(ភ្នំពេញ)៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានបញ្ជាក់ពីវិធានការដ៏ម៉ឺងម៉ាត់ នៃការបង្ក្រាបល្បែងស៊ីសងគ្រប់ប្រភេទនៅរាជធានីភ្នំពេញ ដែលកំពុងកើតមានឡើង និងកំពុងលេងភ្នាល់គ្នាយ៉ាងគគិកគគ្រេង។

ផែនការបង្ក្រាបល្បែងស៊ីសងទាំងនេះ អភិបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរបស់ខ្លួននៅពេលខាងមុខដ៏ខ្លីនេះផងដែរ។

លោក ឃួង ស្រេង បានថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩នេះថា លោកបានដាក់ផែនការឲ្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបល្បែងនៅរាជធានីភ្នំពេញ។

លោកបញ្ជាក់ថា «ខ្ញុំបានដាក់ផែនការនេះ ឲ្យស្នងការរាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវ ហើយឈានទៅដល់ការបង្ក្រាបតែម្ដង ពីព្រោះវាដូចជាគគិកគគ្រេងពេក ហើយខ្ញុំនឹងបើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាពលើរឿងនេះផងដែរ»

ជាក់ស្ដែង កាលពីម្សិលមិញ លោកអភិបាលបានបញ្ជាឲ្យអាជ្ញាធរខណ្ឌដូនពេញ ចុះបង្ក្រាបទីតាំងលួចបើកហ្គេម និងចាក់បាល់មួយកន្លែង គ្មានស្លាកយីហោ នៅសង្កាត់ផ្សារថ្មី១ ខណ្ឌដូនពេញ ដោយឃាត់ខ្លួនអ្នកប្រចាំការប្រុសស្រី២នាក់ ព្រមទាំងវត្ថុតាងមួយចំនួនទៀត៕