(កណ្តាល)៖ លោកស្រី កិត្តិសង្គហបណ្ឌិត ឃួន សុដារី សមាជិកាគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានគណៈអចិន្រ្តៃយ៍ក្រុមការងារថ្នាក់កណ្តាល ចុះជួយស្រុកលើកដែក ខេត្តកណ្តាល បានថ្លែងទៅកាន់អ្នកចូលរួមក្នុងពិធី ដែលក្នុងនោះមាន ក្រុមប្រឹក្សាស្រុក ឃុំ អង្គបោះឆ្នោត និងក្រុមការងារថ្នាក់កណ្តាលប្រមាណ១៧០នាក់ថា យើងជាសមាជិកគណបក្សប្រជាជនកម្ពុជាគ្រប់លំដាប់ថ្នាក់ ត្រូវរក្សាឱ្យបាននូវជោគជ័យ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានកន្លងមក និងបន្តឈានទៅភាពជោគជ័យក្នុងការបោះឆ្នោតឆ្នាំ២០២៣ និងពេលបន្តបន្ទាប់។

ការថ្លែងរបស់លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បែបនេះ បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយសមាជិក សមាជិកា ក្រុមប្រឹក្សាឃុំ-សង្កាត់ ទូទាំងស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃសុក្រ ១៤កើត ខែពិសាខ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១៧ ឧសភា ឆ្នាំ២០១៩ ជាមួយសមាជិកអង្គបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាស្រុក អាណត្តិទី ៣ និងក្រុមការងារថ្នាក់កណ្តាល ចូលរួមចំនួន ១៧០នាក់ ។

លោកស្រីកិត្តិសង្គហបណ្ឌិត បានជំរុញដល់អង្គបោះឆ្នោតថា ទោះនៅក្នុងកាលៈទេសៈណាក៏ដោយ ជាសមាជិកគណបក្សប្រជាជន ត្រូវហ៊ានលះបង់គ្រប់បែបយ៉ាងរក្សាគណបក្សឲ្យបានឋិតឋេរ ហើយបន្តធ្វើជាស្នូលដឹកនាំប្រទេសជាតិឈានឆ្ពោះទៅរកការកសាងសង្គមជាតិមួយដែលធានាបាននូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រីកិត្តិសង្គហបណ្ឌិត បានលើកឡើងបន្ថែមថា យើងទាំងអស់គ្នា ជាសមាជិកបក្សគ្រប់លំដាប់ថ្នាក់បានស្គាល់យ៉ាងច្បាស់នូវប្រវត្តិតស៊ូ លះបង់ ពុះពារគ្រប់ឧបសគ្គជាច្រើនអនេក ដោយក្នុងយុទ្ធជនកម្ពុជា ក៏ដូចជាមន្រ្តីគណបក្សប្រជាជនកម្ពុជាបានធ្វើពហីកម្មទាំងជីវិត ទាំងកម្លាំងកាយចិត្ត ក្នុងបុព្វហេតុជាតិមាតុភូមិទទួលបានសុខសន្តិភាព និងការអភិវឌ្ឍ។ ដូចនេះ មិនមានមួយពេលណាដែល គណបក្សប្រជាជនកម្ពុជា បោះបង់ឧត្តមគតិរបស់ខ្លួន ហើយបានរួមសុខរួមទុក្ខជាមួយពលរដ្ឋគ្រប់ពេលវេលាទោះក្នុងកាលៈទេសៈណាក៏ដោយ។

ជាមួយគ្នានេះផងដែរ លោកស្រីក៏បានទាញចំណាប់អារម្មណ៍អង្គពិធីដោយបានបញ្ជាក់ថា៖ កិត្យានុភាពរបស់កម្ពុជាសព្វថ្ងៃនេះ មិនត្រឹមតែទទួលស្គាល់ដោយសាធារណៈមតិជាតិប៉ុណ្ណោះទេ តែអន្តរជាតិក៏បានស្គាល់ប្រទេសកម្ពុជាថាជាប្រទេស ដែលមានការអភិវឌ្ឍ រីកចម្រើនគួរឲ្យចាប់អារម្មណ៍ផងដែរ។

យោងតាមបទពិសោធន៍ផ្ទាល់ខ្លួនរបស់លោកស្រី នៅក្នុងការចូលរួមកិច្ចប្រជុំនានាក្នុងឆាកអន្តរជាតិ ពីមុនកម្ពុជាត្រូវបានគេស្គាល់តាមរយៈរបបប្រល័យពូជសាសន៍ ប៉ុល ពត តែក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ១៩៧៩ មកទល់ពេលនេះ កម្ពុជាបានប្រែក្លាយមុខមាត់របស់ខ្លួន បង្ហាញឲ្យអន្តរជាតិទទួលស្គាល់នូវសន្ទុះនៃការអភិវឌ្ឍលើគ្រប់វិស័យ ដោយធានាបាននូវសុខសនិ្តភាព និងស្ថិរភាពសង្គមពេញលេញ ដែលទាំងនេះសុទ្ធសឹងជាកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

លោកស្រីបានលើកឡើងបន្ថែមផងដែរ ចំពោះសភាពការណ៍សកលលោកបច្ចុប្បន្នថា ពិភពលោកកំពុងជួបប្រទះនូវបញ្ហាស្មុគស្មាញ ដែលមានការវិវត្តប្រែប្រួលយ៉ាងឆាប់រហ័ស និងគ្មានលក្ខណៈប្រាកដប្រជា ជាហេតុធ្វើឲ្យប្រទេសផ្សេងៗត្រូវប្រឈមមុខ។ ជាពិសេសបណ្តាប្រទេសកំពុងអភិវឌ្ឍ ដែលកំពុងទទួលរងបញ្ហាប្រឈមជាច្រើនមានដូចជា បញ្ហាអាកាសធាតុ បញ្ហាភេវរកម្ម ឧក្រិដ្ឋកម្មឆ្លងដែន និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យាជាដើម។ លោកជំទាវក៏បានជំរុញឱ្យសមាជិកគ្រប់លំដាប់ថា្នក់ត្រូវបង្កើនការប្រុងប្រយ័ត្ន នូវឧបាយកលទាំងឡាយរបស់គណបក្សសង្គ្រោះជាតិ ដែលបានប្រកាសពីការវិលត្រលប់មកកម្ពុជារបស់ សម រង្ស៊ី ដែលនេះជាល្បិចញុះញ៉ង់ឲ្យមានអស្ថិរភាព ក្នុងសង្គមឈានទៅរកការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាស្របច្បាប់ តាមរយៈបដិវត្តពណ៌ ឧទាហរណ៍ដូចជាបញ្ហានៅមជ្ឈឹមបូព៌ា និងវេណេហ្សូអេឡាជាដើម។

ជាចុងក្រោយ លោកស្រីកិត្តិសង្គហបណ្ឌិត ឃួន សុដារី បានពាំនាំនូវការសាកសួរសុខទុក្ខជាថ្មីម្តងទៀត ក៏ដូចជាការថ្លែងអំណរគុណ ក៏ដូចជាការផ្ញើនូវសេចក្តីសង្ឃឹមជឿទុកចិត្តយ៉ាងមុតមាំបំផុត ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដល់មន្រ្តីមូលដ្ឋានបក្សគ្រប់ថ្នាក់ទាំងអស់ ក្នុងការចូលរួមជាបន្តបន្ទាប់ ក្នុងការសម្រេចភារកិច្ចរបស់គណបក្សប្រជាជនកម្ពុជា៕