(ភ្នំពេញ)៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល នឹងដឹកនាំគណៈប្រតិភូអញ្ជើញទៅចូលរួមសន្និបាតសុខាភិបាលពិភពលោក លើកទី៧២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

បើតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល ដែលអង្គភាព Fresh News ទទួលបាននៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះ បានបញ្ជាក់ថា សន្និបាតសុខាភិបាលពិភពលោក លើកទី៧២ គឺជាកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការសុខភាពពិភពលោក ដែលមានប្រទេសជាសមាជិកជាង១៩០ប្រទេស ចូលរួមដែលក្នុងនោះកម្ពុជា ជាសមាជិក និងចូលរួមពិនិត្យវឌ្ឍនភាពនៃការធ្វើឲ្យប្រសើរឡើងស្ថានភាពសុខភាពប្រជាជននៅលើពិភពលោក ក៏ដូចជាប្រចាំតំបន់ និងប្រទេសជាសមាជិកទាំងអស់។

លើសពីនេះ អង្គសន្និបាតនឹងពិនិត្យ និងពិភាក្សានូវកត្តាប្រឈមនានា និងកំណត់យុទ្ធសាស្ត្រថ្មីៗ ធានាជំរុញលើកកម្ពស់សុខភាពរបស់ប្រជាជន នៅលើពិភពលោកទាំងមូល ជាពិសេសដើម្បីឈានទៅសម្រេចឲ្យបានការគ្របដណ្តប់សុខភាពជាសាកល ដោយមិនត្រូវទុកអ្នកណាម្នាក់
ចោលដោយមិនបានទទួលសេវាថែទាំសុខភាព។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងសុខាភិបាល នឹងអញ្ជើញថ្លែងបទអន្តរាគមន៍ពាក់ព័ន្ធនឹងប្រធានបទសម្រាប់ ឆ្នាំ២០១៩ គឺ «ការគ្របដណ្តប់សុខភាពជាសាកល» ដែលនឹងផ្តោតលើវឌ្ឍនភាពវិស័យសុខាភិបាលនៅកម្ពុជា ដូចជាការសម្រេចបានគោលដៅអភិវឌ្ឍសហស្សវត្សមុនកាលបរិច្ឆេទកំណត់ ជាពិសេសគោលដៅទី៤ ទី៥ និងទី៦ ព្រមទាំងក្របខណ្ឌគោលនយោបាយគាំពារសង្គម ផែនការយុទ្ធសាស្រ្ត សកម្មភាពជាអាទិភាព ដើម្បីឈានទៅសម្រេចឲ្យបានការគ្របដណ្តប់ សុខភាពជាសាកល៕