(កំពង់ឆ្នាំង)៖ សមត្ថកិច្ចនគរបាល បានចុះបង្ក្រាបទីតាំងលួចលាក់លេងល្បែងជល់មាន់ នៅជាប់ព្រំប្រទល់ស្រុកឧត្តុង្គ ខេត្តកំពង់ស្ពឺ និងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដែលការចុះបង្ក្រាបនេះ បានធ្វើឡើងនៅវេលាម៉ោងប្រមាណ ២៖០០រសៀល ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ។

យោងតាមសមត្ថកិច្ច បានបញ្ជាក់ថា កម្លាំងនគរបាលស្រុកសាមគ្គីមានជ័យ បានសហការកម្លាំងនគរបាលមូលដ្ឋាន ក្រោមបញ្ជាពីលោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង នៅវេលាម៉ោងប្រមាណ៣៖០០ រសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ចុះបង្ក្រាបទីតាំងលួចលាក់លេងល្បែងជល់មាន់១កន្លែង នៅជាប់ព្រំប្រទល់ជាប់ស្រុកឧត្ដុង្គ ខេត្តកំពង់ស្ពឺ និងស្ថិតក្នុងភូមិសាស្ត្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបានរឹបអូសរបស់ក្រុងមាន់ចំនួន១៣ តង់ចំនួន១ កៅអីជ័រចំនួន១៥ និងសម្ភារផ្សេងៗមួយចំនួនទៀត។ ដោយឡែកក្រុមអ្នកលេងល្បែង នាំគ្នារត់បាតជើងសព្រាត ហើយវត្ថុតាងខាងលើ ត្រូវបានសមត្ថកិច្ចដុតកម្ទេចចោលនៅនឹងកន្លែង។

អ្វីដែលគួឲ្យកត់សម្គាល់នោះ ក្រុមអ្នកញៀនល្បែងនោះ ពួកគេបានផ្ញើម៉ូតូ និងរថយន្តនៅតាមផ្ទះរបស់ប្រជាពលរដ្ឋខាងទឹកដី នៃខេត្តកំពង់ស្ពឺ រួតដើរឆ្លងស្ពានទៅលេងនៅឯខាងទឹកដីខេត្តកំពង់ឆ្នាំង និងមានអ្នកចាំយាមផ្លូវ។ ខណៈសមត្ថកិច្ចទៅដល់ ពួកគេក៏ដឹងខ្លួនមុន និងរត់បាតជើងសព្រាតតែម្ដង៕