(ភ្នំពេញ)៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៩ បានអនុញ្ញាតឱ្យលោក He Jianping ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន ជីប៊ីអាយ អិនធើណេសិនណល អិនវេសមិន ឯ.ក និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងកម្ពុជា និងចិនឱ្យកាន់តែល្អប្រសើរ និងមានភាពទូលំទូលាយថែមទៀត។

លោករដ្ឋមន្ត្រីបានជម្រាបជូនភ្ញៀវថា ចំណងមិត្តភាពយ៉ាងជិតស្និទ្ធរវាងកម្ពុជា និងចិនបាននាំមកនូវការអភិវឌ្ឍលើគ្រប់វិស័យ សម្រាប់ប្រទេសកម្ពុជា ដោយភាគីចិនបានដើរតួយ៉ាងសំខាន់ ក្នុងការជួយឧបត្ថម្ភគាំទ្រទាំង ការផ្តល់ហិរញ្ញប្បទាន និងបច្ចេកទេសមកដល់កម្ពុជា។ មួយវិញទៀត ពាក់ព័ន្ធនឹងវិស័យកសិកម្ម ភាគីចិនក៏បាននិងបន្តផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើរជាមួយភាគីកម្ពុជាផងដែរ ដោយភាគីចិនបានឯកភាពបង្កើនកូតានាំចូលអង្ករកម្ពុជា រហូតដល់៤០០ពាន់តោន និងថ្មីៗនេះបានអនុញ្ញាតឱ្យចេកអំបូងលឿងកម្ពុជា ធ្វើការនាំចេញឆ្ពោះត្រង់ទៅកាន់ទីផ្សារចិន ហើយសង្ឃឹមថាផលិតផលកសិកម្មមួយចំនួនទៀតដូចជាស្វាយ ផ្លែមៀន ម្រេច ផ្លែស្រកានាគ ផ្លែដូង និងទឹកមាត់ត្រចៀកកាំ ដែលភាគីទាំងពីរ កំពុងធ្វើការចរចាអំពីលក្ខខណ្ឌតម្រូវស្តីពីអនាម័យ និងភូតគាមអនាម័យ នឹងអាចធ្វើការនាំចេញក្នុងពេលឆាប់ៗខាងមុខនេះ។

លោករដ្ឋមន្ត្រីបន្ថែមថា ទន្ទឹមនឹងនេះ ចំនួននៃការវិនិយោគពីក្រុមហ៊ុនចិន មកលើវិស័យកសិកម្មនៅកម្ពុជា ក៏បាននិងកំពុងមានការកើនឡើងគួរឱ្យកត់សម្គាល់ផងដែរ ដូច្នេះលោកគាំទ្រ និងស្វាគមន៍ចំពោះបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនមកលើវិស័យនេះ ដោយត្រូវសំដៅលើការកែច្នៃ វេចខ្ចប់វត្ថុធាតុដើម ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។

លោក He Jianping បានថ្លែងអំណរគុណចំពោះពេលវេលា ដ៏មានតម្លៃរបស់លោករដ្ឋមន្ត្រីដើម្បីទទួលជួប និងពិភាក្សាការងារជាមួយរូបលោក និងសហការី។ ចំពោះជំនួបនាថ្ងៃនេះ គឺផ្តោតសំខាន់ទៅលើបំណង និងផែនការវិនិយោគរបស់ក្រុមហ៊ុនក្នុងការកែច្នៃ វេចខ្ចប់ ពិសេសការបំពេញខ្សែច្រវាក់ផលិតកម្មកសិកម្ម ពីចំណុចផ្តើម រហូតដល់ការនាំចេញតែម្តង ហើយអ្វីដែលសំខាន់នោះ ការធ្វើពាណិជ្ជកម្ម និងទីផ្សារកសិផល គឺតាមរយៈប្រព័ន្ធអ៊ីនធឺណេត ដែលអាចកាត់បន្ថយពេលវេលា ការចំណាយ និងបង្កើនភាពទូលំទូលាយជូនគ្រប់ភាគីពាក់ព័ន្ធ។

លោកប្រធានក៏បានបញ្ជាក់ផងដែរថា ដើម្បីឱ្យផែនការវិនិយោគរបស់ក្រុមហ៊ុនទទួលបានជោគជ័យ ក្រុមហ៊ុនបានរៀបចំដីជាង២ពាន់ហិកតា នៅខេត្តកំពង់ធំ សម្រាប់ធ្វើការដាំដុះ កែច្នៃ និងវេចខ្ចប់ផលិតផលកសិកម្ម ដូចជាអង្ករ ស្វាយ ស្វាយចន្ទីជាដើម ហើយគម្រោងនេះ ក៏ទទួលបានការសហការគាំទ្រពីក្រសួងកសិកម្ម និងកិច្ចការជនបទនៃសាធារណរដ្ឋប្រជាមានិតចិនផងដែរ។

លោកប្រធានបានអរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការជាមួយក្រុមហ៊ុន ដើម្បីរួមគ្នាអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឱ្យកាន់តែមានភាពរីកចម្រើន៕