(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមនថ្មី ព្រមទាំងលោក-លោកស្រី អភិបាលរងខណ្ឌ និងនាយករដ្ឋបាលខណ្ឌ បានជួបសំណេះសំណាលជាមួយ កម្លាំងនគរបាលខណ្ឌប្រមាណ ២០០នាក់ ដើម្បីបង្កើនភាពស្និតស្នាលជាមួយគ្នា រវាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ក្នុងការបំពេញការងាររក្សា សន្តិសុខសុវត្ថិភាពជូនប្រជាជនក្នុងមូលដ្ឋាន។

លោក ថេង សុថុល បានឲ្យដឹងថា ជានិច្ចកាលរវាងអាជ្ញាធរ និងកងកម្លាំងសមត្ថកិច្ច ត្រូវមានការទំនាក់ទំនងគ្នាជាប្រចាំក្នុងការបំពេញការងារ ហើយការចុះមកសំណេះសំណាលគ្នា និងសាកសួរសុខទុក្ខគ្នានៅពេលនេះ ឬថ្ងៃនេះ គឺដើម្បីឲ្យស្គាល់ចិត្តថ្លើមគ្នាផង និងជាការផ្សារភ្ជាប់ការងារអាជ្ញាធរ និងកងកម្លាំងនគរបាលឲ្យកាន់តែល្អប្រសើរលើការងារសន្តិសុខ និងការចុះរៀបចំសណ្តាប់ធ្នាប់។

ខណៈជួបសំណេះសំណាលជាមួយកម្លាំងនគរបាលខណ្ឌនេះ លោកបានជំរុញដល់លោកអធិការ យិន សាន ត្រូវតែបង្កើនការយកចិត្តទុកដាក់លើការងារសន្តិសុខក្នុងមូលដ្ឋានខ្លួនគ្រប់គ្រង និងការងារសណ្ដាប់ធ្នាប់ ពិសេសអ្នកលក់ដូរនៅលើចិញ្ចើមផ្លូវផងដែរ៕