(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពទូទៅថ្ងៃទី១ នៃយុទ្ធនាការឃោសនាបោះឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៣ ឆ្នាំ២០១៩ ដោយអះអាងថា ការឃោសនាបោះឆ្នោតក្រុមប្រឹក្សាថ្ងៃដំបូង នេះ បានដំណើរការទៅដោយរលូន គ្មានការប៉ះទង្គិចគ្នាអ្វីឡើយ។

តាមរបាយការណ៍ពីគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) គណបក្សដែលបានចុះបញ្ជីគណបក្សនយោបានឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះ បានធ្វើសកម្មភាពឃោសនាបោះឆ្នោតតាមកម្មវិធីរៀងៗខ្លួនដូចជា ជួបជុំសកម្មជន បេក្ខជន បា្ររព្ធពិធីប្រកាសបើកយុទ្ធនាការឃោសនាតាមទីស្នាក់ការបក្សខេត្ត ក្រុង ស្រុក ខណ្ឌ ហែក្បួនឃោសនាទៅតាមបណ្តារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ចាក់មេក្រូផ្សព្វផ្សាយគោលនយោបាយ ប្រជុំឃោសនា តាមទីស្នាក់ការបក្ស ចែកខិត្តប័ណ្ណជាដើម។

តាមរបាយការណ៍ គធ.ខប ស្ថានភាពសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ បានប្រព្រឹត្តិទៅដោយរលូន ស្ងប់ស្ងាត់ក្រោមការសម្របសម្រួល និងការការពារពីគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ តួយ៉ាងដូចជាព្រឹកមិញនេះ នៅរាជធានីភ្នំពេញ មានគណបក្សនយោបាយបីបានធ្វើសកម្មភាពឃោសនាបោះឆ្នោត គឺគណបក្សប្រជាជនកម្ពុជា គណបក្សសញ្ជាតិកម្ពុជា និងគណបក្សឆន្ទៈខ្មែរ ដោយក្នុងនោះ គណបក្សសញ្ជាតិកម្ពុជា បានធ្វើសកម្មភាពហែក្បួនឃោសនាចេញពីទីស្នាក់ការកណ្តាលបញ្ចប់នៅស្ពានព្រែកតាមាក់ ដោយមានអ្នកចូលរួម៥០នាក់ រថយន្ត០៤គ្រឿង។

គណបក្សប្រជាជនកម្ពុជា បានធ្វើសកម្មភាពប្រជុំនៅមជ្ឈមណ្ឌលកោះពេជ្រ ហើយបានរំសាយទៅតាមគោលដៅ ទាំង១៤ខណ្ឌ ដោយមានអ្នកចូលរួម ៣,៥០០នាក់។ រីឯគណបក្សឆន្ទៈខ្មែរ បានធ្វើសកម្មភាពចាក់មេក្រូចល័ត និងចែកខិត្តប័ណ្ណ នៅខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ។ គណបក្សទាំងនេះ បានបញ្ចប់សកម្មភាពឃោសនារបស់ខ្លួនប្រកបដោយសុវត្ថិភាព។

ក្រៅពីការធ្វើសកម្មភាពឃោសនានៅតាមដងផ្លូវសាធារណៈ នៅថ្ងៃនេះដែរប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋរួមមាន៖ ទូរទស្សន៍ជាតិកម្ពុជា វិទ្យុ AM 918 KHz វិទ្យុ FM 96 MHz និងវិទ្យុវត្តភ្នំ FM 105.70 MHz កំពុងចាក់ផ្សាយកម្មវិធីអំពីគោលនយោបាយរបស់គណបក្សដែលចូលរួមប្រកួតប្រជែង ដែលកម្មវិធីនេះរៀបចំឡើងដោយ គ.ជ.ប ។

ជារួមបរិយាកាសសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ នាឱកាសឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយនៅថ្ងៃទី១ នេះ ត្រូវបានធានា ហើយការឃោសនាបានប្រព្រឹត្តទៅដោយរលូនគ្មានអំពើហិង្សានៅក្របខណ្ឌទូទាំងប្រទេស៕