(កណ្ដាល)៖ ​គណបក្សប្រជាជនកម្ពុជាស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានរៀបចំពិធីបើកយុទ្ធនាការឃោសនា បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប អនុប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានស្រុកខ្សាច់កណ្តាល តំណាងលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានគណៈអចិន្ត្រៃយ៍ គណៈពង្រឹងមូលដ្ឋានខេត្តកណ្តាល ដោយមានអ្នកចូលរួមចំនួន២៤៥រូប។

ថ្លែងក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានសម្តែងមនោសញ្ចេតនារីករាយ ចំពោះវត្តមានរបស់បងប្អូនសមាជិក សមាជិកា នៃគណបក្សប្រជាជនកម្ពុជាទាំងអស់ ពិសេសលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាឃុំ ដែលបានអញ្ជើញចូលរួមក្នុងពិធី បើកយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីសម្តែងឆន្ទៈគាំទ្រយ៉ាងក្លៀវក្លា និងត្រៀមគ្រប់លក្ខណៈចូលរួមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា នាថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០១៩។

លោក ហ៊ាន សាហ៊ីប បានសម្តែងការគោរពដឹងគុណ និងសេចក្តីស្រឡាញ់ដ៏ជ្រាលជ្រៅជូនសមាជិក សមាជិកាគណបក្ស ដែលតែងតែផ្តល់យុត្តិធម៌ និងជំនឿជឿជាក់ដ៏មុតមាំក្នុងការគាំទ្រគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស កំពុងដឹកនាំរាជរដ្ឋាភិបាល ក្នុងបេសកកម្មជាប្រវត្ដិសាស្រ្ដ ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន ប្រែក្លាយកម្ពុជាឱ្យទៅជាទឹកដីដ៏ពិសិដ្ឋ ប្រកបដោយសុខសន្ដិភាព និងវិបុលភាព។

លើសពីនេះកម្ពុជា បានក្លាយជាសង្គមប្រកបដោយភាពសុខដុមរមនា, រួបរួមសាមគ្គីគ្នាជាធ្លុងមួយ, គ្មានការកើតឡើងជាថ្មីនូវសង្រ្គាម, អំពើប្រល័យពូជសាសន៍ និងការបែកបាក់ផ្ទៃក្នុងជាតិ, មានការអភិវឌ្ឍដ៏រស់រវើក, មានជីវភាពកាន់តែប្រសើរឡើង ឆ្ពោះទៅកាន់ចក្ខុវិស័យ ប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ព្រមទាំងក្លាយជាអារ្យប្រទេសជឿនលឿនមួយក្នុងតំបន់ ជាមួយនឹងស្នាមញញឹម និងក្ដីសង្ឃឹមរបស់ប្រជាជន។

លោកបានបន្តថា ក្នុងរយៈពេល៤០ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន បានធ្វើឲ្យប្រជាជាតិ ទទួលបានសុខសន្តិភាពពេញលេញទូទាំងប្រទេស និងសម្រេចបានសមិទ្ធិផលធំៗជាច្រើន រួមមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសេដ្ឋកិច្ច និងសង្គម ដូចជា ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត អគ្គិសនី ទឹកស្អាត សាលារៀន និងមន្ទីរពេទ្យ ជាដើម។

ទន្ទឹមនេះ គណបក្សបានដឹកនាំការតស៊ូសង្គ្រោះជាតិឲ្យរស់ឡើងវិញពីរបបប្រល័យពូជសាសន៍ ដោយបាននាំមកវិញនូវសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ, ការលើកស្ទួយកិត្តិនាម និងកិត្យានុភាពជាតិឲ្យខ្ពស់ត្រដែត ពិសេសការសម្រេច បានកំណើនសេដ្ឋកិច្ចខ្ពស់ជាប់ៗគ្នា និងក្លាយជាប្រទេសមាន ចំណូលមធ្យមមានកម្រិតទាប។

ជាមួយនឹងសមិទ្ធិផលទាំងនេះ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នៅតែបន្តខិតខំប្រឹងប្រែងបន្ថែមទៀតដោយដាក់ចេញនូវ យុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ គឺការកសាងមូលដ្ឋានគ្រឹះសម្រាប់ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់។

លោក ហ៊ាន សាហ៊ីប បានជម្រាបជូនអង្គពិធីទាំងមូលថា សម្រាប់ឆ្នាំ២០១៨-២០២៣ ក៏ដូចជាបណ្តាឆ្នាំខាងមុខ ការអភិវឌ្ឍថ្នាក់ក្រោមជាតិ ពិសេសការអភិវឌ្ឍឃុំ-សង្កាត់ នៅតែជាគោលការណ៍ជាមូលដ្ឋាន របស់គណបក្សប្រជាជនកម្ពុជា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត ក្រុមប្រឹក្សាក្រុង-ស្រុក-ខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ដែលជាការបោះឆ្នោតអសកល និងមានក្រុមប្រឹក្សាឃុំសង្កាត់ ក្នុងតំណែងជាអង្គបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោត នៃស្រុកនីមួយៗ។

លោកបានស្នើដល់ក្រុមប្រឹក្សាឃុំសង្កាត់ក្នុងតំណែង ដែលជាអង្គបោះឆ្នោតត្រូវថែទាំ សុខភាព និងត្រូវថែរក្សាឯកសារ សម្រាប់បម្រើការបោះឆ្នោត ដូចជា អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬឯកសារបញ្ជាក់អត្តសញ្ញាណ ឬប័ណ្ណសម្គាល់សមាជិកក្រុមប្រឹក្សាឃុំឲ្យបានហ្មត់ចត់, ក្នុងករណីបាត់ ឬខូចត្រូវរាយការណ៍ ជូនថ្នាក់ដឹកនាំជាបន្ទាន់ ដើម្បីដោះស្រាយឲ្យបានទាន់ពេលវេលា។ ទន្ទឹមនេះ សមាជិកបក្ស និងសមាជិកក្រុមប្រឹក្សាឃុំរបស់គណបក្សប្រជាជនកម្ពុជា ត្រូវរក្សាសាមគ្គីភាពឲ្យបានរឹងមាំ ដើម្បីធ្វើឲ្យគណបក្សទទួលបានជោគជ័យក្នុងថ្ងៃបោះឆ្នោត ទី២៦ ខែឧសភា ឆ្នាំ២០១៩ខាងមុខនេះ៕