(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាយ៉ាងម៉ឺងម៉ាត់ឲ្យអភិបាលខណ្ឌដូនពេញ លោក សុខ ពេញវុធ ដឹកនាំសមត្ថកិច្ចចុះបង្ក្រាបទីតាំង Game និងកន្លែងចាក់បាល់ខុសច្បាប់មួយកន្លែង នៅសង្កាត់ផ្សារថ្មី១ ដើម្បីចាត់វិធានការតាមផ្លូវច្បាប់ជាធរមាន។

ក្រោយទទួលបានបទបញ្ជានេះ លោក សុខ ពេញវុធ បានចាត់ឲ្យលោក ចាប ឌីណា នាយករដ្ឋបាលខណ្ឌដូនពេញ នៅរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ដឹកនាំកម្លាំងចុះបង្ក្រាប ទីតាំងផ្ទះលេខ៥E0 ផ្លូវ៥៣ កែងផ្លូវ១១៨ សង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ និងមួយទីតាំងទៀត ស្ថិតនៅផ្ទះលេខ៧១E0 ផ្លូវ១៣០ ភូមិ៤ សង្កាត់ផ្សារចាស់ ខណ្ឌដូនពេញ។

លោក ចាប ឌីណា បានប្រាប់អង្គភាព Fresh News ឲ្យដឹងថា ក្នុងប្រតិបត្តិការនេះ ពេលមកដល់ទីតាំងឃើញមានអ្នកប្រចាំការម្នាក់០២នាក់ ក្នុងនោះស្ត្រីម្នាក់ ដោយទី១៖ឈ្មោះ សុខ ឡេង ភេទស្រី អាយុ៣០ឆ្នាំ សព្វថ្ងៃស្នាក់នៅសង្កាត់ស្ទឹងមាជ័យ និងទី២៖ឈ្មោះ ជា ផានិត អាយុ២៨ឆ្នាំ សព្វថ្ងៃស្នាក់នៅ សង្កាត់ស្ទឹងមសនជ័យ។

បើតាមនាយករដ្ឋបាលរូបនេះ ក្នុងនោះសមត្ថកិច្ចដកហូតបាន ទូហ្គេមបាញ់ត្រីចំនួន០៣ទូ, កៅអីចំនួន១០, កង្ហារធំចំនួន០១ ដើម្បីយកមករក្សាទុកនៅសាលាខណ្ឌដូនពេញ។ បច្ចុប្បន្នមនុស្សទាំងពីរនាក់ ត្រូវបានបញ្ជូនទៅសួរនាំ ដើម្បីឈានទៅចាត់ការបន្ដតាមនីតិវិធី៕