(ភ្នំពេញ)៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានដឹកនាំការបើកយុទ្ធនាការឃោសនាបោះឆ្នោតទ្រុងទ្រាយធំមួយរបស់គណបក្សប្រជាជនកម្ពុជា នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ។

សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ ប្រមាណ៣៥០០នាក់ បានចូលរួមក្នុងឱកាសបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី, ក្រុមប្រឹក្សាខណ្ឌអាណត្តិទី៣ នៅមជ្ឈមណ្ឌលសន្និបាត កោះពេជ្រនេះ

ប្រធានគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ លោក ប៉ា សុជាតិវង្ស បានលើកឡើងថា៖ កន្លងមក ក៏ដូចបច្ចុប្បន្ននិងទៅអនាគត យើងប្តេជ្ញាយ៉ាងមុតមាំថា បន្តគាំទ្រឥតងាករេនូវកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា និងគោលនយោបាយយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤របស់រាជរដ្ឋាភិបាលដែលកំពុងខិតខំពុះពារគ្រប់បែបយ៉ាងជាបន្តបន្ទាប់ដើម្បីបន្តថែរក្សា ការពារសន្តិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គមឲ្យកាន់តែរឹងមាំ និងការពាររាល់សមិទ្ធិផលសង្គមជាតិដែលប្រជាជនយើងសំរេចបាន។

នាឱកាសនោះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ បានថ្លែងក្នុងន័យណែនាំដល់សមាជិក សមាជិកាគណបក្សទាំងអស់ដែលចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះ ត្រូវប្រកាន់ខ្ជាប់នូវសេចក្តីថ្លៃថ្នូរ ក្នុងនាមជាគណបក្សកាន់អំណាចដែលមានភាពចាស់ទុំខាងនយោបាយ ទន់ភ្លន់តែម៉ឺងម៉ាត់ស្របតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស។ក្រុមការងារគណបក្សខណ្ឌ.សង្កាត់ និងបេក្ខជនផ្អែកលើផែនការសកម្មភាព និងប្រតិទិនការងារបោះឆ្នោតរបស់ខ្លួន ត្រូវធ្វើសកម្មភាពឃោសនាស្របតាមការកំណត់នៃច្បាប់ បទបញ្ជា និតិវិធី និងក្រមសិលធម៌នៃការឃោសនាបោះឆ្នោត។

គណបក្សនយោបាយនានា ដែលបានឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា បានចាប់ផ្តើមឃោសនាបោះឆ្នោត សម្រាប់ជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ តាមការរៀបចំរបស់គ.ជ.ប។

គ.ជ.ប បានបញ្ជាក់ថា សម្រាប់គណបក្សនយោបាយនីមួយៗ មានសិទ្ធិធ្វើសកម្មភាពឃោសនាកសំឡេងឆ្នោតរយៈពេល៨ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ ហើយការឃោសនាបោះឆ្នោតត្រូវធ្វើឡើងតាមមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗដែលគណបក្សនយោបាយ បានចុះបញ្ជីឈរឈ្មោះ គឺចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០:០០នាទីយប់។ ការបោះឆ្នោតនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ខាងមុខនេះ។

ការឃោសនាដោយរឧបករណ៍បំពងសំឡេង ត្រូវហាមឃាត់នៅចន្លោះពីម៉ោង១២៖០០ថ្ងៃត្រង់ ដល់ម៉ោង២៖០០រសៀល ហាមឃាត់នៅក្បែរមន្ទីរពេទ្យ និងហាមឃាត់នៅក្បែរសាលារៀន ឬគ្រឹះស្ថានសិក្សានានាក្នុងពេលម៉ោងសិស្សកំពុងសិក្សា។ គ្រប់សកម្មភាពឃោសនាបោះឆ្នោតត្រូវបញ្ចប់២៤ម៉ោងមុនថ្ងៃបោះឆ្នោត។ ចំពោះការរៀបចំក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទនៅក្នុងមណ្ឌលរាជធានី-ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នីមួយៗត្រូវកំណត់២ដង ក្នុងអំឡុងពេលឃោសនាបោះឆ្នោត។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាអាណត្តិទី៣ ឆ្នាំ២០១៩នេះ មានគណបក្សនយោបាយចំនួន៧ បានឈរឈ្មោះចូលរួមប្រកួតប្រជែងរួមមាន៖ គណបក្សប្រជាជនកម្ពុជា, គណបក្សហ៊្វុនស៊ិនប៉ិច, គណបក្សខ្មែររួបរួមជាតិ, គណបក្សសញ្ជាតិកម្ពុជា, គណបក្សខ្មែរសាធារណរដ្ឋ, គណបក្សឆន្ទៈខ្មែរ និងគណបក្សយុវជនកម្ពុជា៕