលវិទ្យាល័យព្រះសីហនុរាជ, គណៈសង្ឃនាយក, ក្រសួងធម្មការ និងសាសនា អាជ្ញាធរមូលដ្ឋាន រួមទាំងស្ថាប័នពាក់ព័ន្ធនានា។ សន្និសីទឈ្វេងយល់ពី «បុណ្យវិសាខបូជា» នេះប្រារព្ធនៅរាជធានីខេត្តចំនួន ៤ គឺខេត្តព្រៃវែង-ស្វាយរៀង, បាត់ដំបង, សៀមរាប និងរាជធានីភ្នំពេញ ដែលមានអ្នកចូលរួមជាព្រះសង្ឃ សិស្សនិស្សិត ប្រជាពុទ្ធបរិស័ទ អាជ្ញាធរមូលដ្ឋាន និងជាពិសេសេយុវជន សរុប២៦០០រូបជាការចូលរួមផ្ទាល់ និងជាង២០,០០០នាក់ តាមការផ្សាយផ្ទាល់។

នៅក្នុងសង្កថាបើកកម្មវិធីឈ្វេងយល់ពីបុណ្យវិសាខបូជានេះ លោក អៀង សុធារ៉ា បានលើកឡើងអំពីសារៈសំខាន់របស់វិស័យឯកជនក្នុងការចូលរួមជាមួយគណៈសង្ឃខ្មែរ និងរាជរដ្ឋាភិបាល ដែលត្រូវធ្វើយ៉ាងណាឲ្យប្រជាពុទ្ធបរិស័ទអាចទាញយកអត្ថន័យនៃបុណ្យជាតិព្រះពុទ្ធសាសនា យកមកអភិវឌ្ឍជីវិតខ្លួនអោយបានកាន់តែប្រសើរ។

ជាពិសេស គឺការធ្វើពាណិជកម្មរបស់វិស័យឯកជន ដែលគួរប្រកបដោយសម្មាអាជីវៈ (អាជីវកម្មត្រឹមត្រូវតាមច្បាប់) តាមការប្រៀនប្រដៅរបស់ព្រះសម្មាសម្ពុទ្ធ។ លោក អៀង សុធារ៉ា បានបង្ហាញនូវក្តីសង្ឃឹមថា ថ្ងៃណាមួយសង្គមពុទ្ធរបស់យើងនឹងកើតមានឡើងនូវសុចរិតភាពកាន់តែច្រើនឡើង ហើយអាជីវករដែលអនុវត្តសម្មាអាជីវៈ ក៏នឹងមានចំនួន ច្រើនថែមទៀត ដើម្បីជួយជាកម្លាំងបន្ថែមដល់តួនាទីព្រះសង្ឃ ដែលជាតួនាទីមិនអាចអត់បាន ក្នុងការលើកស្ទួយគុណធម៌ សមត្ថភាព និងសុខភាពប្រជាជាតិខ្មែរឲ្យកាន់តែ ប្រសើរឡើង។

សម្តេចព្រះពោធិវ័ង្ស សម្តេចព្រះសង្ឃនាយករងទី២ បានចាត់តាំងព្រះរាជាគណៈនិងមន្ត្រីសង្ឃជាច្រើនរូបឱ្យចូលរួមធ្វើជាវាគ្មិនក្នុងកម្មវិធី ឈ្វេងយល់ពី «បុណ្យវិសាខបូជា» ទាំងរាជធានី-ខេត្តខាងលើនេះ ដែលសុទ្ធតែជាបញ្ញវ័ន្តសង្ឃនាពេលបច្ចុប្បន្ននេះ។

តាមរយៈកម្មវិធីឈ្វេងយល់ពីបុណ្យវិសាខបូជានេះ អ្នកចូលរួមទាំងអស់បានយល់ថា ពុទ្ធបរិស័ទខ្មែរអាចទាញយកមេរៀនបានេពីការប្រារព្ធបុណ្យវិសាខបូជាដូចតទៅ៖

