(រតនគិរី)៖ ប្រជាពលរដ្ឋនៅខេត្តរតនគិរី បានបង្ហាញការសង្ស័យលើស្ថានីយប្រេងមួយចំនួនលក់ប្រេងមិនគ្រប់លីត្រ ដោយបានស្នើអាជ្ញាធរមានសមត្ថកិច្ចចុះត្រួតពិនិត្យលើករណីនេះ ខណៈនាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩នេះ ក្រុមជំនាញនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត បានត្រួតពិនិត្យឃើញស្ថានីយលក់ប្រេងឥន្ធនៈ ៣កន្លែង លក់ប្រេងឱ្យអតិថិជនមិនគ្រប់លីត្រ។

ស្ថានីយទាំង៣ទីតាំង ដែលលក់ប្រេងមិនស្របទៅតាមច្បាប់នោះ រួមមាន៖ ស្ថានីយបងចន អូរជុំ ស្ថានីយ ឃុន ឌី និងស្ថានីយ៍ ថៃ ធីតា។

លោក ញឹម វណ្ណារុន ប្រធានការិយាល័យស្តង់ដា និងមាត្រាសាស្រ្តនៃមន្ទីរឧហ្សាហកម្មខេត្តរតនគិរី បានឲ្យដឹងថា ដើម្បីធានាផលប្រយោជន៍ដល់អ្នកប្រើប្រាស់ (អ្នកទិញប្រេងពីស្ថានីយ) និងអ្នកផ្គត់ផ្គង់ (ម្ចាស់ស្ថានីយប្រេង) មន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្ត នឹងចុះត្រួតពិនិត្យផ្ទៀងផ្ទាត់នៅតាមស្ថានីយទាំងអស់ ដើម្បីឲ្យប្រាកដថាគ្រប់ស្ថានីយប្រេងឥន្ធនៈបានប្រើប្រាស់កុងទ័រចែកចាយប្រេងឥន្ធនៈមានកម្រិតត្រឹមត្រូវ ដែលមានន័យថា ម្ចាស់ ឬតំណាងម្ចាស់ស្ថានីយលក់ប្រេងគ្រប់ចំនួនលីត្រជូនអតិថិជនរបស់ខ្លួន ស្របតាមកម្រិតលំអៀងដែលច្បាប់បានអនុញ្ញាត។

ជាលទ្ធផលនៃការត្រួតពិនិត្យនេះ រកឃើញថាស្ថានីយទាំង៣ខាងលើ មានភាពមិនត្រឹមត្រូវស្របតាមកម្រិតលំអៀងដែលច្បាប់បានអនុញ្ញាត ដូច្នេះក្រុមការងារមន្រ្តីត្រួតពិនិត្យការងារមាត្រាសាស្រ្តបានផាកពិន័យអន្តរការណ៍ជាប្រាក់ចំពោះ ស្ថានីយប្រេងបងចនអូរជុំ ស្រមតាមមាត្រា៤៦ ដែលធ្វើសេចក្តីបញ្ជាក់ខ្លែងបន្លំមិនពិតអំពីបរិមាណរង្វាស់រង្វាល់ ស្របតាមច្បាប់មាត្រាសាស្ត្រកម្ពុជា។

ដោយឡែក ចំពោះស្ថានីយប្រេងថៃធីតា និងស្ថានីយប្រេងឃុនឌី ក្រុមការងារបានចេញសេចក្តីណែនាំឲ្យកែតម្រូវឡើងវិញ ហើយក្រុមការងារនឹងចុះត្រួតពិនិត្យនៅខែមិថុនាម្ដងទៀត។

ជាមួយគ្នានោះដែរ អតិថិជនជាច្រើនសំណូមពរឲ្យមន្ត្រីជំនាញ នៃមន្ទីរឧស្សាហកម្ម និងសិប្បកម្ម ចុះត្រួតពិនិត្យស្ថានីយប្រេងជាច្រើនកន្លែងទៀតនៅខេត្តរតនគិរី ដែលពួកគាត់សង្ស័យថា មានរង្វាស់រង្វាល់មិនគ្រប់លីត្រ ពោលគឺប្រៀបដូចជាធ្វើស្រែលើខ្នងពួកគាត់យ៉ាងអ៊ីហ្ចឹង៕