(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គបញ្ជាការរង និងជានាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ប្រាប់ទៅគណៈប្រតិភូមហាវិទ្យាល័យ បញ្ជាការសេនាធិការប្រទេស បង់ក្លាដែសថា វិស័យការពារជាតិកម្ពុជា មានការរីកចម្រើនជាលំដាប់ក្រោមការដឹកចង្អុលបង្ហាញ និងណែពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។

ការបញ្ជាក់បែបនេះរបស់នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានធ្វើឡើងនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ នៅឱកាសដែលនាយឧត្តមសេនីយ៍ បានអញ្ញាតឱ្យលោកឧត្ដមសេនីយ៍ទោ Md Eneayet Ulah មហាវិទ្យាល័យបញ្ជាការសេនាធិការ នៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស ដឹកនាំក្រុមការងារចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅអគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ។

នាយឧត្តមសេនីយ៍ បានថ្លែងថា ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យប្រទេសជាតិមាន សុខសន្តិភាព និងការ អភិវឌ្ឍន៍លើគ្រប់វិស័យ ក្នុងនោះ កងយោធពលខេមរភូមិន្ទក៏បានបំពេញតួនាទី របស់ខ្លួនបានយ៉ាងជោគជ័យ ជាពិសេសការងារការពារបូរណភាពទឹកដី ការពារសុខសន្តិភាពតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ការងារកសាងកងយោធពលខេមរភូមិន្ទ។

នាយឧត្ដមសេនីយ៍ បានបញ្ជាក់ជូនប្រតិភូថា កងយោធពលខេមរភូមិន្ទមានការបណ្ដុះបណ្ដាលគ្រប់ជាន់ថ្នាក់ គ្រប់ជំនាញដែលធ្វើឱ្យយោធិនគ្រប់រូប មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញភារកិច្ច ក្នុងការទំនាក់ទំនងប្រទេសទាំងពីរ កងទ័ពទាំងពីរ រដ្ឋាភិបាលប្រទេសទាំងពីរ ក៏ធ្លាប់បានផ្លាស់ប្ដូរទស្សនកិច្ចពីគ្នាទៅវិញទៅមកផងដែរ ជាហេតុធ្វើឱ្យការទំនាក់ទំនងកងទ័ពយើងទាំង ពីរក៏ត្រូវតែពង្រឹងការទំនាក់ទំនងផងដែរ។

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងប្រទេសនិងកងទ័ពទាំងពីរ ដើម្បីពង្រឹងទំនាក់ទំនងការទូត និងយោធាឱ្យកាន់តែប្រសើរឡើង ដែលកិច្ចការនេះរាដ្ឋាភិបាលនៃប្រទេសទាំងពីរបានធ្វើរួមគ្នាកន្លងមក។

ក្នុងជំនួបនេះ លោកឧត្ដមសេនីយ៍ទោ Md Eneayet Ulah បានថ្លែងអំណរគុណចំពោះនាយឧត្តមសេនីយ៍ ដែលឆ្លៀតពេលដ៏មមាញឹក អនុញាតិឱ្យ គណៈប្រតិភូសិក្ខាកាមនៃសារធារណរដ្ឋ ប្រជាមានិតបង់ក្លាដែស បានចូលជួបសំដែងការគួរសម្យ និងស្វែងយល់បទពិសោធន៍ នៃប្រទេសទាំងពីរ។

សូមជម្រាបថា កិច្ចសហប្រតិបត្តិការលើវិស័យយោធារវាងកម្ពុជា និងបង់ក្លាដែស បានបង្ហាញឱ្យឃើញ ក្នុងវិស័យសំខាន់ៗមួយចំនួនរួមមាន៖ ការដំណើរទស្សនកិច្ចរបស់គណៈប្រតិភូ នាយករដ្ឋមន្រ្តីបង់ក្លាដែស នៅកម្ពុជា នាពេលនោះ ក្នុងជំនួបពិភាក្សាការងារ គឺនាយករដ្ឋមន្រ្តីបង់ក្លាដែស បានលើកឡើងអំពីការទំនាក់ទំនងការទូត និងការពង្រឹង និងបង្កើនលើកិច្ចសហប្រតិបត្តិការ លើវិស័យយោធាឡើងវិញ។ ការពង្រឹងទំនាក់ទំនងការទូត ការផ្លាស់ប្តូរទស្សនកិច្ចទៅវិញ-ទៅមក របស់គណៈប្រតិភូយោធាជាន់ខ្ពស់ ការធ្វើលំហាត់រួមគ្នា ឋិតក្នុងកម្រិតយុទ្ធវិធីនៅក្នុងប្រទេសទាំងពីរ ការហ្វឹកហ្វឺនរក្សាសន្តិភាព អង្គការសហប្រជាជាតិដល់បុគ្គលិកយោធាកម្ពុជា និងការហ្វឹកហ្វឺនការកាត់បន្ថយហានិភ័យជាដើម។

ការហ្វឹកហ្វឺន និងសហប្រតិបត្តិការលើការងារបោសសម្អាតមីន ការគ្រប់គ្រងគ្រោះមហន្តរាយ លទ្ធភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក្នុងការត្រៀមរៀបចំ សម្រាប់គ្រោះមហន្តរាយ ធម្មជាតិ ជាពិសេសការស្តារនីតិសម្បទា និងការកសាងហេដ្ឋារចនាសម្ព័ន្ធឡើងវិញ ក្រោយពេលមានគ្រោះមហន្តរាយ។ ប្រឆាំងភេរវកម្ម គឺកងកម្លាំងពិសេសនៃកងទ័ពជើងគោកបង់ក្លាដែស ដែលអាចធ្វើការហ្វឹកហាត់ និងធ្វើលំហាត់រួមគ្នាជាមួយអង្គភាពជំនាញប្រឆាំងភេរវកម្មកម្ពុជា៕