មេរៀនដែលគួរបានពីបុណ្យវិសាខបូជា
១- ថ្ងៃប្រសូត៖ កើតមកជាមនុស្ស ត្រូវតាំងចិត្តធ្វើអ្វីមួយក បង្កើតអ្វីថ្មីមួយក្នុងជីវិតឲ្យទាល់តែបានសម្រេច ដោយការសិក្សា ហ្វឹកហាត់ អប់រំខ្លួន តាមជំហានទាំង៧ គឺសត្តពោជង្ឈង្គ៧ ជាផ្លូវឆ្ពោះទៅរកជោគជ័យក្នុងជីវិត ជាផ្លូវមធ្យម តាមអរិយសច្ច៤ ដែលព្រះពុទ្ធអង្គបានឈានមុនយើង និងបានសម្រេចរួចមកហើយ។

២. ថ្ងៃត្រាស់ដឹង៖ កាលបានសម្រេចនូវអ្វីដែលខ្លួនបានតាំងចិត្តហើយ គប្បីធ្វើឲ្យការសម្រេចបាននោះ ទៅជាប្រយោជន៍ដល់ខ្លួន និងមនុស្សជាតិ និង ចែកចាយការសម្រេច ព្រមទាំងវិធីដែលនាំឲ្យសម្រេចគោលដៅនោះដល់មនុស្សជាតិទូទៅ។

៣. ថ្ងៃបរិនិព្វាន៖ សេចក្តីស្លាប់គឺជាធម្មជាតិរបស់មនុស្ស-សត្វ។ ក្នុងឋានៈជាមនុស្ស មុននឹងស្លាប់គប្បីមានមត៌កណាមួយដែលមនុស្សជំនាន់ក្រោយ អាចយកទៅប្រើជាប្រយោជន៍សម្រាប់កសាងខ្លួន សង្គម និងបរិស្ថានឲ្យស្ថិតស្ថេរយូរអង្វែងតទៅ។

ក្នុងឋានៈជាពុទ្ធសាសនិកត្រូវប្រឹងប្រែងរៀនពុទ្ធសាសនា ឲ្យយល់ច្បាស់ យកពុទ្ធធម៌មកអនុវត្តជាប្រចាំថ្ងៃ ថែរក្សាពុទ្ធសាសនាឲ្យគង់ និង ផ្សព្វផ្សាយពាក្យប្រៀនប្រដៅ របស់ព្រះពុទ្ធអង្គអំពីសន្តិភាព បញ្ញា និង មេត្តាករុណា ដល់កុលបុត្រខ្មែរ និងមនុស្សជាតិជំនាន់ក្រោយឲ្បបានទូលំទូលាយតទៅ។ ជាពិសេសទៅទៀតនោះ គឺការបណ្តុះនិងថែទាំអ្នកបន្តវេនពុទ្ធសាសនា ដែលប្រកបដោយសមត្ថភាព គុណធម៌ និងសុខភាព ប្រកាន់ខ្ជាប់ក្នុងសម្មាមគ្គទាំង៨ អរិយសច្ចៈ៤ មានសច្ចៈ មានខន្តី និង កតញ្ញូ សមជាពលរដ្ឋដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

សន្និសីទឈ្វេងយល់ពី «បុណ្យវិសាខបូជា» ទាំង៤រាជធានី-ខេត្តខាងលើនេះ បានទទួលការឧបត្ថម្ភគាំទ្រដោយក្រុមហ៊ុន អៀង គ្រុប រួមជាមួយក្រុមហ៊ុនសប្បុរស និងសប្បុរសជនដទៃទៀត ដើម្បីផ្តល់ចំណេះដឹងអប់រំបែបព្រះពុទ្ធសាសនា ដល់អ្នកចូលរួមឲ្យបានយល់កាន់ តែច្បាស់អំពីដំណើររឿងនៃការប្រសូត ការត្រាស់ដឹង និងចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ ដែលសុទ្ធតែបង្កប់នូវទស្សនវិជ្ជាអាចឲ្យអ្នកចូលរួមយកទៅអនុវត្តនៅក្នុងការរស់នៅប្រចាំថ្ងៃបានយ៉ាងប្រពៃ ក្នុងការចូលរួមជាមួយកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលអាណត្តិទី៥ ដែលមានសម្តេចតេជោជានាយករដ្ឋមន្ត្រី៕