(ក្រចេះ)៖ លោក ពេជ្រ ប៊ុនធិន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្យប្រជាជនកម្ពុជា និងប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តក្រចះ បានដឹកនាំថ្នាក់ដឹកនាំក្នុងខេត្ត និងមន្ត្រីជាសមាជិករាប់ពាន់នាក់ ចូលរួមបើកយុទ្ធនាការឃោសនាបោះឆ្នោតក្រុមប្រឹក្សា ក្រុង/ស្រុក រាជធានី/ខេត្ត ថ្ងៃដំបូង នៃយុទ្ធនាការឃោសនា នៅព្រឹកថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ។

ក្នុងកម្មវិធីបើកយុទ្ធនាការឃោសនានេះដែរ លោក ពេជ្រ ប៊ុនធិន បានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរពីសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស សម្តេចក្រឡាហោម ស ខេង និងសម្ដេចវិបុលសេនាភក្ដី សាយ ឈុំ អនុប្រធានគណបក្ស ជូនមន្ត្រី សមាជិកសមាជិកាគណបក្សបក្ស រួមទាំងអង្គបោះឆ្នោតទាំងអស់។

លោកក៏សូមអំពាវនាវដល់អង្គបោះឆ្នោតទាំងអស់ បោះឆ្នោតជួនបេក្ខភាពក្រុមប្រឹក្សាស្រុក ក្រុង និងខេត្តអាណត្តិទី៣ របស់គណបក្សប្រជាជនកម្ពុជាឲ្យបានគ្រប់ៗគ្នា។ លោកបានកោតសរសើរ និងស្នើឲ្យក្រុមការងារចុះជួយគណបក្សមូលដ្ឋានទាំងអស់ ពោលគ្រប់ផ្នែក អាជ្ញាធរដែនដី សមត្ថកិច្ចគ្រប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ យោធា នគរបាល កងរាជអាវុធហត្ថ ប្រជាពលរដ្ឋដែល រក្សាបាននូវស្មារតីសាមគ្គីភាព ឯកភាពផ្ទៃក្នុង ចូលរួមថែរក្សាបាននូវសុខសន្តិភាព សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់បាននូវការប៉ុនប៉ងធ្វើបដិវត្តពណ៌ ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់ដឹកនាំសម្តេចតេជោ ហ៊ុន សែន ពីសំណាក់ពួកអគតិ-អមិត្ត និងបានចូលរួមធ្វើការងារមនុស្សធម៌ជួយប្រជាពលរដ្ឋដែលទទួលរងគ្រោះធម្មជាតិពិសេសខ្យល់កន្រ្តាក់ និងគ្រោះថ្នាក់នានា។

ថ្ងៃដំបូងនៃយុទ្ធនាការឃោសនានេះ គេសង្កេតឃើញមានតែគណបក្សប្រជាជនកម្ពុជា បានបើកដង្ហែឃោសនាទ្រង់ទ្រាយធំ មានមនុស្សរាប់ពាន់នាកចូលរួម ជាមួយមធ្យបាយ សម្ភារ ឧបករណ៍ជាច្រើន ដែលមកពីតាមបណ្ដាគ្រប់ស្រុកក្រុងទូទាំងខេត្ត មានមនុស្សរាប់ពាន់នាក់បានចូលរួមដង្ហែ៕